ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ បន្ទាប់ពី​បានរៀបចំ​កិច្ចសន្ទនា សិទ្ធិមនុស្ស​អាស៊ាន ដោយ​ជោគជ័យ ក្នុង​ឆ្នាំ​២០១៣ ឆ្នាំ​២០១៤ និង​ឆ្នាំ​២០២១ មក គណៈកម្មការ​អន្តររដ្ឋាភិបាល​អាស៊ាន ទទួលបន្ទុក​សិទ្ធិមនុស្ស (​អាយ​ឆា​) បានរៀបចំ​កិច្ចសន្ទនា មួយទៀត នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ខេត្តសៀមរាប ព្រះរាជាណាចក្រ​កម្ពុជា ដោយ​សហការ​ជាមួយ ក្រសួងការបរទេស ឥណ្ឌូណេស៊ី​។​

​ការរៀបចំ​កិច្ចសន្ទនា​សិទ្ធិមនុស្ស​អាស៊ាន ឆ្នាំនេះ គឺ​ស្រប​នឹង​ការ​ប្រារព្ធ​កម្មវិធី អបអរសាទរ​ខួប ១០​ឆ្នាំ នៃ​សេចក្តីប្រកាស​សិទ្ធិមនុស្ស​អាស៊ាន (AHRD) និង​សេចក្តីថ្លែងការណ៍​ភ្នំពេញ ស្ដីពី​ការអនុម័ត សេចក្តីប្រកាស​សិទ្ធិមនុស្ស​អាស៊ាន ដែល​បានអនុម័ត នៅ​ឆ្នាំ​២០១២ ។​

​កិច្ចសន្ទនា​នេះ មានការ​ចូលរួម​ពី រដ្ឋ​សមាជិក​អាស៊ាន​ទាំង​ដប់ និង​ស្ថាប័ន​ជាតិ​សិទ្ធិមនុស្ស​មួយ ចំនួន ក្នុង​តំបន់​អាស៊ាន ក្នុង​គោលបំណង​ផ្តល់​ជា​វេទិកា​ថ្នាក់​តំបន់​មួយ ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ ទស្សនៈ ក្នុងចំណោម​ប្រទេស សមាជិក​អាស៊ាន និង​ចែករំលែក​នូវ​ឧ​ត្ត​មា​នុ​វត្ត​ន៍ និង បទពិសោធន៍ ក្នុងការ​លើកកម្ពស់ និង​ការពារ​សិទ្ធិមនុស្ស នៅក្នុង​ប្រទេស​សមាជិក​នីមួយៗ​។​

​នៅក្នុង​សុន្ទរកថា​របស់លោក Sidharto Reza Suryodipuro អគ្គនាយក​នៃ អគ្គនាយកដ្ឋាន កិច្ចសហប្រតិបត្តិការ​អាស៊ាន និង​ជា​ប្រធាន នៃ​កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​អាស៊ាន នៃ​ក្រសួងការបរទេស សាធារណរដ្ឋ​ឥណ្ឌូណេស៊ី បាន​សង្កត់ធ្ងន់ថាៈ សិទ្ធិមនុស្ស និង​សេរីភាព ជា​មូលដ្ឋាន កាន់​តែមាន​សារៈសំខាន់ ជាង​ពេលមុន ក្នុងការ​ដោះស្រាយ​បញ្ហា នាពេល​បច្ចុប្បន្ន ដែល​តំបន់​អាស៊ាន កំពុង​ប្រឈម ដូចជា ភាពលំបាក​ផ្នែក​សេដ្ឋកិច្ច ដែលជា​លទ្ធផល នៃ​ជំងឺ​រាតត្បាត វិបត្តិ​ស្បៀងអាហារ និង​ថាមពល និង​ការផ្លាស់ប្តូរ​ទិដ្ឋភាព​នយោបាយ​ក្នុងស្រុក និង​ក្នុង​តំបន់​។​

​សង្កត់ធ្ងន់​លើ​សារៈសំខាន់ នៃ​កិច្ចសហប្រតិបត្តិការ និង​កិច្ចសន្ទនា ដោយស្មោះ​ត្រង់ តំណាង​រង កម្ពុជា និង​ជា​ប្រធាន​អាយ​ឆា លោក ជិន ម៉ា​លីន បាន​មានប្រសាសន៍ថាៈ អោយ​ឆា អាច​កសាង​ទំនុក ចិត្ត​ទៅវិញទៅមក និង​ចែករំលែក​បទពិសោធន៍ ក្នុង​ដំណើរ​ឆ្ពោះទៅមុខ​នៃ​ការលើកកម្ពស់ និង​ការការពារ​សិទ្ធិមនុស្ស នៅក្នុង​អាស៊ាន​។​

​ប្រធានបទ​មួយចំនួន នៃ​សិទ្ធិមនុស្ស ដែល​បាន​ពិភាក្សា ក្នុង​កិច្ចសន្ទនា រួមមាន សេរីភាព​ខាង សាសនា និង​ជំនឿ សេរីភាព​សារព័ត៌មាន និង​ការបញ្ចេញមតិ សិទ្ធិ​ពលករ ចំណាកស្រុក សិទ្ធិ​ស្ត្រី រួមទាំង ការចូលរួម​របស់​ស្ត្រី នៅក្នុង​នយោបាយ និង​ការព្យាបាល អ្នកទោស​ស្ត្រី ការការពារ​ពលកម្ម​ដោយ​បង្ខំ សិទ្ធិ​កុមារ ការជួញដូរ​មនុស្ស (TIPs) សិទ្ធិ​ជន​មាន​ពិការភាព គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព (SDGs) ធុរកិច្ច​និង​សិទ្ធិមនុស្ស វិធានការ ក្នុងការ​ដោះស្រាយ​កូ​វីដ​-១៩ ការលុបបំបាត់​ភាពក្រីក្រ ទោស​ប្រហារជីវិត ការអប់រំ​សិទ្ធិមនុស្ស សិទ្ធិ​ទទួលបាន​យុត្តិធម៌ និង​បម្រែបម្រួល​អាកាសធាតុ​។​

​គណៈប្រតិភូ ក៏បាន​ពិភាក្សា អំពី​វឌ្ឍនភាព នៃ​ការផ្តល់​សច្ចាប័ន​របស់ ប្រទេស​ជា​សមាជិក អាស៊ាន លើ​អនុសញ្ញា​សិទ្ធិមនុស្ស​អន្តរជាតិ កិច្ចសហប្រតិបត្តិការ​ជាមួយ អង្គការ​សហ​ប្រជា ជាតិ និង​យុទ្ធ​សា​ស្ត ក្នុងការ​អនុវត្ត​អនុសាសន៍ នៃ​យន្តការ​ពិនិត្យ ជាស​កល តាម​កាលកំណត់​(UPR) ។​

​តំណាង​អាយ​ឆា បានបញ្ជាក់​ជាថ្មី នូវ​ការប្តេជ្ញាចិត្ត​របស់ខ្លួន ក្នុងការ​លើកកម្ពស់ និង​ការពារ​សិទ្ធិ មនុស្ស និង​សេរី​ភាពជា​មូលដ្ឋាន តំណាងអោយ​ឆា ក៏បាន​កត់សម្គាល់ ចំពោះ​សំណើ ក្នុង​ការបន្ត​កិច្ចសន្ទនា​នេះ នាពេល​អនាគត ។​

​កិច្ចសន្ទនា​ស្តីពី​សិទ្ធិមនុស្ស​អាស៊ាន ឆ្នាំ​២០២២ ត្រូវបាន​សហការ​ដឹក​នាំ​ដោយ អាយ​ឆា​-​ឥណ្ឌូ ណេ​ស៊ី និង អាយ​ឆា​-​កម្ពុជា ដោយបាន​រៀបចំឡើង ក្នុង​ទម្រង់​ដោយផ្ទាល់ និង​អន​ឡាញ​៕/V​