​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ ទោះបី​ថ្ងៃទី​២១ វិច្ឆិកា ទើប​ជា​ថ្ងៃ​សម្ពោធ​ពិធី​បើក​ការ​ប្រ​កួត​កីឡា​ជាតិ ជា​ផ្លូវការ ក្រោម​វត្តមាន សម្ដេច​អគ្គ​មហា​សេប​តី​តេ​ជោ ហ៊ុន សែន ក៏ដោយ ក៏​កីឡា​ចំនួន ១៥ ប្រភេទ បានចាប់ផ្ដើម​ប្រកួត​ហើយ កាលពី​ថ្ងៃទី​១៩ វិច្ឆិកា ម្សិលមិញ​នេះ ។ ការប្រកួត ធ្វើ​នៅតាម​ទីលាន ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា បានកំណត់ ដូចជា ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ស្តា​ត​ចាស់ និង​ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេ​ជោ ។​

​ការប្រកួត​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២២ រួមមាន ៣៨ ប្រភេទ​កីឡា និង​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក ចំនួន ៧ ប្រភេទ​កីឡា​។ ការប្រកួត​តាម​ប្រភេទ​កីឡា និង​វិញ្ញាសា នឹងធ្វើ​ឡើង​នៅ រាជធានី​ភ្នំពេញ​, ខេត្ត​កែប​, ខេត្តកំពត​, ខេត្ត​ព្រះសីហនុ និង​ខេត្តសៀមរាប ។​

​ការប្រកួត​កីឡា​ជាតិ​លើក​ទី​៣ នេះ ចាប់ផ្តើម​ប្រភេទ​កីឡា ចំនួន ១៥ រួមមាន កីឡាហែលទឹក កីឡាបាល់បោះ កីឡាបាល់ទាត់ កីឡាបាល់ទះ កីឡា​ចំបាប់ កីឡា​តេ​ក្វាន់​ដូ ITF (Innternational Taekwondo Federation) កីឡា​វាយ​កូន​បាល់ កីឡា​វ៉ូ​វី​ណា​ម កីឡា​យូ​ដូ កីឡា​សីដក់ កីឡា​អុកចត្រង្គ កីឡា​ហុក​គី កីឡា​ឃី​ក​បុក​ស៊ី​ង កីឡា​ជី​ជី​តស៊ូ និង​កីឡា​វាយ​កូន​ហ្គោល​។ ចំពោះ​ការប្រកួត​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក រួមមាន ប្រភេទ​កីឡា ចំនួន ៧ ប្រភេទ​កីឡា គឺ​អត្តពលកម្ម​, ហែល​ទឹក​, បាល់បោះ​, បាល់ទះ​, វាយ​សី​, វាយ​កូនឃ្លី​លើ​តុ​, បូ​ស្យា និង​មាន​វិញ្ញាសា ៨០​។​

​ពិធី​បើក​ការប្រកួត នឹង​ប្រព្រឹត្តទៅ នា​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២២ វេលា​ម៉ោង ៦ ល្ងាច និង​ពិធី​បិទ នា​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២២ វេលា​ម៉ោង ៦ ល្ងាច នៅ​ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេ​ជោ​។ ពិធី​បើក និង​ពិធី​បិទ មានការ​ចូលរួម​ពី​ភ្ញៀវកិត្តិយស ជាតិ​-​អន្តរជាតិ ប្រតិភូ​កីឡា និង​កម្លាំង​មហាជន ដែលមាន​ការចាត់តាំង (​មាន​ប័ណ្ណ​ចូលរួម​) ប្រមាណ ៤៣.០០០ នាក់ ៕/V​