​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ គ្រឿងក្នុង​មាន់ ប្រមាណ​ជា ៥ តោន ត្រូវបាន​ប៉ូលិស​សេដ្ឋកិច្ច ខេត្តកំពង់ឆ្នាំង បង្ក្រាបបាន នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុងស្រុក​រលាប្អៀរ នៅវេលា​ម៉ោង ៦ ល្ងាច ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២២ នេះ ហើយ​បន្ទាប់មក ក៏បាន​ធ្វើ​កំណត់ហេតុ ប្រគល់ឱ្យ ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ឆ្នាំង ។​

​យោងតាម​ការបញ្ជាក់​ពី​លោក ក្រឹ​ង សំអាត ប្រធាន​កា​រិ​យា​ល​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ឆ្នាំង រួម​នឹង​លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តកំពង់ឆ្នាំង បានបញ្ជាក់​ឱ្យដឹង នៅ​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២២ នេះ​ថាៈ រថយន្ត​សាំ​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2.M 30.47 ដឹកជញ្ជូន​គ្រឿងក្នុង​មាន់ (​កោះមាន់​) ដោយ​គ្មាន​លិខិតអនុញ្ញាត ត្រូវបាន​សមត្ថកិច្ច​ប​ង្ក្រា​ប​បាន នៅពេល​ឆ្លងកាត់​ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ហើយ​បាន​ពិនិត្យឃើញ​មាន​កេស សរុប​ទាំង អស់​ចំនួន ៣៤៥ កេស ទម្ងន់​ស្មើនឹង​ប្រមាណ​ជា ៥ តោន​។​

​លោក អ៊ិត សុធា បាន​ប្រាប់​ឲ្យ​ដឹង នៅ​ព្រឹក​ថ្ងៃទី​២០ វិច្ឆិកា នេះដែរ​ថាៈ វត្ថុតាង​កោះមាន់ ដែល​ត្រូវ​សមត្ថកិច្ច ឃាត់​បាន​ខាងលើនេះ និង​ត្រូវបង្កើត​គណៈកម្មការ​ចម្រុះ ចុះ​ដុត​កម្ទេចចោល នៅ​ថ្ងៃស្អែក នេះហើយ​។​

​បច្ចុប្បន្ន រថយន្ត​ដែលជា​វត្ថុតាង​ដឹកជញ្ជូន កោះមាន់ ត្រូវបាន​សមត្ថកិច្ច នាំយកមក​រក្សាទុក នៅ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ឆ្នាំង​៕/V​