ដោយ​៖ ដេប៉ូ / មណ្ឌលគិរី​៖ នៅ​ល្ងាច​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២២ កូន​សត្វ​ខ្លាឃ្មុំ​តូច មួយ​ក្បាល ដែល​ជួយសង្គ្រោះ ដោយ​ប្រជាពលរដ្ឋ នៅក្នុង​ខេត្តមណ្ឌលគិរី ត្រូវបាន​មន្ត្រី នៃ​មន្ទីរ​បរិស្ថាន ខេត្តមណ្ឌលគិរី បញ្ជូន​មកកាន់​រាជធានី​ភ្នំពេញ ដើម្បី​ប្រគល់ជូន​ដល់ មន្ត្រី​សង្គ្រោះ​សត្វព្រៃ (WRRT team) ដើម្បី​ថែទាំ​ចិញ្ចឹម​បន្ត នៅ​មជ្ឈមណ្ឌល​សង្គ្រោះ សត្វព្រៃ នៃ​ឧទ្យាន​សួនសត្វ ព្រៃ​ការពារ និង​សួនសត្វ​ភូតគាម ភ្នំ​តា​ម៉ៅ​។​

​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​ក្រសួងបរិស្ថាន បានឱ្យដឹងថាៈ កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២២ មន្ត្រី​ឧ​ទ្យា​នុ​រក្ស ប្រចាំ​ស្នាក់ការ មេ​ម៉​ង និង​ស្នាក់ការ​ខ្ទង់​អ​ន្ទ្រ​ង នៃ​ដែនជម្រកសត្វព្រៃ ភ្នំ​ព្រេច បានទទួល​កូន​សត្វ​ខ្លាឃ្មុំ​តូច ចំនួន ១ ក្បាល មាន​ទម្ងន់ ៧ គីឡូក្រាម ពី​ប្រជា​សហគមន៍ តំបន់ការពារធម្មជាតិ រស់នៅក្នុង​ស្រុក​កែវ​សីមា ដែល​រូបលោក បាន​ចូល​ក្នុងព្រៃ តាម​ឃ្វាល សត្វ​ក្របី ហើយ​បាន​ប្រទះឃើញ កូន​សត្វ​ខ្លាឃ្មុំ ស្រែកយំ មិនឃើញ​មេ​រប​ស់វា ដោយ​រូបលោក ខ្លាច​កូន​ខ្លាឃ្មុំ ងាប់ លោក​ក៏បាន​ចាប់​យកមក​ភូមិ ដើម្បី​ប្រគល់​ឲ្យ​មន្ត្រី​ជំនាញ​ថែរក្សា​។​

​ជាមួយគ្នានេះ ក្រសួងបរិស្ថាន បាន​ថ្លែងអំណរគុណ ចំពោះ​ប្រជា​សហគមន៍ ដែលមាន​ការ យល់ដឹង​ខ្ពស់ ពី​សារៈសំខាន់ នៃ​ការថែរក្សា អភិរក្ស​សត្វព្រៃ និង​បាន​ចូលរួម​ក្នុងការ​សង្គ្រោះ កូន​សត្វ​ខ្លាឃ្មុំ​តូច​នេះ មិន​ឱ្យមាន​គ្រោះថ្នាក់​។​

​មន្ត្រី​នៃ​ក្រសួងបរិស្ថាន បាន​សម្តែង​នូវ​ការកោតសរសើរ ចំពោះ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស នៃ​មន្ទីរ​បរិស្ថាន ខេត្តមណ្ឌលគិរី ដែល​បាន​យកចិត្តទុកដាក់​ខ្ពស់ លើ​កិច្ច ការអភិរក្ស​សត្វព្រៃ និង​បាន​ដឹក​នាំយក កូន​សត្វ​ខ្លាឃ្មុំ​តូច​នេះ មក​ថែរក្សា​អភិរក្ស នៅ​មជ្ឈមណ្ឌល​សង្គ្រោះ សត្វព្រៃ ប្រកបដោយ សុវត្ថិភាព​។ ជាមួយគ្នានេះ ក្រសួងបរិស្ថាន ក៏​សូម​ថ្លែងអំណរគុណ ចំពោះ​អង្គការ WCS ដែល​បាន​គាំទ្រ​លើ​បច្ចេកទេស ក្នុង​ការដឹក​កូន​សត្វ​ខ្លាឃ្មុំ មកកាន់​ទីតាំង​អភិរក្ស​៕/V​