ដោយ​៖ បញ្ញា​សាស្ត្រ / ភ្នំពេញ​៖ តារា​កំប្លែង ខាត់ ចំរើន ត្រូវជា​ប្អូនបង្កើត​របស់​អ្នកនាង ខាត់ សុ​ឃីម បាន​លាចាក​លោក​ហើយ នា​ព្រឹក​ថ្ងៃទី​២០ វិច្ឆិកា ឆ្នាំ​២០២២ ។​

​ការប្រកាស​ដំណឹង​នេះ បង្កដោយ​អារម្មណ៍​សោកស្តាយ មិន​ថា​សិល្បករ ឬ មហាជន​នោះទេ ដោយសារតែ​គ្រប់គ្នា យល់ថា ខាត់ ចំរើន ដែលជា​សិល្បៈ​មួយ​ដួង គឺជា​បុគ្គល​ឆ្នើម ក្នុង​ពិភព​សិល្បៈ ដូចជា​កំប្លែង ការសម្តែង​ភាពយន្ត ពិសេស​ការ​ច្រៀង ជា​ចម្រៀង​អា​យ៉ៃ គឺ​ល្អ ហើយក៍​ពិបាក​នឹង​រក​។ នេះ​ជា​មរណភាព​មួយ ដែល​រន្ធត់​តក់ស្លុត​បំផុត ក្នុង​ត្រកូល​ខាត់ ដែល​កាលពី​ជិត ២ ឆ្នាំមុន ឪពុក លីវ ខាត់ ក៍​អស់​សង្ខារ​។​

 

​ចំពោះ​អារម្មណ៍ ខាត់ សុ​ឃីម នាង​បាន​សច្ចា​មុខ​សព​ប្អូនប្រុស​ថា កុំឱ្យ​បារម្ភ បងស្រី និង​ជួយ​កូន​ទាំង​២ របស់​ប្អូនប្រុស ឱ្យបាន​រៀនសូត្រ ចប់​ចុង​ចប់​ដើម​។​

​សារ​របស់​តារា ពហុ​ជំនាញ ខាត់ សុ​ឃីម បានលើកឡើង​ថាៈ «​សូម​ប្អូន​ទៅកាន់​ឋាន​សុខ ជាតិ​ក្រោយ សូមឱ្យ​អាយុ​វែង ទៅ​ចុះ កុំ​គិតពី​ប្រពន្ធ​កូន បងប្អូន មើលថែ​ហើយ បង​ជួយ​ឱ្យ កូនៗ​របស់​ឯង រៀនសូត្រ​ចប់​ចុង​ចប់​ដើម ពុក​អើយ​អា​ចំរើន វា​ទៅ​មើលថែ​ពុក​ហើយ »​។ សំណេរ​មួយ​នេះ បានធ្វើឱ្យ​អ្នកតាមដាន មាន​ភាព​សង្វេគ ហើយក៍​អរគុណ​ដល់​ទឹកចិត្ត បងស្រី ខាត់ សុ​ឃីម នៅតែ​ជា​រៀមច្បង មិន​ចោល​កូនក្មួយ​ហើយ ចូលរួម​បន្ត​មា​គា ជា​អ្នកមើល​ខុសត្រូវ កូនក្មួយ ដើម្បីឱ្យ​អ្នក​ទៅកាន់​លោក ខាងមុខ​ស្ងប់ចិត្ត​»​។​

​ពិតណាស់ ពេល​កំពុង​ដឹងខ្លួន​ឈឺ​ធ្ងន់ អ្វីដែល ខាត់ ចំរើន ហាក់​ដឹង​មុន​ថា ជំងឺ​ខ្លួន​ទៅមុខ​ហើយ ។ ភ្លាមៗ លោក​ធ្លាប់​បង្ហោះ​សារ ចង់​បីបាច់​កូន ឱ្យបាន​យូរ​គ្នា​នៅ​តូច ត្រូវមាន​ការទទួល ខុសត្រូវ​។ លុះដល់​ពេល​ផុត អាយុសង្ខារ អ្នកនាង ខាត់ សុ​ឃីម បាន​ក្រសោប​ចំណុច​នេះ​ភ្លាម ដើម្បីឱ្យ​ដួងព្រលឹង​សព​ស្ងប់ចិត្ត​។​

​តារា​ល្បីៗ​មួយចំនួន បាន​បង្ហោះ​សារ ចូលរួម​រំលែក​ទុក្ខ ដូចជា ប៉ែន ចំ​រ៉ុង ពោលថា «​ទទួលយក​មិនបាន​ទេ បង​អើយ ស្រស់ៗ​ពេក​ហើយ ។ ហេតុ​អី បង​ទៅ​ចោល​ពួកយើង លឿន​ម៉េ​ស​។ ប្អូន និង​គ្រួសារ សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ នេះ​ផង​ណា សូម​វិញ្ញាណ​ក្ខ​ន្ត បងប្រុស ទៅកាន់​សុគតិភព​ផង​ចុះ​»​។​

​កញ្ញា ឌួង ហ្សូ​រី​ដា បាន​បង្ហោះ​ពាក្យពេចន៍​ថាៈ «​ប្អូន​សូម​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​គ្រួសារ​បងស្រី ខាត់ សុ​ឃីម ដែល​បងប្រុស ខាត់ ចំ​រេ​ី​ន ដែល​បានទទួល​មរណភាព នៅ​ព្រឹក​ថ្ងៃទី ២០ វិច្ឆិកា ២០២២ ទៀបភ្លឺ​នេះ ដោយសារ​ជំងឺ​ក្រិន​ថ្លេ​ី​ម ។ សូម​លោក ទៅកាន់​ទីកន្លែង​ស្ងប់​សុខ លែង​ឈឺ​ទៀតហើយ​។ »

​លោក ដួង សុខ​គា បាន​និយាយថាៈ «​ចំរើន ប្អូន​ទៅ​ចោល​ពួកយើង​ហើយ​! ឃើញ​មក​កាត់សក់ បាន​វិញ ខំ​តែ​ជួយ​អរ​! ហុ​ឺ មានតែ​ពាក្យ​សោកស្តាយ​»​។​

​សព​លោក ខាត់ ចំរើន​ត្រូវជា​ប្អូនប្រុស​ប​ង្កេ​ី​ត តារាចម្រៀង ខាត់ សុ​ឃឹម និង​សមាជិក​នៃ​កម្ម​ពិធី ទ្រព្យ​លោក​ពុក បានទទួល​មរណភាព នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២២ វេលា​ម៉ោង ៥:00 ព្រឹក ។ ពិធីបុណ្យ​ប្រារព្ធ​ធ្វើ នៅ​គេហដ្ឋាន​នៃ​សព ក្នុង​បុរី​ពន្លឺ​ថ្មី ភូមិ​ត្រពាំង​ព្រាយ ភ្នំ​បាសិត​៕/V​