ដោយៈ ឫទ្ធិ​ស័ក្តិ / ភ្នំពេញៈ តុលាការ មិនទាន់មាន​ចំណាត់ការ  ​លើ​ស្ត្រី​អ្នកជំនួញ​ហាយ​សូរ​ម្នាក់ ឈ្មោះ ពេជ្រ ស្រីមុំ ដែល​ល្បី​ខាង​ឆបោក មនុស្ស​ជាច្រើន​នាក់ អស់​ទឹកប្រាក់​រាប់លាន​ដុល្លារ នៅ​ឡើយ​ទេ ដោយ​តំណាង​អយ្យការ កំពុង​អនុវត្ត​នីតិវិធី ក្នុងការ​ស្តាប់​ច​ម្លើយ ។

​លោក ប្លង់ សុផល អ្នកនាំពាក្យ​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានបញ្ជាក់​ប្រាប់ រស្មី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា​នេះ​ថាៈ ” តំណាង​អយ្យការ​កំពុង​អនុវត្ត​នីតិវិធី ក្នុងការ​ស្តាប់​ច​ម្លើយ មិនទាន់មាន​ចំណាត់ការ​ចុងក្រោយ​ទេ​”​។

​សូមជម្រាបថា ស្ត្រី​អ្នកជំនួញ​ហាយ​សូរ​ម្នាក់ ឈ្មោះ ពេជ្រ ស្រីមុំ ដែល​ល្បី​ខាង​ឆបោក​មនុស្ស ជាច្រើន​នាក់ អស់​ទឹកប្រាក់​រាប់លាន​ដុល្លារ ត្រូវបាន​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​រាជធានី ភ្នំពេញ ចុះ​ឃាត់ខ្លួន កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ចំណុច​ផ្ទះ​លេខ​៤​ដេ ផ្លូវ​ដាវី​ន បុរី វរជន ក្នុង​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ តាម​ដីកា​បញ្ជា​ឱ្យ ចូលខ្លួន របស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា​នៃ​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ លេខ ៤៨០ អ​.​យ​.​ក ចុះ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២២ ពាក់ព័ន្ធ​ករណី​មិន​បំពេញ​កាតព្វកិច្ច ចំពោះ​ឧបករណ៍ ដែល​អាច​ជូន​ដូរ​បាន ដែល​ការឃាត់ខ្លួន​នេះ មានការ​ដឹកនាំ​អនុវត្ត និង​សម្របសម្រួល ដោយ​លោក​ព្រះរាជអាជ្ញារង គឹម ហុង​សាន ។ នេះ​បើតាម​ការបញ្ជាក់​របស់ មន្ត្រី​អាវុធហត្ថ​រាជធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២២​។​

​មន្ត្រី​អាវុធហត្ថ​ដដែល បាន​បន្តថា ក្រៅពីនេះ ស្ត្រី​ខាងលើ នៅមាន​ជាប់​ពាក់ព័ន្ធ​បណ្តឹង ជាច្រើន​ទៀត ដែល​បាន​ប្តឹង​ចូល​ទាំង អាវុធហត្ថ នគរបាល និង​តុលាការ ថែម​ទៀតផង​៕/V​