ដោយ​៖ ដេប៉ូ / កោះកុង​៖ បន្ទាប់ពី​ចុះ​ដល់ទី​កន្លែង​ដោយផ្ទាល់ នៃ​ទីតាំង​ផូស៊ីល​ដាយ​ណូ​ស័​រ ក្រុមមន្ត្រី​ជំនាញ បានបង្ហាញ​ក្តី​មោទនភាព ពី​ការដែល​ប្រទេស​កម្ពុជា បាន​រកឃើញ​សត្វ​សម័យ ដ៏​យូរលង់​មួយ​ប្រភេទ​នេះ ដែល​ស​ង្ឈឹ​ម​ថា នឹង​ផ្តល់​ផលប្រយោជន៍​ជាច្រើន ដល់​ពលរដ្ឋ​កម្ពុជា ក្នុងនេះ មាន​ទាំង​ការសិក្សា​ស្រាវជ្រាវ និង​ពិសេស អាច​ទាញ​រក​ចំណូល​ទៅលើ វិស័យ​ទេសចរណ៍​ទៀតផង​។​

​គួរ​បញ្ជាក់ថា ក្រុម​អ្នកជំនាញ​ចម្រុះ ក្នុងនេះ មាន​មកពី​បរទេស មន្ត្រី​ជំនាញ​មកពី​ក្រសួងបរិស្ថាន មន្ត្រី​ជំនាញ​មកពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​មន្ត្រី​ពាក់ព័ន្ធ ជាច្រើន​ទៀត បាន​ចុះមក​សិក្សា ដោយផ្ទាល់ ពី​ផូស៊ីល​ឆ្អឺ​ង​ដាយ​ណូ​ស័​រ ដែលជា​សត្វ​បាន​បាត់បង់​ពូជ រាប់លាន​ឆ្នាំ​មកហើយ នៅក្នុង​កោះ​ប៉ោ ជាប់​ដែនជម្រកសត្វព្រៃ​តា​តៃ ឃុំ​បាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង កាលពី​អំឡុង​ឆ្នាំ ២០១៩​។​

​ទាក់ទិន​ក្នុង​រឿងនេះ លោក លឹម វណ្ណ​ច័ន្ទ ប្រធានការិយាល័យ បេតិកភណ្ឌ​វប្បធម៌ នៃ​នាយកដ្ឋាន បេតិកភណ្ឌ​ធម្មជាតិ អគ្គនាយកដ្ឋាន សហគមន៍​មូលដ្ឋាន ក្រសួងបរិស្ថាន បានឱ្យដឹង​នៅ​ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ​២០២២ បានឱ្យដឹងថាៈ ផូស៊ីល​ឆ្អឹង​សត្វ ដាយ​ណូ​ស័​រ មួយ​នេះ បាន​កប់​ជាប់​ក្នុង​ថ្មភក់ ហើយ​វា​មាន​ប្រវែង ៧០ ស​.​ម និង​ទទឹង ២០ ស​.​ម ។ តាមរយៈ​ផែនទី​ភូគព្ភសាស្ត្រ តំបន់​ដែល​បាន​ប្រទះឃើញ ផូស៊ីល​ឆ្អឹង​សត្វ​នេះ មាន​អាយុកាល ក្នុង​ស័ក​ទី​២ (៦៥ លាន – ១៩០ លាន ឆ្នាំមុន​) មានន័យថា វា​អាចមាន​ទំនាក់ទំនង នឹង​សត្វ​ដែល​រស់នៅ​ក្នុងពេល ដាយ​ណូ​ស័​រ នៅមាន​ជីវិត​នៅ​កម្ពុជា​។​

​លោក​បាន​ប្រាប់ថាៈ​  តាមរយៈ​ការចុះ​មក ស្រាវជ្រាវ​នេះ អ្នកជំនាញ បានធ្វើការ​សម្រេចចិត្ត រួមគ្នា​មួយ​ថា នឹងធ្វើ​ការ​កាត់​ផូស៊ីល ឆ្អឹង​សត្វ​ដាយ​ណូ​ស័​រ​នេះ ដើម្បី​រក្សាទុក​នៅ​ក្រសួងបរិស្ថាន មុននឹង​នាំយកទៅ​ធ្វើការ​រក្សាទុក នៅក្នុង​សារមន្ទីរ នៅ​ថ្ងៃ​ខាងមុខ​។​

​ទាក់ទិន​ក្នុង​រឿងនេះ លោក អេ​រិ​ក ប៊ី​ហ្វ​ហ្វេ​តូ (Eric Buffetaut) អ្នកជំនាញការ​ស្រាវជ្រាវ ទៅលើ​ផូស៊ីល សត្វ​ដាយ​ណូ​ស័​រ មកពី​ប្រទេស​បារាំង បានឱ្យដឹងថាៈ តាមរយៈ​ការពិនិត្យ ជាក់ស្តែង វា​ជា​ឆ្អឺ​ង​សត្វ​ដាយ​ណូ​ស័​រ ហើយ​វា​ក៏​ជា​លើកដំបូង​នៅ​កម្ពុជា ដែល​រកឃើញ​ឆ្អឺ​ង​សត្វ​ដ៏​កម្រ​នេះ ក្នុងចំណោម​ប្រទេស​ដទៃទៀត​លើ​ពិភពលោក ពិសេស​ប្រទេស​ថៃ នៅជាប់​កម្ពុជា ក៏​គេ​បាន​រកឃើញ កាលពីមុន​មកនេះ​ដែរ​។​

​អ្នកជំនាញ​ជនជាតិ​បារាំង​រូបនេះ បានឱ្យដឹងថាៈ ការរកឃើញ​នេះ វា​បានបង្ហាញ​ពី​ភាព​អស្ចារ្យ មួយ ហើយ​វា​ក៏​ជា​ផ្នែក​មួយ ជួយ​ដល់​ការសិក្សា​ស្រាវជ្រាវ និង​វា​ក៏​ជា​ការជួយ​លើកស្ទួយ ដល់​វិស័យ​ទេសចរណ៍ មួយ​ដែរ សម្រាប់​កម្ពុជា​។​

​លោក ហ៊ុន ម៉ា​រ៉ា​ឌី ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង បានបញ្ជាក់​ប្រាប់ ឱ្យដឹងថាៈ ដើមឡើយ ផូស៊ីល​ឆ្អឺ​ង​សត្វ​ដាយ​ណូ​ស័​រ​នេះ ពុំទាន់​មាន​នរណា​ដឹងថា វា​ជា​ឆ្អឹង​សត្វ​អ្វី​ពិតប្រាកដ​ឡើយ ប៉ុន្តែ​តាមរយៈ​ការថត​រូបភាព ផ្ញើ​ទៅ​អ្នកជំនាញ និង​ឆ្លងតាម​ការពិនិត្យ របស់​អ្នកជំនាញ ពី​បរទេស​មក ទើប​ចុង​ក្រោយនេះ គេ​ដឹងថា វា​ជាស​ត្វ​ដាយ​ណូ​ស័​រ ដែលមាន​អាយុកាល រាប់សិប​ម៉ឺន​ឆ្នាំ មកហើយ​។​

​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង បានបញ្ជាក់​បន្ថែមថាៈ ” នេះ​ជា​ករណី​លើក​ទី​១ ហើយ នៅ​កម្ពុជា ក៏ដូចជា ខេត្តកោះកុង ដែល​បាន​រកឃើញ ផូស៊ីល​ឆ្អឺ​ង​សត្វ​ដាយ​ណូ​ស័​រ​។ ខ្ញុំ​សុំឱ្យ​ពលរដ្ឋ​កម្ពុជា ជួយ​គាំទ្រ ទៅដល់​ការខិតខំ​ប្រឹងប្រែង របស់​ក្រសួងបរិស្ថាន ពិសេស ឯកឧត្តម​រដ្ឋមន្ត្រី ដែល​តែង​យកចិត្តទុកដាក់ ទៅលើ​ការសិក្សា​ស្រាវជ្រាវ ក៏ដូចជា ប្រមូល​នូវ បំណែក​នានា ដែលជា​ផូស៊ីល ដើម្បី​រក្សាទុក​នៅ​សារមន្ទីរ សម្រាប់​ជា​ប្រយោជន៍ យ៉ាង​មហាសាល ដល់​មនុស្ស​ជំនាន់​ក្រោយ​ទៀត​”​។​

​គួររំលឹកថា លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន កាលពី​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២២ បាន​បង្ហោះ​រូបភាព ផូស៊ីល​ឆ្អឹង​សត្វ​ដាយ​ណូ​ស័​រ មួយ​សន្លឹក ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក ផ្លូវការ ដោយ បានបញ្ជាក់​ថាៈ ” ផូស៊ីល​ឆ្អឹង​ដាយ​ណូ​ស័​រ​ដំបូង ដែល​រកឃើញ​នៅ​ស្រុក​ខ្មែរ ”៕/V​