​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ប្រជាជន​នេ​ប៉ាល់នៅ​ថ្ងៃអាទិត្យ​ទី​២០​វិច្ឆិកា​បាន​នាំគ្នា​ចេញ​ទៅ​ធ្វើ​ការបោះឆ្នោត​សកល​មួយ​ជាមួយនឹង​ការ​សម្លឹង​ទៅរក​ការផ្លាស់ប្តូរ​គំហ៊ុក​មួយ ឬ​រដ្ឋាភិបាល​មួយ​ដែល​​អាចធ្វើអោយ​សេដ្ឋកិច្ច​មាន​សកម្មភាព​ឡើងវិញ​។​

​ការបោះឆ្នោត​នេះ​នឹងដាក់​សម្ពន្ធភាព​កាន់អំណាច​របស់​គណបក្ស​សមាជ​នេ​ប៉ាល់​(Nepali Congress)​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី សឺ បា​ហា​ឌួរ ដេ​អ៊ូបា​( Sher Bahadur Deuba)​រួមជាមួយ​អតីត​​ពួក​ឧទ្ទាម​ម៉ៅ​និយម​ខ្លះ ប្រឈម​នឹង​គណបក្ស​កុំម្មុយនីស្ត​ម៉ាក្ស​ឡេ​នី​ន​នេ​ប៉ាល់​រួបរួម​(UML)​។​

​មិន​មាន​ការស្ទង់មតិ​មុន​ការបោះឆ្នោត​ទេ តែ​អ្នកវិភាគ​នយោបាយ​រំពឹង​ថា​សម្ពន្ធភាព​កំពុង​ដឹកនាំ​រដ្ឋាភិបាល​នឹង​បន្ត​ស្ថិតនៅក្នុង​អំណាច​។​

​ការបោះឆ្នោត​នឹង​បញ្ចប់​នៅ​ម៉ោង​៥​ល្ងាច តែ​វា​ចំណាយ​ពេល​ដល់​ទៅ​ពីរ​សប្តាហ៍​ទម្រាំ​ការប្រកាស​លទ្ធផល​ចុងក្រោយ​ត្រូវធ្វើឡើង​។​

​ប្រជាជន​ប្រហែល​១៨​លាន​នាក់​មាន​សិទ្ធិ​បោះឆ្នោត​សំរាប់​សភាជាតិ​២៧៥​អសនៈ និង​សភា​ខេត្ត​៥៥០​អស​នៈ​តាមរយៈ​ការបោះ​ឆ្នោតក្រោម​ប្រព័ន្ធ​ចំរុះ​មួយ​។​

​ក្នុង​សារ​វីដេអូ​មួយ លោក​ដេ​អ៊ូ​បា បាន​និយាយថា «ការបោះឆ្នោត​នឹង​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ដែល​កំពុង​ចាប់កំណើត​របស់យើង។ចូរ​យើង​អបអរ​លទ្ធិប្រជាធិបតេយ្យ​ជាមួយនឹង​ការចូលរួម​បោះឆ្នោត​នៅថ្ងៃនេះ»​។​

សូមបញ្ជាក់ថា ​ក្នុងអំឡុងពេល​ឃោសនាបោះឆ្នោត បណ្តា​គណបក្សនយោបាយ​បាន​សន្យា​បញ្ចុះ​ថ្លៃទំនិញ បង្កើត​ការងារ​ធ្វើនិង​ជំរុញ​សេដ្ឋកិច្ច នៅពេល​គណៈកម្មាធិការ​រៀបចំ​ការបោះ​បាន​អំពាវនាវ​អោយ​អ្នកបោះឆ្នោត​​គូស​សន្លឹកឆ្នោត​​សម្ងាត់​របស់​គេដោយ​គ្មាន​ការភ័យខ្លាច​។​

​ពួក​អ្នកវិភាគ​បាន​និយាយថា រដ្ឋាភិបាល​ថ្មី​មួយ​នឹង​ប្រឈម​ឧបសគ្គ​ក្នុងការ​ធ្វើ​អោយ​សេដ្ឋកិច្ច​សកម្ម​ឡើងវិញ​និង​ទប់​ការឡើង​ថ្លៃទំនិញ​៕

​ប្រជាជន​ឈរ​រង់ចាំ​បោះឆ្នោត​នៅ​ទីក្រុង​ក​ដ្ឋ​មណ្ឌូ កាលពី​ថ្ងៃ​២០​វិច្ឆិកា