ដោយ​៖ ភ្នំ​សន្ទុក / កំពង់ធំ​៖ ខ្មុល ជា​សត្វ​មួយ​ប្រភេទ ដែល​កំពុងតែ​ពេញនិយម ពី​សំណាក់ អ្នកនេសាទ រស់នៅក្នុង​ខេត្តកំពង់ធំ ដោយ​ពួកគេ បាននាំគ្នា​ទិញយក​ទៅធ្វើ​នុយ​ដាក់​សន្ទូច ដើម្បី​យក​ត្រី​ប្រភេទ​ល្អៗ ដូចជា ត្រី​ខ្មាន់ ត្រី​ច្រកែង ត្រី​ឆ្ពិន ។​ល​។ ក៏ប៉ុន្តែ ផ្ទុយទៅវិញ អ្នកលក់ សត្វ​ខ្មុល បាន​ត្អូញត្អែរថាៈ សត្វ​ខ្មុល ឆ្នាំនេះ មានតម្លៃ​ថោក​ជាង​ឆ្នាំមុនៗ ត្រឹមតែ ១៥.០០០ រៀល ក្នុង​១​គីឡូក្រាម​ប៉ុណ្ណោះ ឆ្នាំមុន​តម្លៃ​ចន្លោះ​ពី ២ ម៉ឺន​រៀល រហូតដល់ ៣ ម៉ឺន​រៀល ឯណោះ​។​

​សត្វ​ខ្មុល មាន​រូបរាង​ពណ៌​សម្បុរ លឿង​ត្នោត និង​មាន​ទំហំ​ខ្លួន ប្រវែង ៣-៤ សង់ទីម៉ែត្រ នៅ​ផ្នែក​ក្បាល​វា មាន​ប្រមោយ​មួយគូ ប្រមោយ​នេះ មាន​តួនាទី ចាប់​រលកសញ្ញា​របស់​សត្រូវ​វា និង​សត្វ​ជា​អាហារ ហើយ​ផ្តល់​ពត៌មាន​យ៉ាង​ជាក់លាក់​ទៅឱ្យ​វា​។ ជើង​មុខ​មាន​សណ្ឋាន​រឹង បង្កើតឡើង​សម្រាប់​ការជីក កកាយ​ដី ស្លាប​មុខ​មាន​តួរ​នាទី​ការពារ ដល់​ស្លាប​ធំ ដែលមាន​មុខងារ សម្រាប់​ហោះហើរ ។​

​លោក ស៊ុន វិ​ច្ឆ័​យ អាយុ ៤២ ឆ្នាំ រស់់នៅ​ភូមិ​៧​មករា ឃុំ​តាំងក្រសាំង ស្រុក​តាំងក្រសាំង បាន​ប្រាប់​ឲ្យ​ដឹងថាៈ លោក​បាន​ប្រមូល​ទិញ​ខ្មុល​នេះ មកពី​អ្នកភូមិ ក្នុងស្រុក​ប្រាសាទ​បល្ល័ង្ក ស្រុក​ប្រាសាទ​សំបូរ ស្រុក​តាំងគោក និង​តាម​ស្រុក​មួយចំនួនទៀត ដោយ​ទទួល​ទិញ​ខ្មុល​រស់ ក្នុង​១​គីឡូក្រាម តម្លៃ ១៣.០០០ រៀល លក់​ចេញ​វិញ បាន​តម្លៃ ១៥.០០០ រៀល ។ ចំណែក​ខ្មុល​ងាប់​វិញ ទទួល​ទិញ​ក្នុង ១​គីឡូក្រាម ត្រឹមតែ ១.៥០០ រៀល​ប៉ុណ្ណោះ លក់​ចេញ ១​គីឡូក្រាម បានត្រឹមតែ ២.០០០ ទៅ ៣.០០០ រៀល​ប៉ុណ្ណោះ ។

​លោក​បាន​បន្តទៀតថាៈ នៅ​ឆ្នាំមុនៗ លោក​បាន​ប្រមូល​ទិញ​ខ្មុល​រស់ តម្លៃ ២ ម៉ឺន​រៀល​ហើយ​លក់​ចេញ បាន​តម្លៃ ៣ ម៉ឺន​រៀល ក្នុង ១​គីឡូក្រាម ។ ប៉ុន្តែ​នៅ​ឆ្នាំនេះ ខ្មុល​រស់ តម្លៃថោក​ជាង​ឆ្នាំមុនៗ ។​

​លោកស្រី ឈុន គ​ន្ធា អាយុ ៣០ ឆ្នាំ ដែលជា​អាជីវ​ករលក់​ខ្មុល​រស់ បាន​ឲ្យ​ដឹងថាៈ រយៈពេល​ប៉ុន្មាន​ថ្ងៃ ចុងក្រោយ​នេះ ការលក់​សត្វ​ខ្មុល​រស់ និង​ខ្មុល​ងាប់ មានការ​ថយចុះ ហើយក៏​មានការ​ខាត​ផងដែរ​។

​គាត់​បាន​លើកឡើងថាៈ ការលក់​សត្វ​ខ្មុល​រស់ ក៏មាន​ការ​ប្រឈម​ការខូចខាត​ផងដែរ នៅពេលដែល​យើង​លក់​មិន​អស់ ឬ​ការ​ទុកដាក់​មិនល្អ ខ្មុល​រស់​ទាំងអស់នោះ អាច​នឹង​ងាប់ នៅពេលដែល​ខ្មុល​ងាប់ យើង​មិនអាច​លក់​ចេញ​បានទេ គឺមាន​តែ​យក​ឲ្យ​ត្រី មាន់ ទា​ស៊ី​វិញ ។ ព្រោះ​ខ្មុល​រស់​នេះ មាន​អាយុ​ខ្លី​ណាស់ រយៈពេល​ត្រឹមតែ ២៤ ម៉ោង វា​នឹង​ងាប់​បន្ត​គ្នា រហូត​ទាល់តែ​អស់ ។​

​ដោយឡែក ប្រជា​នេសាទ បាន​ឲ្យ​ដឹង​ស្រដៀងៗ​គ្នា​ថាៈ ការ​មក​ទិញ​ខ្មុល​រស់ គឺ​យកទៅ​ធ្វើ ជា​នុយ ដាក់​សន្ទូច​ត្រី ហើយ​នុយ​ខ្មុល​រស់​នេះ វា​ល្អ ជាជាង​នុយ​ផ្សេងៗ យកទៅ​នេសាទ ដាក់​សន្ទូច​ត្រី ទទួលបាន​ទិន្នផល​ត្រី​ល្អ ដូចជា ត្រី​ខ្មាន់ ត្រី​ច្រកែង ត្រី​ក្រមម ត្រី​ឆ្លាត ត្រី​ឆ្ពិន ។​ល​។ ដូច្នេះហើយ ពួកគាត់​មិន​ខ្លាច​ការ​មក​ទិញ​នុយ​ខ្មុល​រស់ ក្នុងតម្លៃ​ថ្លៃ​នោះឡើយ ពេលណា​នុយ​ល្អ យើង​ក៏​ទទួលបាន​ត្រី​ល្អ ទៅតាម​ហ្នឹង​ដែរ ៕/V​