​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ពាយ​

​កិរិយាសព្ទ​

​វិនាស​, បាត់​, ហិន​; រលស់​ស្ទើរនឹង​អស់​
​សង្កើច​ពាយ​, មាន់​ពាយ ។​

​គុណសព្ទ​

​ដែល​វិនាស​, ខូច​ឬ​ដែល​រលស់​ស្ទើរនឹង​អស់​
​ស្រូវ​ពាយ គឺ​ស្រូវ​ដែល​ខូច​ព្រោះ​ក្រា​ចាប់​ជាដើម ។​

​នាមសព្ទ​

( បា​. វាយ ឬ វាយុ​; សំ​. វាយុ ) ខ្យល់​; ត្រូវ​ប្រើពាក្យ ព្រះ ដាក់​នាំមុខ​ផង​ជា​ដរាប​
​ព្រះពាយ ឬ ព្រះ​ពាយុ ( តែ ព្រះ​ពាយុ មិនសូវ​ប្រើ ) ។​

​ពិត​

(​ច្រ​. និ​. ពឹត​)

​កិរិយាសព្ទ​

(​ស​. ស​. ) ប្រាប់​, ឲ្យ​ដំណឹង​, ទូល (​ប្រាប់​តាមពិត​)
​ពិត​ថេរ​ដីកា​, ចាំ​ពិត​លោកគ្រូ​សិន​, សូម​ពិត​មក​…​។ ពិតទូល ឬ ទូល​ពិត ទូល​ឲ្យ​ជ្រាប​សេចក្តី​ពិត ។​

​កិរិយាសព្ទ​

​យក​ខ្លួន​ផ្អែក​ប៉ះ​ផ្ទប់​ដោយ​ប្រឹង​ពេញកម្លាំង ដើម្បី​ធ្វើ​ឲ្យ​ឃ្លាត ឲ្យ​ទូលាយ ឬ​ឲ្យ​ទ្រេត​
​មនុស្ស​ឈរ​ចង្អៀត​ណែនណាន់ ទាល់តែ​យក​ខ្លួន​ពិត​ជែក​ទើប​ចេញរួច​; គោ​ផ្អើល​ពិត​ទូក​រទេះ ។​

​នាមសព្ទ​

(​ចិ​.) ប្រដាប់​សម្រាប់​សរសេរ​ឬ​គូរ​; ខ្មែរ​ហៅ​ចំពោះតែ​ជក់​សម្រាប់​សរសេរ​ឬ​គូរ (​ម​. ប្រ​.)​។​

​និបាតសព្ទ​

(​ប្រើ​ជា គុ​. ផង​ក៏បាន ) មែន​, ប្រាកដ​, ទៀង​
​ពាក្យពិត​, សេចក្ដី​ពិត​, និយាយ​ពិត​, ថា​តាមពិត ។ (​ព​. កា​. ) : ពាក្យពិត​ការណ៍​ពិត កាលបើ​ពិនិត្យ ឃើញ​ពិត​សត្យា គួរ​កាន់​ប្រព្រឹត្ត តាមពិត​ហៅ​មហា​- ប្រសើរ​ថ្លៃថ្លា មាន​ផល​តាមពិត ។​
​ពិតជា​, ពិតតែ ឬ ពិតមែនតែ និ​. មែន​ដូច្នោះ​, ដូច្នោះ​មែន​; ត្រូវ​ប្រើពាក្យ តែ​ថា ឬ ប៉ុន្តែ នាំមុខ​សេចក្ដី​មួយ​សង្កាត់​បន្ទាប់​ជា​ដរាប​
​ពិតជា​ខ្ញុំ​ទៅផ្ទះ​នុ៎ះ​មែន​តែ​ថា​ឥត​បានឃើញ​ឈ្មោះ​នុ៎ះ​ទេ​; ពិតមែនតែ​គាត់​ល្ងង់ខ្លៅ ប៉ុន្តែ​គាត់​មិនដែល​មានរឿង​មោះមៃ​អ្វី​ទេ ។ ល ។​

​ពិទ័គ្ធ​

(​ពិ​ទ័ក​)

​គុណសព្ទ​

( សំ​. វិទ​គ្ធ ) ឈ្លាស​, វាងវៃ​, ប៉ិន​, ប្រសប់​; ដែលមាន​ចំណេះ ( ប្រើ​ជា​ឋានន្ដរ​ឬ​ជា​គោ​រម្យ​ងារ​មន្ត្រី​ផង​ក៏បាន )
​ព្រះ​ពិទ័គ្ធ​ឫទ្ធិក្រៃ ។ ( ព​. កា​. ) : មេទ័ព​ពិទ័គ្ធ យល់​កិច្ចកល​ជាក់ បញ្ឆោត​ពួក​ខ្មាំង ឲ្យ​រុក​ចូលមក ប្រយុទ្ធ​តតាំង ទើប​ប្រើ​កម្លាំង វាយ​ខ្មាំង​ខ្ចាយ​ខ្ចាត់ ។​

​ពុំ​

និបាតសព្ទ​

​មិន​, ឥត​
​ទៅ​ពុំខាន​, ធ្វើ​ពុំ​កើត​, ពុំប្រសើរ​, ពុំ​គាប់ចិត្ត​, ពុំយូរប៉ុន្មាន​, ពុំសូវល្អ​, មាន​ជា​ដរាប​ពុំដែល​ដាច់​, ធ្វើ​ដូច្នេះ​ទៀត​ពុំ​បានឡើយ ។ ល ។​
​តាម​ទម្លាប់​ប្រើ​, បើ​អ្នកតូច​និយាយស្ដី​ក្នុង​សំណាក់​ឥស្សរជន តែង​ប្រើពាក្យ ពុំ ជា​ជំនួស​ពាក្យ មិន ជា​ដរាប​
​ទូលព្រះបង្គំជាខ្ញុំ​ពុំដែល​បានឃើញ​; ខ្ញុំព្រះបាទម្ចាស់​ពុំដែល​បាន​ទៅ​; ការ​នោះ​ខ្ញុំបាទ​ធ្វើ​ពុំ​កើត​; សេចក្ដី​គួរ​ពុំគួរ​សូម​… អភ័យទោស ។ ល ។​
​ពុំជា មិនល្អ​, មាន​សៅហ្មង​, ឆ្គាំឆ្គង​; មាន​ជំងឺ ។ ពុំជាបើ​, ពុំជាបើបី ឬ ពុំជា​បី​បើ មិនជាបើ​, មិនជាបើ​បី ឬ​មិនជា​បី​បើ ។ ពុំសមបើ ឬ ពុំសមបីបើ មិនសមបើ ឬ​មិនសមបីបើ ។ ពុំលង់ឡើយ ពុំ​យូរ​ឡើយ ។ ល ។ ( ម​. ព​. មិន ផង ) ។​

​ពូក​

​នាមសព្ទ​

​សេនាសនភណ្ឌ​ដែល​ដេរ​ញាត់​គ​, សំឡី​ឬ​កំណាត់​អ្វីៗ​ដែល​ទន់​សម្រាប់​ប្រើ​រង​ដំណេក​ឬ​រង​បង្គុយ​
​ពូកគ​, ពូកចំបើង​, ពូក​កំណាត់សំពត់​; ពូក​សម្រាប់​គ្រែ​, ពូក​សម្រាប់​គ្រែធម្មាសន៍​, ពូករថ​; មាន​ពុទ្ធ​ប្បញ្ញត្តិ​ហាម​មិន​ឲ្យ​ភិក្ខុ​សាមណេរ និង​ឧបាសក​ឧបាសិកា​អ្នករក្សា​ឧបោសថសីល ប្រើ​ពូក​ញាត់​គ​ឬ​ញាត់​សំឡី​, មាន​ពុទ្ធានុញ្ញាត​ឲ្យ​ប្រើ​ពូក​ញាត់​ស្មៅ​ទន់ៗ​និង​ចំបើង​, ជក់​ដូង​ជាដើម​បាន ។ ល ។​

នាមសព្ទ​

​ឈ្មោះ​សត្វ​ចាប​ពួក​មួយ មាត្រ​ទ្រើស​ជាង​ចាបបំណែកល្ង ជា​សត្វ​ស្មូរជន​ខាង​ការចុះ​ស៊ី​គ្រាប់ស្រូវ​ក្នុង​ស្រែ​
​ចាបពូក ។​
​ឈ្មោះ​បទ​ភ្លេងបុរាណ​ខ្មែរ​មួយ​មេ មាន​ទំនុកច្រៀង​ចេញ​ផ្ដើម​ថា ចាបពូក ជា​ដរាប​
​ឱ​ចាបពូក​អើយ​…​កុំ​ស៊ី​ស្រូវ​អញ​…​ស្រូវ​គេ​វា​ឆ្ងាញ់​… ស្រូវ​អញ​វា​ល្វីង​… ( ហៅថា បទ​ចាបពូក ឬ ទំនុក​ចាបពូក ) ។​