ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងអំណរគុណចំពោះមិត្តចិនដែលបានរួមចំណែកជួយ ដល់កម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និង ការអភិវឌ្ឍប្រទេសកម្ពុជាផង ។

ការថ្លែងអំណរគុណនេះធ្វើឡើងនៅក្នុងជំនួបសំដែងការគួររបស់លោក Wei Fenghe រដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសចិនជាមួយសម្តេចតេជោហ៊ុនសែនកាលពីល្ងាច ថ្ងៃទី ២០ ខែ វិច្ឆិកា ២០២២ នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្រ្តី ។

លោក អ៊ាង សុផល្លែង ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងបន្ទាប់ពីជំនួបនោះថា៖លោក Wei Fenghe រដ្ឋមន្ត្រីក្រសួងការពារជាតិចិនបានវាយ តម្លៃខ្ពស់នឹងការអបអរសាទរចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានអភិវឌ្ឍន៍កម្ពុជាយ៉ាងឆាប់រហ័សជាមួយនឹងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ ព័ន្ធទទួលបានលទ្ធផលយ៉ាងជោគជ័យ។លោក Wei Fenghe ក៏បានសំដែងការរីកតាយចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរជាពិសេសរវាងកងទ័ពនិងកងទ័ពដែល កំពុងមានទំនាក់ទំនងល្អនិងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ។ ឆ្លៀតក្នុងឱកាសនោះដែរ លោក Wei Fenghe ក៏បានជម្រាបជូនសម្ដេចតេជោថាចិននិងបន្ត ជួយដល់កម្ពុជាថែមទៀត ។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ លោក Wei Fenghe ដែលបានអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំការពារជាតិអាស៊ាន បូកដោយផ្ទាល់ ។ សម្តេចក៏បានថ្លែងអំណរគុណចំពោះលោក Wei Fengheផងដែរចំពោះការវាយតម្លៃអំពីការរីកចម្រើនរបស់កម្ពុជានឹងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំ ពាក់ព័ន្ធកន្លងទៅ ។ សម្តេចក៏បានថ្លែងអំណរគុណដល់ជំនួយរបស់មិត្តចិនដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍធន ធានមនុស្សនិងការអភិវឌ្ឍកម្ពុជាផង ៕