​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ ជំនួប​កំពូល​របស់​អង្គការសហប្រជាជាតិ​ស្តី​ពី​អាកាសធាតុ​នៅ​ប្រទេស​អេ​ហ្សី​ប​ហៅថា​COP27 បាន​សំរេច​កិច្ចព្រមព្រៀង​មួយ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ទី​២០​វិច្ឆិកា ដោយ​​វា​អំពាវនាវ​អោយ​កាត់បន្ថយ​ការបញ្ចេញចោល​ឧស្ម័ន​បំពុលបរិស្ថាន​នៅក្នុង​កិច្ច​ខិតខំ​រួមគ្នា​មួយ​ដើម្បី​ពន្យឺតការ​ឡើង​កំដៅ​ផែនដី​។​

​ប្រធាន​កិច្ចប្រជុំ COP27 លោក​សាម៉េះ សូគ្រី​(Sameh Shoukry)​បាន​គោះ​ញញួរ​សំគាល់​ការអនុម័ត​ឯកសារ​នៃ​កិច្ចព្រមព្រៀង ក្រោយ​កិច្ចពិភាក្សា​អូសបន្លាយ​ពេល​រហូតដល់​ពេល​យប់​ថ្ងៃ​សៅរ៍​នៅពេល​​បណ្តា​ប្រទេស​អ្នកមាន​សុំអោយ​មាន​ការប្រើ​ភាសា​ខ្លាំងៗ​ឡើង​ស្តីពី​ការបញ្ចេញចោល​និង​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។​

​មាត្រា​មួយ​នៃ​កិច្ចព្រមព្រៀង​តំរូវអោយ​បង្កើត​មូលនិធិ​«​បាត់បង់​និង​ខូចខាត​» ដើម្បី​ជួយ​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍​ដែល​រងគ្រោះ​និង​ជួប​ការបាត់បង់​ខូចខាត​ភ្លាមៗ​បណ្តាល​មក​ពី​ព្រឹត្តិការណ៍​អាកា​​ស​ធាតុ ដូចជា​ព្យុះ​និង​ទឹកជំនន់ តែ​វា​រុញ​ការសំរេចចិត្ត​ចម្រូងចម្រាស​ជាច្រើន​អំពី​មូលនិធិ​នេះ​ទៅ​កាន់​កិច្ចប្រជុំ​នៅ​ឆ្នាំ​ក្រោយ​នៅ​ពេល​«​គណៈកម្មាធិការ​អន្តរកាល​»​មួយ​នឹង​ផ្តល់​អនុសាសន៍​សំរាប់​កំពូល​​អាកាសធាតុ​COP28​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​២០២៣​។​

​ការអំពាវនាវ​ពី​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍​អោយ​បង្កើត​មូលនិធិ​ដូច្នេះ​បាន​គ្រប់​ដណ្តប់​លើ​កិច្ចប្រជុំ​ពីរ​សប្តាហ៍​មក​នេះ ដោយ​រុញ​កិច្ចពិភាក្សា​ហួស​កាលកំណត់​ត្រូវ​បញ្ចប់​កាលពី​ថ្ងៃ​សុក្រ​។​ក្រោយ​ការ​សម្រាក​​ដើម្បី​ពិនិត្យមើល​ឡើងវិញ​ឯកសារ​ចុង​ក្រោយ​សំរាប់​កិច្ចព្រមព្រៀង ពួក​អ្នក​ចរចា​មិន​បាន​ជំទាស់​អ្វី​ទេ នៅ​ប្រធាន​អង្គប្រជុំ​បាន​ខិតខំ​អោយ​ឈាន​ដល់​ការងារ​សំខាន់​ចុងក្រោយ​។​ត្រឹម​ថ្ងៃ​រះ​នៅ​ព្រឹក​ថ្ងៃ​​អាទិត្យ កិច្ចព្រមព្រៀង​មួយ​ត្រូវ​បាន​សំរេច​ឡើង​៕

​កិច្ច​ពិភាក្សា​ស្តីពី​អាកាសធាតុ​COP27​បាន​សំរេច​កិច្ចព្រមព្រៀង​មួយ​យ៉ាង​លំបាក​ដើម្បី​បង្កើត​មូលនិធិ​មួយ​សំរាប់​ជួយ​ប្រជាជាតិ​កំពុងអភិវឌ្ឍន៍​ដោះស្រាយ​ការបាត់បង់​និង​ខូចខាត​បង្កឡើង​ដោយ​ផល​​ប៉ះពាល់​អាកាសធាតុ តែ​វា​ខកខាន​ក្នុង​ការជំរុញអោយ​ចាត់វិធានការ​ខ្លាំង​ឡើង​ដើម្បី​កាត់បន្ថយ​ការប្រើ​ឥន្ធនៈ​ផូស៊ីល ដែល​ជា​ប្រភព​ធំ​នៃ​ការឡើង​កំដៅ​ផែនដី