ដោយ៖តារារិទ្ធ(ភ្នំពេញ)៖នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០២២ស្អែកនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញថ្លែ ងសុន្ទរកថាគន្លឹះក្នុងឱកាសបើកមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ដែលរៀបចំដោយរដ្ឋសភាកម្ពុជានៅសណ្ឋាគារសុខាភ្នំពេញ ។

ពិធីបើកមហាសន្និបាតអន្តរសភាអាស៊ាននឹងចាប់ផ្តើមដោយព្រះរាជសុន្ទរកថាស្វាគមន៍របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា។

ក្នុងពិធីបើកមហាសន្និបាតនេះក៏មានការអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានិងថ្លែងសុន្ទរកថាគន្លឹះដោយសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។ បន្ទាប់មកសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានិងជាប្រធានមហាសន្និ បាតអន្តរសភាអាស៊ានលើកទី៤៣ នឹងអញ្ជើញថ្លែងសុន្ទរកថាបើកមហាសន្និបាត។

ក្នុងពិធីបើកមហាសន្និបាតនេះ ក៏មានការអញ្ចើញចូលរួមពីឥស្សរជនជាន់ខ្ពស់ព្រឹទ្ធសភា រដ្ឋសភា គណៈប្រតិភូប្រទេសសមាជិកអន្តរសភាអាស៊ានព្រមទាំងវត្តមាននៃ គណៈប្រតិភូបណ្តាប្រទេសជាអ្នកសង្កេតការណ៍ ភ្ញៀវម្ចាស់ផ្ទះ និងអង្គការដៃគូជាច្រើនទៀត។

មហាសន្និបាតអន្តរសភាអាស៊ាននឹងប្រព្រឹត្តទៅរយៈពេល ៦ ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ ២៥ ខែវិច្ឆិកាក្រោមមូលបទ «បោះជំហានជាមួយគ្នា ដើម្បីនិរន្តរភាព បរិយាប័ន្ននិង ភាពធន់របស់អាស៊ាន»។

សូមបញ្ជាក់ថា មហាសន្និបាតអន្តរសភាអាស៊ានហៅកាត់ថាអាយប៉ា (AIPA) ជាវេទិកាសភានៃបណ្ដាប្រទេសជាសមាជិកអាស៊ានដែលតំណាងឱ្យពលរដ្ឋប្រមាណជិត ៧០០លាននាក់ក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិដើម្បីប្រមូលផ្តុំនូវមតិយោបល់ទស្សនៈរបស់តំណាងពលរដ្ឋ ក្រោមចក្ខុវិស័យទូលំទូលាយ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធក្នុង គោលបំណងដោះស្រាយបញ្ហារួមរបស់ពិភពលោកដែលប៉ះពាល់ដល់តំបន់អាស៊ីអាគ្នេយ៍និងដើម្បីជំរុញឱ្យមានសន្តិសុខ ស្ថិរភាពនិងវិបុលភាព។អាយប៉ាមានសមាជិកចំនួន ១០ប្រទេសរួមមាន៖ប្រទេសព្រុយណេដារូស្សាឡឹម កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបុរី ថៃ និងវៀតណាម ។

មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ជាព្រឹត្តិការណ៍សំខាន់មួយដែលរដ្ឋសភាកម្ពុជានិងគណៈប្រតិភូសភាសមាជិកទាំងអស់បានជួបជុំធ្វើការចែករំលែកបទពិសោ ធន៍ទស្សនៈវិស័យរៀងៗខ្លួន នៅក្នុងគ្រួសារអាយប៉ា ដើម្បីជាប្រយោជន៍រួមរបស់ប្រជាជាតិទូទាំងសកលលោក។

ក្នុងនាមរដ្ឋសភាកម្ពុជាសម្តេចអគ្គពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានិងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣បានចូលរួមយ៉ាងសកម្មក្នុងការពង្រឹង និងពង្រីកវិស័យការទូតសភាទាំងក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគីនៅក្នុងតំបន់និងសកលលោកតាមរយៈនៃការចូលរួមវេទិកាអន្តរជាតិជាច្រើនមានជាអាទិ៍អន្តរសភា អាស៊ាន(AIPA)សភាតំបន់អាស៊ី (APA)វេទិកាសភាអាស៊ីប៉ាស៊ីហ្វិក(APPF)កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (ASEP)សភានិយាយភាសាបារាំង(APF)និងសហ ភាពអន្តរសភា(IPU)ជាដើម ។ រដ្ឋសភាកម្ពុជាក៏ធ្លាប់បានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំនៃវេទិកាសភាទាំងនោះជាបន្តបន្ទាប់រួចមកហើយដែរ ៕