​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប៉ូលិស​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​២០​វិច្ឆិកា​ថា ក្រុម​អ្នក​ចូល​ក្លិប “​ជា​វីរបុរស​” បាន​ប្រយុទ្ធ​និង​បញ្ឈប់​ខ្មាន់កាំភ្លើង​ភ្លាមៗ​បន្ទាប់ពី​រូបគេ​បាន​បើក​ការបាញ់​​ប្រហារ​នៅក្នុង​ក្លិប​រាត្រី​ខ្ទើយ​មួយ (LGBTQ) ក្នុង​ទី​ក្រុងខូ​ឡូ​រ៉ាដូ​ស្ព្រីង (Colorado Springs) ដោយ​សម្លាប់​មនុស្ស​យ៉ាងហោច​ណាស់​ប្រាំ​នាក់ និង ១៨ នាក់​ផ្សេង​ទៀត​រងរបួស​។​

​ប៉ូលិស​បាន​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ឈ្មោះ អាន់​ឌឺ​សុន លី អាល់ឌ្រិ​ច (Anderson Lee Aldrich) ភេទ​ប្រុស អាយុ ២២ ឆ្នាំ ដែល​បាន​បាញ់​ទៅលើ​អ្នក​ចូល​ក្លិប​ដោយ​កាំភ្លើង​វែង​ដែល​ជា​អាវុធ​​ដ៏​មាន​អានុភាព​ដែល​អាច​ធ្វើឱ្យ​មាន​របួស​យ៉ាងធ្ងន់ធ្ងរ​។ យោង​តាម​មន្ត្រី​បានឱ្យដឹងថា រូបគេ​ត្រូវ​បាន​ចាប់ខ្លួន​ទៅ​កាន់​មន្ទីរឃុំឃាំង​របស់​ប៉ូលិស​ភ្លាមៗ​បន្ទាប់​ពី​ការបាញ់ប្រហារ​បានចាប់ផ្តើម ហើយ​ត្រូវបាន​ព្យាបាល​របួស​។​

​ក្លិប Club Q ដែល​ពណ៌នា​ខ្លួនឯង​ថា​ជា​ក្លិប​រាត្រី​ស្រឡាញ់​ភេទ​ដូច​សម្រាប់​មនុស្សពេញវ័យ បាន​ហៅ​ព្រឹត្តិការណ៍​នៅ​រាត្រី​ថ្ងៃ​សៅរ៍​ថា​ជា “​ការវាយប្រហារ​ដោយ​សម្អប់​” នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​លើ​ទំព័រ Facebook របស់ខ្លួន​។ អាជ្ញាធរ​បាន​និយាយថា ពួកគេ​កំពុង​ស៊ើបអង្កេត​ថា​តើ​ការវាយប្រហារ​នេះ​ត្រូវបាន​ជំរុញ​ដោយ​សម្អប់​ឬ​អត់​។​

​លោក អេ​ឌ្រៀ​ន វ៉ាស​ក្វេស (Adrian Vasquez) ប្រធាន​នាយកដ្ឋាន​ប៉ូលិស​ក្រុងខូ​ឡូ​រ៉ាដូ​ស្ព្រីង បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃអាទិត្យ​ថា​អាវុធ​ចំនួន​ពីរ​ដើម​ត្រូវ​បាន​រកឃើញ​​នៅ​ក្លិប Club Q ។ លោក​បាន​និយាយថា “Club Q គឺជា​ជម្រក​សុវត្ថិភាព​សម្រាប់​ពលរដ្ឋ​ស្រឡាញ់​ភេទដូចគ្នា​របស់​យើង​។ ខ្ញុំ​សោកស្ដាយ និង​ខូចចិត្ត​ជាខ្លាំង​”៕

ប៉ូលិស​បាន​និយាយថា ជនសង្ស័យ​ម្នាក់​កំពុង​ស្ថិត​ក្នុង​មន្ទីរឃុំឃាំង និង​ត្រូវបាន​ព្យាបាល​របួស​បន្ទាប់ពី​ការវាយប្រហារ​នៅ Club Q​