ដោយៈសុផល/ភ្នំពេញ៖ គណៈកម្មាធិការប្រតិបត្តិអាយប៉ា នៅយប់ ថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២២ដែលជាថ្ងៃចាប់ផ្តើមមហាសន្និបាតអាយប៉ាលើកទី៤៣ បានអនុម័តបញ្ចូលសភានៃប្រទេសចំនួនបី ជា សមាជិកសង្កេតការណ៍ ដោយរួមមាន ៖ សភានៃប្រទេសនេប៉ាល់ សភានៃ ប្រទេសអាហ្សែបៃហ្សង់ និងសភាសហរដ្ឋអាមេរិក ។

ការអនុម័តបញ្ចូលសភានៃប្រទេសចំនួនបីនេះ បានធ្វើឡើង ក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ AIPA ដែលដឹកនាំដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃ ព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអន្តរសភាអាស៊ានលើកទី៤៣ នៅសណ្ឋាគារសុខាភ្នំពេញ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំមហា សន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ ហៅកាត់ថា (AIPA43) ចាប់ពីថ្ងៃទី ២០ដល់ថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០២២ ។

នៅក្នុងឱកាសនោះដែរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានប្រកាសជ្រើសតាំង លោក ឈួន លីកផៃ( Chuan LEEKPAI) ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រថៃ ជាអនុប្រធានដឹកនាំកិច្ចប្រជុំ ហើយកិច្ចប្រជុំគណៈកម្មាធិការ ប្រតិបត្តិអាយប៉ា បានធ្វើការពិភាក្សានិងអនុម័តលើកម្មវិធីស កម្ម ភាពសម្រាប់មហាសន្និបាតអាយប៉ាលើកទី៤៣ មានដូចជា៖ ១- កម្មវិធីសកម្មភាពសម្រាប់មហាសន្និបាតអាយប៉ាលើកទី៤៣ ។ ២- របៀបវារៈសម្រាប់កិច្ចប្រជុំតាមគណៈកម្មការទាំង៦ នៃមហាសន្និ បាតអាយប៉ាលើកទី ៤៣ ដែលរួមមាន កិច្ចប្រជុំគណៈកម្មាធិការ សមាជិកសភាស្រ្តី កិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា កិច្ចប្រជុំគណៈកម្មាធិការនយោបាយ កិច្ចប្រជុំគណៈកម្មាធិការ សេដ្ឋកិច្ច កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ច កិច្ចប្រជុំ គណៈកម្មាធិការ រៀបចំ កិច្ចប្រជុំគណៈកម្មាធិការកិច្ចពិភាក្សា ជាមួយសភាសង្កេតការណ៍ កិច្ចប្រជុំរវាងប្រតិភូអាយប៉ា និងអគ្គលេខាធិការអាស៊ាន កិច្ចប្រជុំគណៈកម្មាធិការបូកសរុប។ ៣- ការសម្រេចអំពីកាលបរិច្ឆេទ និងទីកន្លែងសម្រាប់មហាសន្និបាត អាយប៉ាលើកទី៤៤។
សមាសភាពគណៈប្រតិភូអាយប៉ាចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនាពេលនេះ រួមមាន លោក Pehin Dato Abdul Rahman Taib ប្រធានរដ្ឋសភាព្រុយណេដារូស្សាឡឹម លោកបណ្ឌិត Fadli Zon ប្រធានគណៈកម្មការសហ ប្រតិបត្តិ ការអន្តរសភានៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងលោក Putu Supadma Rudana សមាជិករដ្ឋសភា និងជាអនុប្រធានគណៈ កម្មការសហប្រតិបត្តិការអន្តរសភាឥណ្ឌូនេស៊ី លោកបណ្ឌិត Xaysomphone PHOMVIHANE ប្រធានរដ្ឋសភានៃ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Raymond Democrito Cañete Mendoza ប្រធានសភាហ្វីលីពីន លោក TAN Chuan-Ji ប្រធានរដ្ឋសភាសិង្ហបុរី លោក Chuan LEEKPAI ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រថៃ លោក VUONG DINH HUE ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយម វៀតណាម និងប្រតិភូកម្ពុជាដឹកនាំដោយកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា។
សូមបញ្ជាក់ថា អន្តរសភាអាស៊ាន ( AIPA) ជាវេទិកាសភាបណ្ដាប្រទេសជាសមាជិកអាស៊ាន ដែលបានប្រមូលផ្តុំនូវមតិយោបល់ ទស្សនៈរបស់តំណាងពលរដ្ឋ ក្នុងការលើកកម្ពស់យន្តការសភា ក្រោមចក្ខុវិស័យទូលំទូលាយ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដោះស្រាយបញ្ហារួម ដែលប៉ះពាល់ដល់តំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាពិភពលោក ឱ្យមានសន្តិសុខ ស្ថិរភាព និងវិបុលភាព ប្រកដោយចីរភាព ។ សមាជិករបស់ AIPA រួមមាន ៖ ប្រទេសប្រ៊ុយណេដារូស្សាឡាម កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបុរី ថៃ និងប្រទេសវៀតណាម ៕សរន / N