​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ រដ្ឋមន្ត្រីការបរទេស​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃអាទិត្យ​បាន​សម្តែង​«​ការសោកស្តាយ​ជា​ខ្លាំង​»​ការ​ដែល​ប្រមុខ​អង្គការសហប្រជាជាតិ​លោក​អង់​តូ​ញ៉ូ ហ្គូ​ទែ​រ៉េស ថ្កោលទោស​​ការបាញ់​បង្ហោះ​កាំជ្រួច​ឆ្លង​ទ្វីប​របស់ខ្លួន នេះ​បើ​តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​កណ្តាល​កូរ៉េ​KCNA​។​

​លោក​អគ្គលេខា​អង្គការសហប្រជាជាតិ​អង់​តូ​ញ៉ូ ហ្គូ​ទែ​រ៉េស មុននេះ​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​ថ្កោលទោស​ការបាញ់​កាំជ្រួច​ផ្លោង​ឆ្លង​ទ្វីប​ICBM​របស់​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​សុក្រ​និង​បាន​​ធ្វើ​ការអំពាវនាវ​ជា​ថ្មី​អោយ​រដ្ឋាភិបាល​ទីក្រុង​ព្យុង​យ៉ាង​«​ឈប់​បង្ក​រឿង​បន្ថែមទៀត​ជាបន្ទាន់​»​។ សេចក្តីថ្លែងការណ៍​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោយ​សហរដ្ឋ​អាម៉េរិក​និង​ប្រទេស​ដទៃ​ចេញ​ការរិះគន់​ស្រដៀង​​គ្នា​លើ​ការសាកល្បង​កាំជ្រួច​ICBM​របស់​កូរ៉េ​ខាងជើង ដែល​អាច​បាញ់​ទៅ​ដល់​ទីណា​ក៏​បាន​នៃ​ទ្វីប​អាម៉េរិក​។​

​លោក​អគ្គលេខា​អង្គការសហប្រជាជាតិ​អង់​តូ​ញ៉ូ ហ្គូ​ទែ​រ៉េស

​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង​លោកស្រី ចូ សុន ហ៊ូ​យ​(Choe Son Hui)​បាន​និយា​ថា​«​ខ្ញុំ​តែង​ចាត់ទុក​អគ្គលេខា​អង្គការសហប្រជាជាតិ​ជា​សមាជិក​របស់​សេត​វិមាន​អាម៉េរិក ឬ​ក្រសួង​ការបរទេស​​អាម៉េរិក​។​ខ្ញុំ​សម្តែង​ការ​ស្តាយក្រោយ​ជាខ្លាំងការ​ដែល​អគ្គលេខា​អង្គការសហប្រជាជាតិ​ប្រកាន់​យក​ឥរិយាបទ​គួរអោយ​សោកស្តាយ​ខ្លាំង​ណាស់​មួយ ភ្លេចភ្លាំង​ពី​គោលបំណង​និង​គោលការណ៍​នៃ​ធម្មនុញ្ញ​អង្គការ​​សហប្រជាជាតិ​ព្រមទាំង​បេសកកម្ម​ត្រឹមត្រូវ​របស់​ខ្លួន ដែល​ត្រូវ​រក្សា​អព្យាក្រិតភាព មិន​លំអៀង​និង​ស្មើភាព​លើ​គ្រប់​បញ្ហា​»​។​

​លោក​ស្រីចូ បាន​ចោទប្រកាន់​លោក​ហ្គូ​ទែ​រ៉េស​ថា​មើលរំលង​អំពើ​របស់​អាម៉េរិក​និង​សម្ពន្ធមិត្ត​របស់​ខ្លួន​ដោយ​សុខចិត្តនាំ​បញ្ហានៃការសាកល្បង​កាំ​ជ្រួច​ICBM​ទៅ​កាន់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ ដោយ​ថា​​នេះ​បង្ហាញ​យ៉ាងច្បាស់​ថា​«​គាត់​ជា​អាយ៉ង​របស់​អាម៉េរិក​»​។​

សូមបញ្ជាក់ថា ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​គ្រោង​នឹង​បើក​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃ​ចន្ទទី២១វិច្ឆិកា​ស្តីពី​ការបាញ់​កាំជ្រួច​ផ្លោង​ICBM​របស់​កូរ៉េ​ខាងជើង​តាម​សំណើ​របស់​ជប៉ុន​។​តែ​វា​មិន​ច្បាស់​ថា​តើ​កិច្ចប្រជុំ​នេះ​នឹង​សំរេច​​បាន​ការព្រមព្រៀង​ថ្មី​ដើម្បី​បន្ថែម​ទណ្ឌកម្ម​លើ​របប​ទីក្រុង​ព្យុងយ៉ាង​ដែរ​ឬ​អត់ ដោយសារ​តែ​ចិន​និង​រុស្ស៊ី​ដែល​ជា​សម្ពន្ធមិត្ត​របស់​កូរ៉េខាងជើង ជា​សមាជិក​ក្នុង​ក្រុមប្រឹក្សា​ដែល​មាន​សិទ្ធ​វ៉េតូ​ជំទាស់​។​

​ការបាញ់​បង្ហោះ​កាំជ្រួច​កាលពី​ថ្ងៃ​សុក្រ​ជា​ការសាកល្បង​ចុងក្រោយ​បំផុត​មួយ​ក្នុង​យុទ្ធនាការ​ពង្រឹង​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ដែល​ពួក​អ្នកជំនាញការ​និយាយថា វា​ជួយ​ជំរុញ​សមត្ថភាព​វាយប្រហារ​​ដោយ​សព្វាវុធ​នុយក្លេអ៊ែ​រ​របស់​រដ្ឋាភិបាល​ទីក្រុង​ព្យុង​យ៉ាង​និង​បង្កើន​ការ​តថ្លៃ​សំរាប់​ការចរចា​ណាមួយ​នៅពេល​អនាគត​៕

​លោកស្រី ចូ សុន ហ៊ូ​យ ហៅ​អគ្គលេខា​អង្គការសហប្រជាជាតិ​អង់​តូ​ញ៉ូ ហ្គូ​ទែ​រ៉េស​ថា​ជា​«​អាយ៉ង​អាម៉េរិក​»​នៅពេល​លោកស្រី​រិះគន់​លោក​អគ្គលេខា​ថា​ចូលរួម​ជាមួយ​អាម៉េរិកក្នុងការ​រិះគន់​កូរ៉េខាងជើង​ដោយ​មិន​​គិតពី​ទង្វើ​របស់​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​និង​សម្ពន្ធមិត្ត​