​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អាល្លឺម៉ង់​លោកស្រី គ្រីស្ទី​ន ឡាំ​ប្រិច (Christine Lambrecht) បាន​ប្រាប់​កាសែត​កាលពី​ថ្ងៃអាទិត្យ​ទី​២០​វិច្ឆិកា​ថា​អាល្លឺម៉ង់​​សុំ​ផ្តល់​ប្រព័ន្ធ​ការពារ​អា​កាសភែត​ធ្រៀ​ត​(Patriot)​ដល់​រដ្ឋាភិបា​ក្រុង​វ៉ា​សូវី​ដើម្បី​ជួយ​ការពារ​ដែនអាកាស​របស់ខ្លួន បន្ទាប់​ពី​មី​ស៊ី​ល​មួយ​បាន​ធ្លាក់​នៅ​ប្រទេស​ប៉ូឡូញ​កាលពី​សប្តាហ៍​មុន​។​

​រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​និយាយ​រួចហើយ​ថា​ខ្លួន​នឹង​ផ្តល់​ជំនួយ​បន្ថែមទៀត​ដល់​ប្រទេស​ជិតខាង​ក្នុង​ការឃ្លាំមើល​តាម​ផ្លូវអាកាស​ជាមួយនឹង​ក្រុម​យន្តហោះ​ចម្បាំង​អាល្លឺម៉ង់ បន្ទាប់​ពី​ឧបទ្ទវហេតុ​នេះ ដែល​ដំបូង​ឡើយ​បាន​បង្កើន​ការបារម្ភ​ថា សង្គ្រាម​នៅ​អ៊ុយ​ក្រែន​អាច​កំពប់​ហៀរ​ចូល​ព្រំដែន​ប៉ូឡូញ​។​

​លោកស្រី​ឡាំ​ប្រិច​បាន​ប្រាប់​កាសែត​រ៉ៃ​នី​ស ប៉ុស្តិ៍​( Rheinische Post) និង​ហ្សេ​ណេ​រ៉ល​រ៉ង សាយ​យឺ​( General Anzeiger)​ថា “​យើង​បាន​សុំ​ផ្តល់​ការគាំទ្រ​ដល់​ប៉ូឡូញ​ក្នុង​ការធានា​ដែន​អាកាស ជាមួយនឹង​យន្តហោះ​ចម្បាំង អឺរ៉ូ​ហ្វាយ​ធឺ​(Eurofighter)​របស់​យើង និង​ជាមួយ​ប្រព័ន្ធ​ការពារ​ដែនអាកាស Patriot”​។​

​ប្រធាន​អង្គការ​ណា​តូ លោក ជែន ស្តូល​ធិន​បឺក (Jens Stoltenberg)​បាន​និយាយថា មី​ស៊ី​ល ដែល​បាន​វាយប្រហារ​ប៉ូឡូញ​កាលពី​សប្តាហ៍​មុន ដែល​បាន​សម្លាប់​មនុស្ស​ពីរ​នាក់​ទំនង​ត្រូវ​បាន​បាញ់​​ដោយ​ខែល​ការពារ​ដែនអាកាស​រប​ស់អ៊ុយ​ក្រែន ជាជាង​ការវាយប្រហារ​របស់​រុស្ស៊ី​។​

​ប្រព័ន្ធ​ការពារ​ដែនអាកាស​ដែល​មាន​មូលដ្ឋាន​លើដី ដូចជា Patriot ត្រូវបាន​ផលិតឡើង​ដើម្បី​ស្ទាក់ចាប់​មី​ស៊ី​ល​ដែល​ហោះ​ចូលមក​។​

​ណា​តូ​បាន​ពង្រឹង​ការការពារ​ដែនអាកាស​នៅ​អឺរ៉ុប​ខាងកើត​ចាប់តាំងពី​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែន​ក្នុង​ខែកុម្ភៈ​។​សម្ពន្ធមិត្ត​ណា​តូ​ជាង​១០​ដែល​ដឹកនាំ​ដោយ​អាល្លឺម៉ង់​ក្នុង​ខែតុលា​បាន​ចាប់​​ផ្តើម​គំនិត​ផ្តួចផ្តើម​មួយ​ដើម្បី​រួម​គ្នា​ទិញ​ប្រព័ន្ធ​ការពារ​ដែនអាកាស​ជាច្រើន រួម​ទាំង​ប្រព័ន្ធ Patriot ផងដែរ​៕

ទិដ្ឋភាព​ពីលើ​អាកាស​បង្ហាញ​ទីតាំង​រង​ការវាយប្រហារ​ដោយ​មី​ស៊ី​ល សម្លាប់​បុរស​ពីរ​នាក់​នៅក្នុង​ភូមិ​ហ្សេ​វ៉ូ​ដូ​វ​( Przewodow) ភាគ​ខាងកើត​ប្រទេស​ប៉ូឡូញ​

​ប្រព័ន្ធ​ការពារ​ដែនអាកាស​ដែល​មាន​មូលដ្ឋាន​លើដី ដូចជា Patriot ត្រូវបាន​ផលិតឡើង​ដើម្បី​ស្ទាក់ចាប់​មី​ស៊ី​ល​ដែល​ហោះ​ចូលមក​