ដោយ:សុវណ្ណកុម្ភៈ/ភ្នំពេញ៖ដ្ឋមន្ត្រីក្រសួងអប់រំយុវជននិង កីឡា លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុនប្រធានគណៈកម្មការ ទទួលបន្ទុករួមនៃការប្រកួតកីឡាជាតិលើកទី៣បានបានផ្ដល់អនុសាសន៍សំខាន់ៗចំនួន១០ដើម្បីឱ្យព្រឹត្តិការណ៍នេះដំណើរការបានដោយជោគជ័យ។

អនុសាសន៍សំខាន់ៗទាំង១០នោះរួមមាន៖១.សូមឱ្យគណៈកម្មការ បច្ចេកទេសយកចិត្តទុកដាក់ដល់ការចុះឈ្មោះរបស់កីឡាករកីឡាការិនីឲ្យបានច្បាស់លាស់ចៀសវាងការប្រកួតជំនួស ឬកីឡាករម្នាក់ ប្រកួតតំណាងឱ្យខេត្តដល់ទៅពីរ។២.សូមឲ្យគ្រប់ សមាសភាព ពាក់ព័ន្ធទាំងអស់បំពេញការងារស្របតាមបទដ្ឋានបច្ចេកទេស។ បើសហព័ន្ធកីឡាជាតិ មានបទពិសោធន៍រៀបចំច្រើននិងរឹងមាំ មិនមានបញ្ហាអ្វីទេ។ប៉ុន្តែបើសហព័ន្ធដែលទើបនឹងរៀបចំសូម បង្កើនការយកចិត្តទុកដាក់ឱ្យល្អប្រសើរដើម្បីត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ ព្រោះជាមុខមាត់ កិត្តិយសជាតិរបស់យើង។
៣.សូមអនុវត្តការងារលើការដោះស្រាយវិវាទនៃការប្រកួតឱ្យស្របតាមនីតិវិធីនិងឋានានុក្រម ជៀសវាងបាតុភាពមិនល្អកើតឡើង។
៤.សូមខិតខំដកស្រង់បទពិសោធឲ្យបានល្អប្រសើរ ពីព្រោះ ព្រឹត្តិការណ៍កីឡាជាតិនេះ គឺដើម្បីត្រៀមឆ្ពោះទៅស៊ីហ្គេមអាស៊ាន ប៉ារ៉ាហ្គេម២០២៣។នៅពេលខ្វះចន្លោះលើចំណុចណាខ្លះ ក្នុង ព្រឹត្តិការណ៍កីឡាជាតិ ត្រូវធ្វើរបាយការណ៍ វាយតម្លៃ និងកែលម្អ ដើម្បីបំពេញបន្ថែម ពេលយើងធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣។ នៅពេលចប់កីឡាជាតិ ត្រូវបានកិច្ចប្រជុំមួយ និងវាយតម្លៃថា តើកីឡាជាតិលើកទី៣នេះ ស្ថិតក្នុងស្តង់ដារកម្រិតណា ដើម្បីឱ្យងាយ ស្រួល ក្នុងពេលដល់ស៊ីហ្គេម ២០២៣ ព្រោះពេលវេលាកាន់ តែខ្លីទៅៗហើយ។៥.សូមចាត់តាំងអ្នកនាំពាក្យព្រឹត្តិការណ៍ កីឡាជាតិ សម្រាប់ការផ្សព្វផ្សាយនិងព័ត៌មាន ជូនដល់អ្នកសារព័ត៌មាន។
៦.សូមរៀបចំក្រុមការងារគ្រូពេទ្យឲ្យបានគ្រប់គ្រាន់ក្នុងការជួយសង្គ្រោះកីឡាករកីឡាការិនីដែលរងរបួសក្នុងពេលប្រកួតឬក្នុងពេលហ្វឹកហាត់ដោយសារពួកគាត់ប្រើប្រាស់កម្លាំងខ្លាំង។៧.លើកទឹកចិត្តឱ្យ ប្រជាជនម្នាក់លេងកីឡាមួយមុខប្រចាំជីវិតស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា។៨.សូមយកចិត្តទុកដាក់ឱ្យបានខ្ពស់ បំផុត ក្នុង ការសិក្សា ឈ្វេងយល់និងផ្សព្វផ្សាយឱ្យបានទូលាយក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់សារធាតុហាមឃាត់ក្នុងវិស័យកីឡា(ដូប៉ាឬដូពីង)ដើម្បីជំរុញគ្រប់រូបភាពធ្វើយ៉ាងណាឱ្យការប្រកួតកីឡាជាតិនេះមានភាពស្អាតស្អំដោយហាមឃាត់ជាដាច់ខាតនូវសារធាតុញៀន។បោះពុម្ពផ្សព្វផ្សាយនូវអ្វីដែលជាសារធាតុហាមឃាត់ក្នុង កីឡានិង អ្វីជាសារធាតុអនុញ្ញាតឲ្យប្រើប្រាស់ក្នុងកីឡាដូចជាក្នុងពេលកីឡាករកីឡាការិនីរងរបួសត្រូវប្រើថ្នាំគឺត្រូវប្រើប្រាស់ថ្នាំដែលអនុញ្ញាតប៉ុណ្ណោះ។ប្រសិនបើប្រើសារធាតុហាមឃាត់នឹងប៉ះពាល់យ៉ាង ខ្លាំងក្លាដល់ការប្រកួតនិងមុខមាត់ព្រឹត្តិការណ៍ទាំងមូលតែម្តង។ប្រសិនបើប្រកួតអន្តរជាតិវិញប្រទេសជាតិនឹងជាប់បម្រាមដោយការដាក់ទណ្ឌកម្មជាដើម។កីឡាជាតិក៏មានគណៈកម្មការប្រឆាំងដូប៉ា ដែរដូច្នេះហាមដាច់ខាតការប្រើប្រាស់សារធាតុហាមឃាត់ក្នុងកីឡា។

ចំណែកចំណុចទី៩និងទី១០លោករដ្ឋមន្ត្រីក៏បានស្នើឱ្យភាគីពាក់ព័ន្ធខិតខំបំពេញភារកិច្ចឲ្យបានល្អប្រសើរដើម្បីជំរុញឲ្យការប្រកួតកីឡាជាតិលើកទី៣ឆ្នាំ២០២២ដែលជាព្រឹត្តិការណ៍លើកចុងក្រោយត្រៀមស៊ីហ្គេម២០២៣ទទួលបានជោគជ័យ។សូមលើកទឹកចិត្តឱ្យចូលរួម ផ្សព្វផ្សាយនូវយុទ្ធនាការសំខាន់ៗជាពិសេសយុទ្ធនាការផ្សព្វផ្សាយលើប្រធានបទ«កីឡារស់ក្នុងសន្តិភាព» នៅក្នុងព្រឹត្តិការណ៍កីឡា ជាតិ លើកទី៣នេះ ឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀត នៃដំណើរ ឆ្ពោះទៅធ្វើម្ចាស់ផ្ទះស៊ីហ្គេមអាស៊ានប៉ារ៉ាហ្គេម២០២៣ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា៕សរន់ / N