​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ អនុ​ប្រធានាធិបតី​អាម៉េរិក​លោកស្រី កា​ម៉ា​ឡា ហារី​ស នឹង​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​ហ្វីលីពីន​លោក ហ្វែរ​ឌីណ​ង់ ម៉ាកូ​ស ជូនៀ នៅ​ថ្ងៃ​ចន្ទ​ទី​២១​វិច្ឆិកា​ក្នុង​ដំណើរ​​ទស្សនកិច្ច​មួយ​នៅក្នុង​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ ដើម្បី​ជំរុញ​ទំនាក់ទំនង​និង​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ចិន​នៅក្នុង​តំបន់​។​

​ហារី​ស ជា​មន្ត្រី​អាម៉េរិក​ជាន់​ខ្ពស់​បំផុត​ដែល​ទៅធ្វើ​ទស្សនកិច្ច​ទីក្រុង​ម៉ានីល​ចាប់តាំងពី​លោក​ម៉ាកូស​ឡើងកាន់តំណែង​កាល​ពី​ខែមិ​ដុ​នា ដែល​វា​ជា​ការ​អោយ​សញ្ញា​អំពី​ការគាំទ្រ​កាន់តែ​កើនឡើង​រវាង​​សម្ពន្ធមិត្ត​ចាស់វស្សា​ទាំង​ពីរ​ក្រោយ​មាន​ភាព​រកាំរកូស​ក្នុង​ទំនាក់ទំនង​ការ​ទូរ​អស់​រាប់​ឆ្នាំ​ក្រោម​រដ្ឋាភិបាល​របស់​អ្នកដឹកនាំ​មុន​គឺ​លោក​រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត​។​

​លោកស្រី​ក៏​នឹង​ជួបពិភាក្សា​ជាមួយ​សម​ភាគី​សា​រ៉ា ឌុយ​ទែត​(Sara Duterte)​កូនស្រី​របស់​លោក​រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែតផងដែរ​។​

​សូមបញ្ជាក់​ថា ហ្វីលីពីន​ក្រោយ​ការដឹកនាំ​របស់​ឪពុក​លោក​ម៉ាកូ​សក្នុង​ទសវត្សរ៍​៧០-៨០​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​និង​ត្រូវបាន​គេ​គិតថា​ជា​សម្ពន្ធមិត្ត​សង្គ្រាមត្រជាក់​របស់​អា​​ម៉េ​រិក​។​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ឥឡូវ​កំពុង​ស្វះស្វែង​ពង្រឹង​សម្ពន្ធភាព​សន្តិសុខ​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​ម៉ានីល​ក្រោយ​អាណត្តិ​ប្រធានាធិបតី​របស់​ម៉ាកូ​ស​។​វា​រួម​មាន សន្ធិសញ្ញា​ការពារ​គ្នា​ទៅវិញ​ទៅ​​មក​និង​សន្ធិសញ្ញា​ឆ្នាំ​២០១៤​មួយ​ហៅថា​EDCA​ដែល​អនុញ្ញាត​អោយ​យោធា​អាម៉េរិក​ដាក់តាំង​គ្រឿង​បរិក្ខា​យោធា​និង​គ្រឿង​ផ្គត់ផ្គង់​នៅ​មូលដ្ឋានទ័ព​ហ្វីលីពីន​ចំនួន​ប្រាំ​។​

​វា​ក៏​អនុញ្ញាត​អោយ​មាន​ការដូ​រ​ទាហាន​អាម៉េរិក​ដែល​ឈរជើង​នៅក្នុង​មូលដ្ឋាន​យោធា​ទាំងនោះ​ថែម​ទៀត​។​

EDCA​បាន​ជាប់គាំង​ក្រោម​រដ្ឋាភិបាល​របស់​លោក​ឌុយ​ទែត តែ​ទាំង​អាម៉េរិក​និង​ហ្វីលីពីន​គាំទ្រ​ការជំរុញ​ការអនុវត្ត​វា នៅពេល​ចិន​កាន់តែ​អាង​យ៉ាងខ្លាំង​ឡើង ជា​ពិសេស​បញ្ញាតំបន់​អះអាង​ត្រួតគ្នា​នៅក្នុង​​សមុទ្រ​ចិន​ខាងត្បូង​។​មន្ត្រី​អាម៉េរិក​ម្នាក់​បាន​និយាយថា​«​អាម៉េរិក​លៃ​ប្រាក់​ទុក​៨២​លាន​ដុល្លារ​សំរាប់​អនុវត្ត​កិច្ចព្រមព្រៀង​នេះ​»​។​

​នៅ​ថ្ងៃ​អង្គារ​លោកស្រី​ហារី​សនឹង​ទស្សនកិច្ច​កោះ​ប៉ា​ឡា​វ៉ាន​របស់​ហ្វីលីពីន ជា​កោះ​នៅ​ក្បែរ​តំបន់​ដែនទឹក​ប្រជែង​គ្នា​ជាមួយ​ចិន​។​លោក​ស្រី​នឹង​ជួប​ស្វាគមន៍​កង​ឆ្មាំ​សមុទ្រ​ហ្វីលីពីន​នៅលើ​នាវាចម្បាំង​និង​​ថ្លែង​សុន្ទរកថា​។​បើ​តាម​មន្ត្រី​អាម៉េរិក លោក​ស្រី​នឹង​បញ្ជាក់​អះអាង​ឡើងវិញ​«​កម្លាំង​នៃ​សម្ពន្ធភាព​និង​ការប្តេជ្ញា​ចិត្ត​របស់​យើង​ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​អន្តរជាតិ​ផ្អែកលើ​ច្បាប់​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​​និង​នៅក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដែល​ធំ​ជាង​»​។​

​រំលឹកថា​កាលពី​សប្តាហ៍​មុន ប្រធានាធិបតី​ចិន លោក​ស៊ី ជីន ភី​ង បាន​រំលឹក​ប្រាប់​សម​ភាគី​ហ្វីលីពីន​លោក ហ្វែរ​ឌីណ​ង់ ម៉ាកូ​ស ជូនៀ​ថា​កម្លាំង​នៃ​ទំនាក់ទំនង​ទ្វេភាគី​អាស្រ័យ​លើ​ទំនាក់ទំនង​មាន​ស្ថិរភាព​​នៅ​សមុទ្រ ។​លោក​ស៊ី​ចង់​និយាយ​សំដៅ​ទៅ​កាន់​ជម្លោះ​ស្តី​ពី​ការអះអាង​កម្មសិទ្ធិ​ត្រួត​លើ​គ្នា​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​បាន​ញាំញី​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងអស់​អស់​រាប់​ទសវត្សរ៍​មក​ហើយ​។​៕

​ហារី​សបាន​និយាយថា អាម៉េរិក​នឹង​ពិភាក្សា​ជាមួយ​ហ្វីលីពីន​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ស្ថាបនា​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​នៅ​ហ្វីលីពិន​ដោយ​ប្រើ​បច្ចេកវិទ្យា​អាម៉េរិក​