​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ នេះ​ជា​រាត្រីវើ​លខាប់​ដ៏​រំភើប​សម្រាប់​ក្រុម​អ្នកគាំទ្រ​ជម្រើសជាតិ​អង់គ្លេស ខណៈ​ពួកគេ​នឹង​ត្រូវ​ប្រកួត​បើកឆាក​ប៉ះ​ជាមួយ​អ៊ីរ៉ង់​ចំណែក​ហូឡង់​ត្រូវប្រកួត​ទល់​​នឹង​សេណេ​ហ្គាល់ និង​មួយគូ​បិទ​ឆាក​ថ្ងៃ​ចន្ទ​ឈានចូល​ថ្ងៃ​អង្គារ​គឺ​រវាង​សហរដ្ឋ​អាម៉េរិក​និង​វែល​។​

– អង់គ្លេស vs អ៊ីរ៉ង់ (​ពូ​ល B)

* អង់គ្លេស​របូត​ពីរ​គ្រាប់​ប៉ុណ្ណោះ​ក្នុង​ម៉ោង​ធម្មតា​ក្នុង​ការប្រកួត Euro 2020 ចំនួន​ប្រាំពីរ​លើ​ក​របស់​ពួកគេ​។​
* អង់គ្លេស​បាន​ឈ្នះ​ទល់​សូន្យ​ក្នុង​ការប្រកួត​ជម្រុះ​វើល​ខាប់​ចំនួន​ប្រាំ​ពីរដង​របស់​ពួកគេ​។​
* អ៊ីរ៉ង់រ​ក​បាន​តែ​៣​គ្រាប់​ប៉ុណ្ណោះ​ក្នុង​ការប្រកួត​វើល​ខា​ប់​ពីរ​លើក​ចុងក្រោយ​របស់​ពួកគេ​។​

​អង់គ្លេស​សង្ឃឹម​ថា​ទម្រង់​លេង​នឹង​ល្អប្រសើរ​ភ្លាមៗ​នៅវើ​លខាប់​លើក​នេះ ខណៈ​ពួកគេ​បើក​យុទ្ធនា​ការវើលខាប់​នៅ​ទីក្រុង​ដូ​ហា​នៅ​យប់​ថ្ងៃ​ចន្ទ​នេះ ហើយ​កូនក្រុម​របស់លោក Gareth Southgate សង្ឃឹមថា​នឹង​អាច​ផ្តួល​អ៊ីរ៉ង់​។​

​ការ​សម្រាក​អន្តរជាតិ​ចុង​ក្រោយ​នៅ​តែ​ឃើញ​ទម្រង់​លេង​របស់​តោ​កំណាច​អង់គ្លេស​បន្ត​ស្រុតចុះ ខណៈ​ការ​មិន​ដែល​ឈ្នះ​របស់​ពួកគេ​ត្រូវបាន​បន្លាយ​ដល់​ទៅ ៦ ប្រកួត បើទោះបីជា​បី​គ្រាប់​ដែល​បាន​ស៊ុត​បញ្ចូល​ទី​ជាមួយ​ក្រុម​អាល្លឺម៉ង់​បាន​ធ្វើឱ្យ​ពួកគេ​ទីបំផុត​អាច​បញ្ចប់​គ្រោះរាំងស្ងួត​គ្រាប់​បាល់ និង​អាច​ធ្វើឱ្យ​ម្ចាស់​ស្បែកជើង​មាស​ឆ្នាំ ២០១៨ Harry Kane រក​គ្រាប់​បាល់​បាន​ឡើងវិញ​សម្រាប់​ជម្រើសជាតិ​ក៏ដោយ​។​

​ពិតណាស់ ទោះបីជា​មិន​មាន​ទម្រង់​ល្អ​ក៏ដោយ ក៏​ប្រធាន​ក្រុម Kane នៅតែ​មាន​ឈ្មោះ​មុនគេ​ក្នុង​ក្រុម​អង់គ្លេស ហើយ​រូបគេ​ទំនងជា​ត្រូវបាន​ចូលរួម​ដោយ​ជម្រើស​ដំបូង​ដូច​សព្វមួយដង​នៅក្នុង​ទម្រង់​រំពឹងទុក ៣-៤-៣ ។​

Raheem Sterling និង Phil Foden គឺជា​ខ្សែប្រយុទ្ធ​ជួរមុខ ខណៈ Jude Bellingham និង Declan Rice បាន​ស​បញ្ជាក់​ពី​ភាព​ជា​ដៃគូ​ដ៏​រឹងមាំ​នៅ​តំបន់​បម្រើ​កណ្តាល និង អម​សងខាង​ដោយ Luke Shaw និង Kieran Trippier ។ នៅ​តំបន់​ការពារ​ខាងក្រោម នៅពេលដែល Kyle Walker នៅតែ​មាន​មន្ទិលសង្ស័យ​អំពី​របួស កីឡាករ​ការពារ​ទាំង​បី​គឺ Eric Dier, John Stones និង Harry Maguire អាច​នឹង​ជា​ជម្រើស​ដំបូង ជាមួយ Jordan Pickford ជា​អ្នកចាំទី​។​

​អ៊ីរ៉ង់​មាន​ទំនោរ​ជ្រើសរើស​ទម្រង់ ៤-១-៤-១ ហើយ​មាន​ខ្សែប្រយុទ្ធ​លំដាប់​កំពូលៗ​ដូចជា Sardar Azmoun របស់ Bayer Leverkusen, Mehdi Taremi និង Alireza Jahanbakhsh របស់ Porto​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ដោយ​គ្រូបង្វឹក Carlos Queiroz ត្រឡប់​មក​ដឹកនាំ​វិញ អ៊ីរ៉ង់​មិន​រំពឹង​លេង​សម្រុក​នោះទេ គឺ​ច្បាស់​ជា​ទប់​ពេញមុខ​ទី ហើយ​រក​ឱកាស​វាយបក​លឿនៗ​។​

​អ៊ីរ៉ង់​ទទួលលទ្ធផល​ល្អ​ក្នុង​ការប្រកួត​មិត្តភាព​ចាប់តាំងពី​លោក Queiroz ត្រឡប់​មក​វិញ​ក្នុង​ខែ​កញ្ញា ដោយ​បាន​យក​ឈ្នះ​លើ​គីឡូ​ធ្ងន់​អ៊ុយ​រូ​ហ្គាយ​និង​នី​ការ៉ា​ហ្គ័​រ​ក្នុង​លទ្ធផល ១-០ ដូចគ្នា និង​ស្មើ​សេណេ​ហ្គាល់​។​

​ពួកគេ​បាន​ឈ្នះ​ការប្រកួត​វើល​ខាប់​តែ​២​ដង​ប៉ុណ្ណោះ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពួកគេ ដោយ​ចាញ់ ៩ ដង និង​ស្មើ ៤ ហើយ​ស៊ុត​បានត្រឹមតែ ៣ គ្រាប់​ប៉ុណ្ណោះ​ក្នុង​ការប្រកួត​វើល​ខា​ប់​ពីរ​លើក​ចុងក្រោយ​។​

​ផ្អែក​លើ​ទម្រង់​លេង​បច្ចុប្បន្ន ក្រុម​ទាំងពីរ​អាច​មាន​លទ្ធភាព​ស្មើ​គ្នា​ខ្ពស់ ឬ មិន​អ៊ីចឹង​អង់គ្លេស​ឈ្នះ ២-១ យ៉ាង​លំបាក​។​

– សេណេ​ហ្គាល់ vs ហូ​ឡង់ (​ពូ​ល A)

* ហូឡង់​មិនស្គាល់​ចាញ់សោះ​ក្នុង ១៥ ប្រកួត​ចុងក្រោយ​។​
* សេណេ​ហ្គាល់​ឈ្នះ​តែ​៤​លើក​គត់​ពី​ការប្រកួត​១០​លើកចុងក្រោយ​។​
* Steven Bergwijn រកបាន ៨ គ្រាប់ និង ជួយ​បញ្ជូន​បាល់ ៣ ដង​ក្នុង ១៤ ប្រកួត​ក្នុង​លី​ក​សម្រាប់ Ajax នៅ​រដូវ​កាល​នេះ​។​

​ហូឡង់​ចាប់ផ្តើម​យុទ្ធនា​ការវើលខាប់​របស់​ពួកគេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ទល់នឹង​សេណេ​ហ្គាល់​ក្នុង​ការប្រ​កួតដែល​ប្រហែល​ជា​សម្រេច​រួច​ហើយ​ថា​អ្នក​ណា​នឹង​ឈរ​លេខ​១​ក្នុង​ពូ​ល A​។​

​ក្រុម​ទាំង​ពីរ​ចូលរួម​ដោយ​ម្ចាស់ផ្ទះ​កាតា​និង​អេក្វាឌ័រ​ក្នុង​ជុំ​ទី​មួយ​នេះ​។ អេក្វាឌ័រ​មក​ពី​អាម៉េរិក​ឡាទីន​អាច​ជា​ក្រុមឡើង​ទៅ​វគ្គ​បន្ទាប់​ដ៏​គួរឱ្យ​ភ្ញាក់ផ្អើល​ក្នុង​ចំណោម​ក្រុម​ទាំង​បួន​នេះ ប៉ុន្តែ​ក្រុម​ជើង​ខ្លាំង​អឺរ៉ុប ហូ​ឡង់ និង​ម្ចាស់​ជើងឯក​អាហ្វ្រិក សេណេ​ហ្គាល់ មើល​ទៅ​ក៏​ទំនង​ឡើង​វគ្គ​បន្ទាប់​ដែរ​។​

​ហូឡង់​គឺជា​ក្រុមឡើង​ជើង​មួយ​មុន​ឆ្ពោះ​មក​កាន់កាតា ហើយ​ពួកគេ​នៅតែ​មិន​ទាន់​ស្គាល់​ចាញ់​ក្នុង​ឆ្នាំ ២០២២ ដោយ​ឈ្នះ ៦ និង​ស្មើ ២​។ ងាក​ទៅ​ក្រោយ​វិញ កូនក្រុម​របស់លោក Louis van Gaal មិនទាន់​ភ្លក្ស​រសជាតិ​ចាញ់​ទេ​ចាប់តាំងពី Euro 2020 ហើយ​ពួកគេ​អាចនឹងទទួល​បាន​៣​ពិន្ទុ​ទល់នឹង​សេណេ​ហ្គាល់​។​

​ម្ចាស់​ជើងឯក AFCON សេណេ​ហ្គាល់​មិនទាន់​រៀបចំខ្លួនបានល្អ​សម្រា​ប់ការ​ប្រកួត​វើល​ខាប់​ទេ ហើយ​ទើបតែ​ឈ្នះ ៤ ដង​ក្នុង ១០ ប្រកួត​ចុងក្រោយ​របស់​ពួកគេ​។ ទោះយ៉ាងណា សេណេ​ហ្គាល់​ពិតជា​មាន​ប្រយុទ្ធ​មុតស្រួច Sadio Mane របស់ Bayern Munich (​ឥឡូវ​អវត្តមាន​ដោយសារ​របួស​) ហើយ​ខណៈ​ហូ​ឡង់​តែង​របូត​គ្រាប់​បាល់​ក្នុង ៨ លើក​ចុងក្រោយ​របស់​ពួកគេ ដូច្នេះ​លទ្ធភាព​ស៊ុត​ចូលគ្នា​គឺ​មាន​ច្រើន​។​

​លទ្ធផល​ទស្សន៍ទាយ ហូឡង់​ឈ្នះ ២-១​។​

– សហរដ្ឋ​អាម៉េរិក vs វែល (​ពូ​ល B)

* វែល​ឈ្នះ​តែ​ម្តង​គត់​ក្នុងចំណោម​ការប្រកួត​អន្តរជាតិ​ចំនួន​៧​ចុងក្រោយ​។​
* សហរដ្ឋ​អាម៉េរិក​តែងតែ​ស្មើ​នៅ​តង់​ទី​១​ក្នុង​ការប្រកួត​វើល​ខាប់​វគ្គចែ​ក​ពូល​១៤​លើកចុងក្រោយ​។​
* វែល​ខកខាន​ស៊ុត​បញ្ចូលទី​សហរដ្ឋអាម៉េរិ​កក្នុងជំនួប​២​លើកចុងក្រោយ​។​
* សហរដ្ឋ​អាម៉េរិក​បានឈ្នះ ១-០ ដល់​ទៅ ៥ ដង​ក្នុង ៦ ប្រកួត​ក្នុង​អំឡុង​ពេល​ដែល​ពួកគេ​បាន​ឈ្នះ​ពានរង្វាន់ Gold Cup កាលពី​ឆ្នាំមុន​។​

​វា​តែងតែ​មាន​បរិយាកាស​ចម្លែក​សម្រាប់​ការប្រ​កួតបើកឆាក​។ អង់គ្លេស​ជា​ក្រុម​រំពឹង​ឈានទៅ​វគ្គ​បន្ត​ក្នុង​ពូ​ល B ដោយ​អ៊ីរ៉ង់​ក៏​រំពឹង​ក្លាយ​ជា​ឆ្អឹង​ទទឹង​ក​ដែរ​។ វែលក៏​មាន​ឱកាសល្អ​ក្នុង​ការឈាន​ទៅ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​ផង​ដែរ ត្បិត​ជា​ក្រុម​មាន​ប្រៀប​ទាប​ជាង​សហរដ្ឋ​អាម៉េរិក​។​

​ទោះយ៉ាងណា សហរដ្ឋ​អាម៉េរិក​បាន​ចូលមក​ក្នុង​ការប្រកួត​នេះ​ក្រោយ​មាន​បដិវត្តន៍​ក្នុង​ក្រុម​។ ពួកគេ​មាន​ក្រុម​ក្មេង​ជាង​គេ​បំផុត​ក្នុងវើ​លខាប់​លើក​នេះ ដែល​មាន​អាយុ​ជា​មធ្យម ២៤,២ ឆ្នាំ ដោយ​មាន​តែ​កីឡាករ DeAndre Yedlin ប៉ុណ្ណោះ​ធ្លាប់​បង្ហាញខ្លួន​នៅវើ​លខាប់​ពីមុន​។ តើ​ក្រុម​វ័យក្មេង​នេះ​អាច​យកឈ្នះ​បានទេ ឬ​មួយ​ក៏​កីឡាករ Gareth Bale របស់វែ​លអាច​រក​ជ័យជម្នះ​ចុងម៉ោង​?

​ក្រុមវែ​លមាន​ទម្រង់​លេង​គួរ​ឱ្យ​ធុញទ្រាន់​ជាងគេ​នៅវើ​លខាប់​នេះ​។ ពួកគេ​គឺជា​ក្រុម​ការពារ​សុទ្ធ ដែល​ចាំតែ​ឱកាស​ដាច់​មាត់​តែប៉ុណ្ណោះ ព្រោះ​សំអាង​លើ​ល្បឿន​របស់ Gareth Bale​។​

​បញ្ហា​សម្រាប់វែល​គឺថា​អាម៉េរិក​រៀបចំខ្លួនបាន​យ៉ាង​ល្អ​ឥតខ្ចោះ​ដើម្បី​ចៀសវាង​ការធ្លាក់​ក្នុង​អន្ទាក់​មួយ​នោះ​។ ខណៈ​ពួកគេ​ចាប់ផ្តើម​ជាមួយ​នឹង​ទម្រង់ ៤-៣-៣ ពួកគេ​មាន​ទំនោរ​ប្តូរ​ទៅ​ការពារ ៣ ក្នុងពេល​គ្រប់គ្រង​សាច់​បាល់ ហើយ​រុញ​ខ្សែការពារ​ស្លាប​ទៅលើ​តំបន់​គ្រោះថ្នាក់​របស់​គូប្រជែង​។​

​អាម៉េរិក​ក៏​មិន​ដែល​របូត​គ្រាប់​បាល់​ច្រើន​នោះដែរ​។ ពួកគេ​បាន​ឈ្នះ​ពាន Gold Cup ដែល​ជា​ការប្រកួត​ប្រចាំ​ទ្វីប​អាម៉េរិក​ខាងជើង​កាលពី​ឆ្នាំមុន ដោយ​របូត​តែ​១​គ្រាប់​គត់​។ ពួកគេ​បាន​ឈ្នះ ១-០ នៅ​៤​លើក​ចុងក្រោយ​របស់​ពួកគេ ដូច្នេះ​ទោះ​វែល​បិ​ទទាំងស្រុង​ក៏​ពិបាក​នឹង​ទប់​ជាប់​ជាមួយ​អាម៉េរិក​ដែរ​។​

​សហរដ្ឋ​អាម៉េរិក​អាច​បោះ​ជំហាន​ដ៏​ធំ​មួយ​ឆ្ពោះទៅ​កាន់​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​ជាមួយនឹង​ជ័យជម្នះ​នៅ​ថ្ងៃ​ចន្ទ​នេះ​។ វែល​នឹង​ពិបាកទប់​ជាមួយ​អាម៉េរិក នៅ​ពេល​ពួកគេ​វាយ​សម្រុក​ដល់​មាត់​ទី​ឥតឈប់ឈរ​។​

​លទ្ធផល​រំពឹងទុក គឺ សហរដ្ឋ​អាម៉េរិក​ឈ្នះ ២-០៕

អង់គ្លេស​អាច​នឹង​លំបាក​ជាមួយ​អ៊ីរ៉ង់ ដែល​ពូកែ​បិទ​នៅ​វើល​ខា​ប់