ដោយ:ដេប៉ូ/កោះកុង៖ តាមរយៈក្រុមការងារអ្នកជំនាញដែលបានចុះស្រាវជ្រាវ និងធ្វើការគាស់ផូស៊ីលឆ្អឹងដាយណូស័រនៅក្នុង កោះប៉ោ ជាប់ដែនជម្រកសត្វព្រៃតាតៃឃុំបាក់ខ្លង ស្រុកមណ្ឌលសីមាខេត្តកោះកុងបានទទួលជោគជ័យបន្ទាប់ពីតស៊ូយ៉ាងស្វិតស្វាញពេញមួយថ្ងៃរួចមក។

បើតាមក្រសួងបរិស្ថានបានឱ្យដឹងថា៖ការចុះគាស់ផូស៊ីលដាយណូស័រនេះចាប់តាំងតែពី ម៉ោង៨ព្រឹករហូតដល់ម៉ោង ៤:២៦ រសៀលក៏សម្រេចបានជោគជ័យតែម្តង។
សូមរំលឹកថាផូស៊ីលដាយណូស័រដែលបានរកឃើញជាលើកដំបូងនៅប្រទេសកម្ពុជានេះត្រូវបានអ្នកជំនាញសម្រេចចិត្តរួមគ្នាក្នុងការធ្វើការគាស់យកមករក្សាទុកនៅក្រសួងបរិស្ថាន សម្រាប់សិក្សាស្រាវជ្រាវបន្ត និងក៏ដូចជាត្រូវយកទៅតំកល់ទុកនៅសារៈមន្ទីរថ្ងៃខាងមុខ។

លោក លឹម វណ្ណច័ន្ទ ប្រធានការិយាល័យបេតិកភណ្ឌវប្បធម៌ នៃនាយកដ្ឋានបេតិកភណ្ឌធម្មជាតិ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថានបានបញ្ជាក់ប្រាប់ថា៖ក្នុងការតស៊ូរបស់ក្រុមមន្រ្តីជំនាញ និងពិសេសក្រុមអ្នកជំនាញមកពីប្រទេសបារាំងនិងស្វីសទីបំផុតការគាស់យកបំណែកផូស៊ីលឆ្អឹងសត្វដាយណូស័រទទួលបានជោគជ័យហួសពីការគិតទុកទៅទៀត។

លោកបានមានប្រសាសន៍ថា”កាលពីកាត់ដំបូងយើងគិតថាត្រូវកាត់រយៈពេលយូរថ្ងៃពោលគឺអាចចាប់ពី ២ទៅ៣ថ្ងៃឬអាចអូសបន្លាយពេលដល់មួយសប្តាហ៍ផង។ប៉ុន្តែទីបំផុតយើងបានទទួលជោគជ័យហួសពីការគិតទុក។ទាំងនេះដោយសារក្រុមការងារបានស្វិតស្វាញខ្លាំងក្លាបំផុត ហើយដោយការរួមគ្នាកម្លាំងគ្នា យើងក៏ទទួលបានជោគជ័យធំបំផុត”។

លោកបានថ្លែងប្រាប់ឱ្យដឹងបន្ថែមថា៖បន្ទាប់ពីគាស់បានសម្រេចជោគជ័យនេះមកក្រុមការងារក្រសួងបរិស្ថាន យកបំណែកផូស៊ីលឆ្អឺងណាយដូស័រទាំងមូល នៃឆ្អឹងមួយដុំនេះហើយ លោកនឹងយកវាទៅរក្សាទុកនៅក្រសួងបរិស្ថាននៅ ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ។

ទាក់ទិនក្នុងរឿងនេះលោក អេរិក ប៊ីហ្វហ្វេតូ (EricBuffetaut)អ្នកជំនាញការស្រាវជ្រាវទៅលើផូស៊ីលសត្វដាយណូស័រមកពីប្រទេសបារាំងដែលបានចូលរួមដោយផ្ទាល់ក្នុងការគាស់យកបំណែកផូស៊ីលឆ្អឺងដាយណូស័រនេះបានបង្ហាញក្តីរំភើបពីការគាស់យកបំណែកផូស៊ីលឆ្អឺងដាយណូស័រនេះហើយលោកសង្ឃឹមថាវានឹងផ្តល់នូវអត្ថប្រយោជន៍យ៉ាងសំខាន់សម្រាប់អ្នកសិក្សាស្រាវជ្រាវ ទាំងផ្នែកវិស័យទេសចរណ៍និងវិស័យផ្សេងៗទៀត។

ជាមួយគ្នា តាមរយៈការស្រាវជ្រារកឃើញផូស៊ីលសត្វដាយណូស័រនេះលោក និងក្រុមការងារនឹងបន្តសិក្សាស្រាវជ្រាវបន្ថែមទៀតនៅប្រទេសកម្ពុជាក្នុងនេះដូចជានៅខេត្តពោធិ៍សាត់ និងបាត់ដំបងបន្ទាយមានជ័យនៅថ្ងៃខាងមុខនេះផងដែរ។
គួរបញ្ជាក់ថាបើតាមមន្រ្តីជំនាញទាំងក្រសួងបរិស្ថាននិងបរទេសបានឱ្យដឹងថា៖ ផូស៊ីលឆ្អឹងសត្វដាយណូស័រនេះអាចមានអាយុកាល ៦៥លាន-១៩០លានឆ្នាំមុន ហើយនេះក៏ជាផូស៊ីលឆ្អឹងសត្វដំបូងគេ ដែលរកឃើញនៅកម្ពុជា។សម្រាប់បំណែកផូស៊ីលដាយណូស័រនេះដែរកប់ជាប់ក្នុងថ្មភក់ ហើយវាមានប្រវែង៧០សង់ទីម៉ែត្រ និងទទឹង២០សង់ទីម៉ែត្រ៕សរន / N