ដោយ៖តារារិទ្ធ(ភ្នំពេញ)ក្នុងទិដ្ឋភាពនយោបាយនិងសន្តិសុខ,កម្ពុជាបានបន្ដផ្ដល់អាទិភាពលើការពង្រឹងមជ្ឈភាពនិងឯកភាពអាស៊ានព្រមទាំងប្រកាន់ ខ្ជាប់នូវយន្តការពហុភាគីនិយមដែលជាយន្តការតំបន់ដ៏សំខាន់ក្នុងការចូលរួមចំណែកបន្ធូរបន្ថយភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនិងការប្រឈ មមុខដាក់គ្នារវាងប្រទេសមហា អំណាចជាពិសេសតាមរយៈការបន្តលើកកម្ពស់កិច្ចសន្ទនាជាមួយដៃគូក្នុងវេទិកានានា ។នេះជាការបញ្ជាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន និងជាប្រធានអាស៊ាន ។

 

សម្តេចអគ្គតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់បែបនេះនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០២២ថ្លែងក្នុងឱកាសបើកមហាសន្និបាតអន្តរសភអាស៊ាន(AIPA)លើក ទី៤៣ ដែលរៀប ចំដោយរដ្ឋសភាកម្ពុជានៅសណ្ឋាគារសុខាភ្នំពេញ ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖«ក្នុងទិដ្ឋភាពនយោបាយនិងសន្តិសុខ,កម្ពុជាបានបន្ដផ្ដល់អាទិភាពលើការពង្រឹងមជ្ឈភាព និងឯកភាពអាស៊ានព្រមទាំងប្រកាន់ខ្ជាប់ នូវយន្តការពហុភាគីនិយមដែលជាយន្តការតំបន់ដ៏សំខាន់ក្នុងការចូលរួមចំណែកបន្ធូរបន្ថយភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និង ការប្រឈមមុខដាក់គ្នារវាង ប្រទេសមហាអំណាចជាពិសេសតាមរយៈការបន្តលើកកម្ពស់កិច្ចសន្ទនាជាមួយដៃគូក្នុងវេទិកានានាទោះជាមិនទាន់អាចដោះស្រាយបានទាំងស្រុងនូវបញ្ហាសន្តិសុខនានា ក្នុងតំបន់,តែសម្តេចជឿជាក់ថាលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំកំពូល អាស៊ានលើកទី ៤០ និង ៤១និងកិច្ចប្រជុំកំពូលពាក់ព័ន្ធបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកំណត់ នូវចំណុចរួមសំខាន់ៗមួយចំនួនដែលបានផ្តល់ជាបច្ច័យសម្រាប់ ការស្វែងរកដំណោះស្រាយដើម្បីធានាឱ្យបាននូវសន្តិសុខ, ស្ថិរភាពនិង ការអភិវឌ្ឍ ។ »

សម្តេចតេជោបានបន្តថា៖សមិទ្ធផលនិងការកំណត់ទិសដៅទៅមុខយ៉ាងជាក់លាក់ទាំងនេះគឺជាសក្ខីភាពបញ្ជាក់សាជាថ្មីពីឆន្ទៈនយោបាយឥតងាកររបស់អាស៊ានក្នុងការ បន្តជំរុញការធ្វើសមាហ រណកម្មតំបន់ និង ការសម្របខ្លួនទៅនឹងគន្លងប្រក្រតីភាពថ្មីដើម្បីជំរុញកសាងអនាគតអាស៊ានប្រកបដោយឯកភាព, បរិយាបន្ន និង ភាពធន់, និងដើម្បីបង្ហាញអំពី ការប្ដេជ្ញាចិត្តអាស៊ានក្នុងការពង្រឹងទំនាក់ទំនងជាមួយដៃគូដោយឈរលើគោលការណ៍ទុកចិត្ត និង ការគោរពគ្នាទៅវិញទៅមកដើម្បី សន្តិភាព និង វិបុលភាពតំបន់ និង សកល ។

នាពេលថ្មីៗនេះប្រទេសកម្ពុជាសម្រេចបានភាពជោគជ័យគួរជាទីមោទនៈលើការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនាពេលថ្មីៗ ដោយថ្នាក់ដឹកអាស៊ាន និង ដៃគូបានអនុម័តឯកសារនិងគំនិតផ្តួចផ្តើមសំខាន់ៗជាច្រើនសំដៅលើកកម្ពស់ចីរភាព,បរិយាបន្ននិងភាព ធន់របស់អាស៊ានដូចជា៖ (១)សេច ក្តីថ្លែងការណ៍ចក្ខុវិស័យរបស់ថ្នាក់ដឹកនាំអាស៊ានស្តីពីអាស៊ានរួមគ្នាធ្វើ៖ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា។(២).សេចក្តី ថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ានស្តីពីរបៀបវារៈ នៃការតភ្ជាប់អាស៊ានក្រោយឆ្នាំ២០២៥ ។ (៣). សេចក្តីថ្លែងការណ៍អាស៊ានស្តីពីការកសាងអនាគតមួយ ប្រកបដោយចីរភាព, បរិយាបន្ន និង ភាពធន់តាមរយៈការជំរុញ សហគ្រិនភាពស្ត្រីក្នុងតំបន់អាស៊ាននិង(៤)សេចក្ដីថ្លែងការណ៍ស្តីពីបរិវត្តកម្មឌីជីថលនៃប្រព័ន្ធអប់រំក្នុងតំបន់អាស៊ាន ។ល។ ទាក់ទងនឹងចីរភាព, បរិយាបន្ន និង ភាពធន់, អាស៊ានបាននិងកំពុងផ្តល់អាទិភាពលើការអភិវឌ្ឍធនធានមនុស្ស ,ការកែទម្រង់វិស័យអប់រំនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យស្របទៅនឹងការវិវឌ្ឍនៃបរិវត្តកម្មឌីជីថល, និង ការលើកកម្ពស់តួនាទីស្ត្រីនិង យុវជន ក្នុងការបង្កើនផលិតភាព សេដ្ឋកិច្ច និង ការជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ក្នុងបរិបទក្រោយវិបត្តិកូវីដ-១៩ ។ ចំពោះបញ្ញប្រែប្រួល អាកាសធាតុ, កម្ពុជាបានស្នើអាស៊ានពិចារណាលើការរៀបចំ«គំនិតផ្តួចផ្តើមបៃតងអាស៊ាន»នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននាពេលថ្មីៗនេះផងដែរដើម្បីតម្រង់ទិសនៃ កិច្ចអភិវឌ្ឍតំបន់ឆ្ពោះទៅកាន់អនាគតបៃតងប្រកបដោយចីរភាព ។

អាស៊ានក៏កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការអនុវត្តនូវផែនការសកម្មភាពនិងគំនិតផ្តួចផ្តើមពាក់ព័ន្ធនានាដែលបានដាក់ចេញដើម្បីទាញ យកផលប្រយោជន៍ជាអតិបរមាពីកាលានុវត្តភាព ដែលកើតចេញពីនិន្នាការសកល ដូចជាឌីជីថលូបនីយកម្ម, សេដ្ឋកិច្ចចក, សេដ្ឋកិច្ចបៃតង និង ការអភិវឌ្ឍសហគ្រាសធុនមីក្រូ, តូចនិងមធ្យម,និងជាពិសេសការអនុវត្ត ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងអាសិប ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីអាស៊ាននានាដែលកិច្ចការទាំងនេះ នឹងក្លាយ ជាកម្លាំងចលករគន្លឹះក្នុងការជំរុញការតភ្ជាប់គ្រប់វិស័យ ក៏ដូចជាការរួមគ្នាឆ្លើយតប ប្រកបដោយប្រសិទ្ធភាពទៅនឹងបញ្ហាប្រឈមនានា ៕