ដោយៈប.ខុន/ ភ្នំពេញៈ ទំនប់បង្ហៀរ១មករានៃអាងស្ទឹងជីនិតដែលបាក់ដាច់កាលពីយប់ថ្ងៃទី១២ខែវិច្ឆិកាដោយទឹកហូរច្រោះនោះ ត្រូវបានទប់ជាប់វិញដោយក្រសួងធនធានទឹកនិងឧតុនិយម ដើម្បីរក្សាទឹកទុកសម្រាប់ប្រើប្រាស់នៅក្នុងរដូវប្រាំងខាងមុខ។

លោក ជាសុខនី នាយរងខុទ្ទកាល័យក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២១ខែវិច្ឆិកាថាទំនប់បង្ហៀរ១មករានៃអាងស្ទឹង ជីនិត ដែលបាក់ដាច់ដោយទឹកហូរច្រោះកាលពីថ្ងៃទី១២ខែវិច្ឆិកានោះ ពេលនេះក្រុមការងាររបស់ក្រសួងបានទប់ជាប់ហើយនិងកំពុងបន្តធ្វើការពង្រឹងដើម្បីរក្សាទឹកទុកសម្រាប់ប្រើប្រាស់នៅក្នុងរដូវប្រាំងខាង មុខ។ទឹកនៅក្នុងអាងចាប់ផ្តើមកើនឡើងវិញបន្ទាប់ពីទំនប់ត្រូវបានបិទភ្ជិត ។ក្រោយ ពី បិទ ភ្ជាប់ រួចសំណង់ ស្ទាក់ទឹក ១ មករានេះ អាចរក្សាទឹកទុកបានប្រមាណជា៤០លានម៉ែត្រគូប។

នាយករងខុទ្ទកាល័យក្រសួងខាងលើបាននិយាយឱ្យដឹងទៀតថាទំនប់អាងទឹកខាងលើនេះនឹងត្រូវធ្វើការអភិវឌ្ឍន៍នៅក្នុងពេលខាងមុខនេះ ដោយប្រើប្រាស់ថវិកា បានមកពីធនាគារអភិវឌ្ឍន៍អាស៊ី ADB និងធនាគារវិនិយោគរបស់សហគមន៍អឺរ៉ុប EIB ។
គួររំលឹកឱ្យដឹងថាអំនប់បង្ហៀរ១មករានេះត្រូវទឹកហូរច្រោះបាក់ដាច់អស់ប្រវែង៥០ម៉ែត្រ ជម្រៅ៤ម៉ែត្រ នៅក្នុងភូមិសាស្ត្រឃុំបាល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ក្នុងពេលលែងមានទឹកជំនន់ ។ ការហូរ ច្រោះ បាក់ដាច់ទំនប់នេះ ពុំរងផលប៉ះពាល់ដល់ផ្ទះសម្បែង អាយុជីវិតប្រជាពលរដ្ឋនិងសត្វពាហនៈទេ ៕srn-PC