ដោយ:ដេប៉ូភ្នំពេញ៖ ក្រោយពីការធ្វើដំណើរដ៏វែងឆ្ងាយពី ខេត្ត មណ្ឌលគិរី កូនសត្វខ្លាឃ្មុំតូចមួយក្បាល ដែលជួយសង្គ្រោះដោយពលរដ្ឋ និងប្រគល់ជូនមន្ត្រីមន្ត្រីនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ឥឡូវនេះបានបញ្ជូនមកដល់ដៃអ្នកជំនាញនៃអង្គការ Free the Bears នៅក្នុងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃនៃឧទ្យានសួនសត្វ ព្រៃការពារ និងសួនសត្វភូតគាមភ្នំតាម៉ៅដើម្បីបន្តការថែទាំ និងចិញ្ចឹមថែរក្សាឱ្យមានសុខភាពល្អ។នេះគឺជាការថ្លែងឱ្យដឹងរបស់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២។

លោករដ្ឋលេខាធិការ បានបញ្ជាក់ថា៖រូបភាពដែលទទួលបាន កូនសត្វខ្លាឃ្មុំតូចមួយក្បាលនេះមានសុខភាពល្អ និងកំពុងស្ថិតក្រោមការថែទាំងយ៉ាងយកចិត្តទុកដាក់ពី សំណាក់អ្នកជំនាញផ្នែកសត្វខ្លាឃ្មុំ។ ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីពាក់ព័ន្ធដែលបានបំពេញការងារសង្គ្រោះកូនសត្វខ្លាឃ្មុំនេះ និងថ្លែងអំណរគុណដល់ប្រជាសហគមន៍នៅក្នុងស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរីរួមនឹងអង្គការដៃគូដែលបានចូលរួមក្នុងកិច្ចការនេះ។
លោករដ្ឋលេខាធិការបានបញ្ជាំក់បន្ថែមថា៖នេះគឺជាការបង្ហាញពីកិច្ចសហការគ្នាក្នុងជួយសង្គ្រោះ ថែរក្សា អភិរក្សសត្វព្រៃនៅកម្ពុជា និងក៏បានបង្ហាញពីការយល់ដឹងរបស់ប្រជាពលរដ្ឋលើសារប្រយោជន៍នៃជីវៈចម្រុះ និងការចូលរួមក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ ព្រៃឈើ និងសត្វព្រៃ។

សត្វព្រៃដែលជាផ្នែកយ៉ាងសំខាន់ក្នុងការថែរក្សាតុល្យភាពនៃបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ីរបស់ភពផែនដី ដែលយើងទងអស់គ្នាចាំបាច់ត្រូវចូលរួមថែរក្សាការពារនិងអភិរក្សឱ្យ បានគង់វង្ស។

គួររំឭកថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការមេម៉ង និងស្នាក់ការខ្ទង់អន្ទ្រង នៃដែនជម្រកសត្វព្រៃភ្នំព្រេច បានទទួលកូនសត្វខ្លាឃ្មុំតូចចំនួនមួយក្បាលមានទម្ងន់ប្រាំពីរគីឡូ ក្រាមពីប្រជាសហគមន៍តំបន់ការពារធម្មជាតិរស់នៅក្នុងស្រុកកែវសីម៉ា ដែលរូបលោកបានចូលក្នុងព្រៃតាមឃ្វាលសត្វក្របី ហើយបានប្រទះឃើញកូនសត្វខ្លាឃ្មុំស្រែកយំ មិនឃើញមេរបស់វា ដោយរូបលោកខ្លាចកូនខ្លាឃ្មុំងាប់ លោកក៏បានចាប់យកមកភូមិ ដើម្បីប្រគល់ឲ្យមន្រ្តីជំនាញថែរក្សា៕សរន-PC

IMG_1525