ដោយៈគង់ហេង/កំពង់ចាម៖ រាជរដ្ឋាភិបាលនឹងឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហិនិភ័យក្នុងកំឡុងពេលមានសម្ពាធអតិផរណា និងគ្រួសាររងផលប៉ះពាល់ធ្ងន់ពីទឹកជំនន់ ដែលខាងមន្រ្តីផែនការបាន និងកំពុងជំរឿនទិន្នន័យ។ ប៉ុន្តែនៅពេលផ្តល់សាច់ប្រាក់ជំនួយសង្គមជាក់ស្តែង លែងប្រើប្រាស់ប័ត្រសមាសធម៌ក្រ១ ក្រ២ ជូនជនងាយគ្រោះពីជំងឺកូវីដ ១៩ គឺប្រើប្រាស់អត្តសញ្ញាណប័ណ្ណតែម្តង ដោយប្រើប្រភពលុយតែមួយទេ។ នេះជាការថ្លែងរបស់លោក អ៊ុន ចាន់ដា អភិបាលអភិបាលខេត្តកំពង់ចាម នៅស្រុកបាធាយ នាព្រឹកថ្ងៃទី ២០ វិច្ឆិកានេះ។

ក្នុងការអញ្ជើញចូលរួមពិធីបញ្ចុះខ័ណ្ឌសីមា និងឆ្លងសមិទ្ធផលនានាសរុបមានតម្លៃជាង ៥០ម៉ឺន ដុល្លារ ក្នុងវត្តឧត្តមមណីរង្សី ស្ថិតក្នុងភូមិចុង ឃុំសម្បូរ ស្រុកបាធាយ លោក អ៊ុន ចាន់ដា និងភរិយាលោកស្រី ញូង ចរិយា រួមជាមួយលោកស្រី តាំង សុគន្ធ មាលា ប្រធានក្រុមការងារគណបក្សចុះជួយ មូលដ្ឋានឃុំសម្បូរ លោកអភិបាលខេត្តកំពង់ចាមបានថ្លែងថា នៅមុននេះប៉ុន្មានថ្ងៃរដ្ឋបាលខេត្តកំពង់ចាមបានប្រជុំជាមួយមេឃុំ ចៅសង្កាត់ ស្មៀន ជំនួយការ ដើម្បីរៀបផែនការឧបត្ថម្ភសាច់ប្រាក់ដល់ក្រុមគ្រួសារងាយរងហិនិភ័យ ប៉ះពាល់ដោយអតិផរណាពីសង្រ្កាម រវាងប្រទេសរុស្សី និងអ៊ុយក្រែន ដែលធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាមួយចំនួនធ្លាក់ចូលក្នុងបន្ទាត់ភាពក្រីក្រ។
លោក អ៊ុន ចាន់ដា បានថ្លែងទៀតថាៈ បន្ថែមលើសម្ពាធអ្នករងធ្លាក់ចូលក្នុងអតិផរណា រាជរដ្ឋាភិបាលគិតគូរដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់។ ក្នុងនោះខេត្តកំពង់ចាមមានចំនួន ១០.០០០ គ្រួសាររងគ្រោះដោយទឹកជំនន់ គឺពួកគាត់បានទទួលជំនួយជាពូជស្រូវពីរាជរដ្ឋាភិបាលរួច ហើយ ដើម្បីស្តារឡើងវិញ គឺក្រុមគ្រួសារទាំងនោះក៏នឹងទទួលបានសាច់ប្រាក់អតិផរណាដែរ។
លោកបានបន្តថាៈ ខណៈនេះខាងមន្ទីរផែនការបាន និងកំពុងធ្វើការស្រង់ទិន្នន័យ ចំនួនប្រជាពលរដ្ឋធ្លាក់ចូលក្នុងបន្ទាត់ក្រីក្រ ហើយឆាប់ៗ ខាងមុខនេះខាងមន្ទីរសង្គមកិច្ច នឹងបន្តធ្វើការបើកផ្តល់ជូនសាច់ប្រាក់នេះ គឺលើកនេះ អត់ប្រើប័ត្រសមាសធម៌ ក្រ១ ក្រ២ ទៀតទេ គឺប្រើអត្តសញ្ញាណប័ត្រតែម្តង ដោយប្រើប្រភពលុយតែមួយដដែល គឺលុយរបស់រាជរដ្ឋាភិបាល។ ប៉ុន្តែរូបភាព នៃការធ្វើការងារ ជានីតិវិធីត្រូវបែងចែកកុំឱ្យមានការយល់ច្រឡំ ៕សរន / N