ដោយៈសុផល/ភ្នំពេញ៖ ថ្លែងក្នុងពិធីបើកមហាសន្និបាតអាយប៉ាលើកទី៤៣ ក្រោមមូលបទ៖ «បោះជំហានជាមួយគ្នា ដើម្បីចិរភាព បរិយាបន្ន និងភាពធន់របស់អាស៊ាន» នាថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ ២០២២ នៅសណ្ឋាគាសុខាភ្នំពេញ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភាបានលើកឡើងថា សមាជិកសភាអាយប៉ា គួរចាប់យកឱកាសនេះដើម្បីធ្វើសកម្មភាពតាមរយៈភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរបស់យើងជាកម្លាំងរួមដើម្បីសម្រេចបានផលប្រយោជន៍រួមដើម្បីដោះស្រាយបញ្ហាប្រឈម និងត្រូវធានាថាសហគមន៍អាស៊ានរបស់យើងមានចីរភាព បរិយាប័ន្ន និងភាពធន់ ជាពិសេស មូលបទនេះគូសបញ្ជាក់អំពីភាពចាំបាច់របស់យើងទាំងអស់គ្នាក្នុងការធ្វើសកម្មភាពរួមគ្នា ក្នុងស្មារតីឯកភាពអាស៊ានដើម្បីដោះស្រាយរាល បញ្ហាប្រឈមរួម របស់យើង។


សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ បានកត់សម្គាល់ថា ភាពជាដៃគូសភារបស់យើងត្រូវតែពង្រឹងពង្រីកបន្ថែមទៀតដើម្បីឲ្យយើងសម្រេចបាននូវសហគមន៍អាស៊ានដែលអាចផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនរបស់យើងទាំង អស់គ្នា ក្នុងជំនាន់នេះ និងជំនាន់ក្រោយៗទៀត។

សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ បានបន្ថែមថា ដោយសារតែស្ថានភាពនៃការរីករាលជំងឺកូវីដ-១៩នាពេលបច្ចុប្បន្ន បានធូរស្បើយនិងស្ថិតនៅក្រោមស្ថានភាពអាចគ្រប់គ្រងបាន ទើបអនុគ្រោះឲ្យសភាកម្ពុជា អាចធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអាយប៉ាដោយផ្ទាល់យ៉ាងអធិកអធម និងមានសុវត្ថិភាពក្នុងឆ្នាំនេះបន្ទាប់ពីត្រូវបានរៀបចំតាមប្រព័ន្ធនិម្មិតពីរដងរួច មកហើយ។ ក្នុងរយៈពេល៤៥ឆ្នាំ ចាប់តាំងពីអាយប៉ាត្រូវបានបង្កើត អាយប៉ាបានវិវត្តខ្លួនទៅជាអង្គការអន្តរសភាតំបន់ដ៏រឹងមាំដោយបានខិតខំព្យាយាមយ៉ាងសកម្មនិងប្រកបដោយ ប្រសិទ្ធភាពរហូតនូវគោលដៅដ៏ថ្លៃថ្លា ក្នុងការលើកកម្ពស់សាមគ្គីភាព ការយោគយល់គ្នាទៅវិញទៅមកនិងកិច្ចសហប្រតិបត្តិការមិនត្រឹមតែក្នុងចំណោមសភាជាសមាជិកអាយប៉ា ប៉ុណ្ណោះ ទេ ប៉ុន្តែជាមួយសភាសង្កេតការណ៍ និងដៃគូស្ថាប័នផ្សេងទៀតផងដែរ។

សូមបញ្ជាក់ថា មហាសន្និបាត លើកទី៤៣ ដែលធ្វើឡើងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២នេះ ក្រោមមូលបទ «បោះជំហានជាមួយគ្នា ដើម្បីនិរន្តរភាព បរិយាប័ន្ន និងភាពធន់ របស់អាស៊ាន» ក្នុងគោលបំណងជំរុញឱ្យសម្រេចបាននូវគោលដៅ និងចក្ខុវិស័យតែមួយរបស់សហគមន៍អាស៊ានមានជាអាទិ៍៖ ការស្តារសេដ្ឋកិច្ចសហគមន៍អាស៊ាន ការលើកកម្ពស់វិទ្យសាស្រ្តនិងបច្ចេកវិទ្យាឌីជីថល ការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ដើម្បីភាពប្រកួតប្រជែងរបស់អាស៊ាន ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ ជ្រុងជ្រោយក្នុងតំបន់ការលើកកម្ពស់ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ជាដើម៕ N