ដោយ : ប.ជ័យ / បន្ទាយមានជ័យៈ អនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២០ខែវិច្ឆិកា បានឃាត់ខ្លួនជនសង្ស័យ ចំនួន៧នាក់ ក្នុងករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរងខេត្តបន្ទាយមានជ័យទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានការសង្ស័យចែកចាយថ្នាំញៀន នៅក្នុងភូមិមិត្តភាពសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ក៏បានដឹកនាំកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលក្រុងប៉ោយប៉ែត ចុះទៅដល់គោលដៅនិងបានឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ ក្នុងនោះស្រី២នាក់ មកសួរនាំ រួមទាំងវត្ថុតាងម្សៅក្រាមពណ៌សថ្លា សង្ស័យជាថ្នាំញៀនចំនួនមួយកូនថង់ ទម្ងន់០.៣៧ក្រាម(សាច់ថ្នាំសុទ្ធ)និងទូរសព្ទដៃ០១គ្រឿង។

លោកស្នងការរង បានបញ្ជាក់ថា ជនសង្ស័យទាំងអស់ មានពីរនាក់ ជាមុខសញ្ញាជួញដូរ មានឈ្មោះ ១-សៀន កញ្ញា ភេទស្រី អាយុ៣២ឆ្នាំ,២-ឈ្មោះ ឆាំ រំដួល ភេទស្រី អាយុ២៧ ឆ្នាំ និងអ្នកប្រើប្រាស់៥នាក់៕/PC