​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រដ្ឋមន្ត្រី​កិច្ចការ​ផ្ទៃក្នុង​(​មហាផ្ទៃ​)​របស់​រដ្ឋាភិបាល​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក ហ្វ៊ុយ​មី​អូ គី​ស៊ី​ដា​កាលពី​ថ្ងៃអាទិត្យ​ទី​២០​វិច្ឆិកា​ត្រូវបាន​បង្ខំ​ឱ្យ​លាលែង​ពី​តំណែង​​ជុំវិញ​បញ្ហា​ផ្តល់​មូលនិធិ នៅក្នុង​ការ​វាយ​សំពង​មួយ​លើ​គណៈរដ្ឋមន្ត្រី​ដែល​ងាយ​នឹង​រង​រឿងអាស្រូវ ដែល​បាន​បាត់បង់​រដ្ឋមន្ត្រី​ពីរ​នាក់​រួច​ហើយ​ក្នុង​រយៈពេល​មួយ​ខែ​មកនេះ​។​

​លោក មី​ណូរុ តេ​រ៉ា​ដា (Minoru Terada) បាន​រង​ការរិះគន់​ជុំវិញ​ភាព​មិន​ប្រក្រតី​នៃ​គណនេយ្យ​និង​ការផ្តល់​មូលនិធិ​។ ក្នុងករណី​មួយ​លោក​បាន​ទទួលស្គាល់ថា​ក្រុម​គាំទ្រ​របស់​គាត់​មួយ​បាន​បញ្ជូន​​កំណត់ត្រា​គណនេយ្យ​ដែល​មាន​ហត្ថលេខា​របស់​អ្នកស្លាប់​។​

​លោក​គី​ស៊ី​ដា​បាន​និយាយថា “​ខ្ញុំ​សុំ​ទោស​សម្រាប់​ការលាលែង​ពី​តំណែង​ជា​បន្តបន្ទាប់​។ ខ្ញុំ​ដឹង​ពី​ទំនួល​ខុស​ត្រូវ​ដ៏​ធ្ងន់​របស់​ខ្ញុំ​សម្រាប់​ការ​តែង​តែង​ពួកគេ​”​។​

​នៅ​ថ្ងៃ​ចន្ទ​នេះ លោក​គី​ស៊ី​ដា​បាន​សន្យាថា​នឹង​ធ្វើឱ្យ​សាធារណជន​ទុកចិត្ត​ឡើងវិញ​។ លោក​បាន​ថ្លែងថា “​ខ្ញុំ​នឹង​បំពេញ​ការទទួលខុសត្រូវ​របស់​ខ្ញុំ​ដោយ​បន្ត​អនុវត្ត​គោល​នយោបាយ​សំខាន់ៗ​ដែ​កំពុង​​គរ​ដូច​ភ្នំ​” ហើយ​បាន​សន្យា​ធានា​ឱ្យ​មាន​ភាពច្បាស់លាស់​អំពី​បញ្ហា​ប្រាក់​និង​នយោបាយ​។​

​លោក​គី​ស៊ី​ដា​បាន​តែងតាំង​លោក តាកេ​អាគី ម៉ាត់​ស៊ូ​ម៉ូតូ (Takeaki Matsumoto) ជា​អតីតរដ្ឋមន្ត្រី​ការបរទេស​ឱ្យ​ជំនួស​លោកថេ​រ៉ា​ដា​។​

​លោកតេ​រ៉ា​ដា​បាន​បង្ហាញ​ខ្លួន​នៅ​ការិយាល័យ​នាយករដ្ឋមន្ត្រី​កាលពី​យប់​ថ្ងៃអាទិត្យ ហើយ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​គាត់​បាន​ដាក់ពាក្យ​លាលែង​ពី​តំណែង​ទៅ​លោក​គី​ស៊ី​ដា​តែ​ទោះ​យ៉ាងណា​គាត់​មិន​​បាន​និយាយថា​តើ​គាត់​ត្រូវបាន​បង្ខំ​ឱ្យ​ធ្វើ​ដូច្នេះ​ឬ​យ៉ាងណា​នោះ​ទេ​។​

​លោក​បាន​និយាយថា “​ខ្ញុំ​ជា​អ្នក​ធ្វើ​ការសម្រេចចិត្ត ពី​ព្រោះ​ខ្ញុំ​មិន​ត្រូវ​ជ្រៀតជ្រែក​ជាមួយ​ការពិភាក្សា​របស់​សភា​អំពី​ច្បាប់​សំខាន់ៗ ដោយសារ​តែ​បញ្ហា​របស់​ខ្ញុំ​ទេ​”៕

​លោក​គី​ស៊ី​ដា​បណ្តេញ​រដ្ឋមន្ត្រី​បី​រូប​ក្នុងពេល​មួយខែ​