​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ក្រុមហ៊ុន Christie’s បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​២០​វិច្ឆិកា​ថា ខ្លួន​នឹង​ដក​គ្រោងឆ្អឹង​ដាយ​ណូ​ស័រ Tyrannosaurus Rex​ដែល​ខ្លួន​គ្រោង​នឹង​​ដាក់លក់​ដេញថ្លៃ​នៅ​ចុង​ខែ​វិច្ឆិកា​ក្នុង​ទីក្រុង​ហុងកុង ដែល​ដំបូង​ឡើយ​វា​ត្រូវ​គេ​រំពឹងថា​នឹង​ប្រមូលបាន​ចន្លោះ​ពី ១៥ លាន​ទៅ ២៥ លាន​ដុល្លារ​។​

​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន Christie’s លោក អេ​ដវ៉ា​ដ ឡេវី​ន (Edward Lewine) បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​”​បន្ទាប់​ពី​ការពិគ្រោះ​យោបល់​ជាមួយ​អ្នក​ដឹកជញ្ជូន​គ្រោង​​ឆ្អឹង​ដាយ​ណូ​ស័រ Tyrannosaurus Rex ដែល​គ្រោង​នឹង​ដាក់​លក់​នៅ​ថ្ងៃទី ៣០ ខែវិច្ឆិកា​នៅ​ហុងកុង ក្រុមហ៊ុន Christie’s បាន​សម្រេចចិត្ត​ដកចេញ​ការលក់​ដេញថ្លៃ​។ ឥឡូវ​នេះ​អ្នក​ដឹកជញ្ជូន​បាន​សម្រេច​ឱ្យ​គ្រោងឆ្អឹង​ដាយ​ណូ​ស័រនេះ​ទៅ​សារមន្ទី​រមួយ​ខ្ចី​សម្រាប់​ដាក់​តាំង​ជា​សាធារណៈ​ហើយ​”​។​

​នៅពេល​សួរ​អំពី​ហេតុផល​សម្រាប់​ការដកចេញ​ការលក់​ដេញថ្លៃ​នេះ លោក​ឡេវី​ន​បាន​និយាយថា ក្រុមហ៊ុន​ដេញថ្លៃ​ជឿថា សំណាក​គ្រោងឆ្អឹង​នេះ​នឹង “​ទទួលបាន​អត្ថប្រយោជន៍​ពី​ការសិក្សា​បន្ថែម​”​។​

​ដំណឹង​នេះ​បាន​កើតឡើង​១០​ថ្ងៃមុន​ការលក់​ដែល​បាន​គ្រោងទុក​។​

​ដាយ​ណូ​ស័រ T. rex ដែល​ក្រុមហ៊ុន​ដេញថ្លៃ​ហៅថា Shen ត្រូវបាន​ចាត់ទុក​ជា​គ្រោងឆ្អឹង​ដាយ​ណូ​ស័រ​ដំបូង​គេ​ដែល​បាន​បង្ហាញខ្លួន​នៅក្នុង​ការដេញថ្លៃ​នៅ​អាស៊ី​។ សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន Christie’s បាន​កោតសរសើរ​គ្រោងឆ្អឹង​នេះ​ថា​ជា “​ស្តង់ដារ​សារមន្ទីរ​” និង “​សំណាក​គំរូ​លំដាប់​ពិភពលោក​”​។​

​ប៉ុន្តែ​សំណួរ​អំពី​ហ្វូ​ស៊ីល​នេះ​ត្រូវបាន​លើកឡើង​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ នៅពេល​ដែល​មេធាវី​សម្រាប់​វិទ្យាស្ថាន​ស្រាវជ្រាវ​ភូមិសាស្ត្រ Black Hills ដែលជា​ក្រុមហ៊ុនហ្វូ​ស៊ីល​មួយ​នៅរ​ដ្ឋ​សៅ​ដា​កូតា (South Dakota) បាន​ទាក់ទង​ទៅ​ក្រុមហ៊ុន Christie’s អំពី​ភាព​ស្រដៀង​គ្នា​រវាង Shen និង​គ្រោងឆ្អឹង​ដាយ​ណូ​ស័រ T. rex មួយទៀត​ដែល​មានឈ្មោះ​ថា Stan ដែល​ក្រុមហ៊ុន Christie’s បាន​លក់​ក្នុង​ឆ្នាំ ២០២០ ក្នុងតម្លៃ ៣១,៨ លាន​ដុល្លារ​អាម៉េរិក​។​

​ទោះបីជា​ដាយ​ណូ​ស័រ Stan បាន​ដាក់​លក់​ដេញថ្លៃ​រួចហើយ​ក៏​ដោយ ក៏ប៉ុន្តែ​វិទ្យាស្ថាន Black Hills បាន​រក្សា​កម្មសិទ្ធិបញ្ញា​លើ​គ្រោងឆ្អឹង​ដាយ​ណូ​ស័រ​ពូជ​មួយ​នេះ​ដោយ​អនុញ្ញាត​ឱ្យ​វិទ្យាស្ថាន​​នេះ​បន្ត​លក់​គំរូ​គ្រោងឆ្អឹង​សិប្បនិម្មិត​លាប​ពណ៌​របស់​ដាយ​ណូ​ស័រនេះ ដែល​បច្ចុប្បន្ន​មាន​តម្លៃ ១២​ម៉ឺន​ដុល្លារ​អាម៉េរិក​ក្នុង​មួយ​គ្រោង​ឆ្អឹង​៕

​មនុស្ស​ចោមរោម​មើល​គ្រោងឆ្អឹង​ដាយ​ណូ​ស័រ T. rex អំឡុង​ការតាំង​បង្ហាញ​នៅ​សាលតន្ត្រី​វី​តូ​រៀនៅ​សិង្ហបុរី​កាលពី​ថ្ងៃទី ២៨ ខែតុលា ឆ្នាំ​២០២២