ដោយៈប.ខុន/ភ្នំពេញៈ នៅល្ងាចថ្ងៃទី២១ខែវិច្ឆិកានេះអាចនឹងមានភ្លៀងរលឹមនៅលើរាជធានីភ្នំពេញដោយសារឥទ្ធិពលសម្ពាធទាបខ្សោយមួយកំពុងមានសកម្មភាពនៅក្បែរទីក្រុង ហូជីមិញ ខណៈពេលសម្ពាធទាបសកម្មមួយកំពុងមានចលនានៅលើខេត្តដាណាងភាគកណ្តាលប្រទេសវៀតណាមដែរនោះ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២២ថានៅល្ងាចថ្ងៃទី២១ ខែវិច្ឆិកានេះ អាចនឹងមានភ្លៀងរលឹមកើតមានឡើងនៅលើរាជធានីភ្នំពេញដោយសារឥទ្ធិពលសម្ពាធទាបខ្សោយមួយនៅក្បែរទីក្រុងហូជីមិញខណៈពេលសម្ពាធទាបសកម្មមួយកំពុងមានសកម្មភាពនៅលើខេត្តដាណាងភាគកណ្តាលប្រទេសវៀតណាម។
អ្នកនាំពាក្យក្រសួងជំនាញខាងលើនិយាយឱ្យដឹងទៀតថាភ្លៀងដោយសារចលនាខ្យល់រុញមកពីសមុទ្រចិនខាងត្បូងនៅបន្តមានភ្លៀងធ្លាក់រាយប៉ាយច្រើនថ្ងៃទៀតនៅ ស្ទើរទូទាំងប្រទេសកម្ពុជា។ ឯខ្យល់មូសុងឦសានធ្លាក់ចុះមកមិនទាន់រួចនៅឡើយទេ។
ក្រសួងធនធានទឹកនិងឧតុនិយមកាលពីថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០២២បានជូនដំណឹងស្តីស្ថានភាពអាកាសធាតុសម្រាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៣ខែវិច្ឆិកាថា មានសម្ពាធទាបសកម្មមួយបានកើតនៅលើភាគខាងត្បូងនៃសមុទ្រចិនខាងត្បូង(ខាងជើងកោះបរ័ណេអូឥណ្ឌូណេស៊ី) ដោយមានដំណើររំកឹលឆ្ពោះមកទិសខាងលិចចូលក្នុងឈូងសមុទ្រថៃនៅថ្ងៃទី២២ខែវិច្ឆិកា។
នៅក្នុងសេចក្តីជូនដំណឹងបានសរសេរទៀតថាចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២២ខែវិច្ឆិកាអាចនឹងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ដោយក្នុងនោះនៅផ្នែកមួយចំនួននៃរាជ ធានី ខេត្តនៅតំបន់ទំនាបកណ្តាលភាគពាយព្យ តំបន់មាត់សមុទ្រ មានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរនិងច្រើនដោយអន្លើលាយឡំទៅដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ ។នៅលើ ផ្ទៃ
សមុទ្រអាចមានភ្លៀងខ្យល់ខ្លាំងនិងរលកសមុទ្រខ្ពស់ៗ៕/PC