ដោយៈសុផល/ភ្នំពេញ៖ ​​​សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានអន្តរសភាអាស៊ាន ហៅកាត់ អាយប៉ា (AIPA) លើកទី៤៣ មានប្រសាសន៍ថា ៖ស្ថាប័ននីតិប្បញ្ញត្តិ ត្រូវដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់គម្រូថ្មី នៃការអភិវឌ្ឍសេដ្ឋកិច្ច ដែលមានតុល្យភាពរវាងការការពារបរិស្ថាន កំណើនសេដ្ឋកិច្ច បរិយាបន្ន និងមាននិរន្តរភាពយូរអង្វែង។

សម្តេច ហេង សំរិន សង្កត់ធ្ងន់ថា «យើងគួរតែធ្វើគ្រប់យ៉ាងដើម្បីធានាថា ការងើបឡើងវិញ គឺប្រកបដោយបរិយាបន្ន ហើយមិនមាននរណាម្នាក់នឹងត្រូវបានទុកចោលឡើយ។ បរិយាបន្នឌីជីថល បរិយាបន្នហិរញ្ញវត្ថុ ការគាំពារសង្គម សមភាពយេនឌ័រ និងការអភិវឌ្ឍដែលផ្តោតលើប្រជាជនជាធំគឺជាយន្តការសំខាន់បំផុតក្នុងការធានាបាននូវការអភិវឌ្ ប្រកប ដោយចីរភាព បរិយាបន្ន និងភាពធន់»។

ថ្លែងក្នុងពិធីបើកអាយប៉ា លើកទី៤៣ ដែលសភាកម្ពុជាធ្វើជាប្រធាននៅថ្ងៃទី២១ ខែវិច្ឆិកានេះ សម្តេច ក៏បានបញ្ជាក់ថា
«យើងត្រូវធ្វើឱ្យពិភពលោកដឹងពីជំហររបស់យើង ដោយបដិសេធរាល់គំនិត និងការអនុវត្តទាំងឡាយដែលបង្កឱ្យមានសង្គ្រាម ហើយយើងត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ដែលមានចែងនៅក្នុងធម្មនុញ្ញ របស់អង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ»។

សម្តេចបានបន្តថា«ដើម្បីសម្រេចបាននូវសហគមន៍អាស៊ានមួយ ដែលមាននិរន្តរភាពយូរអង្វែង យើងទាំងអស់គ្នាចាំបាច់ត្រូវមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការអនុវត្តនូវដំណើរការ នៃការស្តារឡើងវិញ ដែលសំដៅលើកកម្ពស់ដល់ភាពធន់ទៅនឹងអាកាសធាតុ អន្តរកម្មឋាមពលស្អាត និងករកើតឡើងវិញ ការវិនិយោគបៃតង និងការធ្វើហិរញ្ញប្បទានបៃតង ជាដើម ដែលកត្តាទាំងនេះ យើងត្រូវព្យាយាមសម្រេចឱ្យបាននូវរបៀបវារៈដ៏សំខាន់របស់យើងដែលផ្តោតលើបរិស្ថាន សង្គម និងអភិបាលកិច្ច ដែលប្រការនេះនឹងជួយទាក់ទាញដល់ការ វិនិយោគទុនបរទេសមកកាន់តំបន់របស់យើង»។

សម្តេចបន្តទៀតថា អាយប៉ាលើកទី៤៣ មិនត្រឹមតែផ្តល់ឱ្យយើងនូវឱកាសដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការយោគយល់ ជឿទុកចិត្តគ្នាទៅវិញទៅមកប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានដើរតួជាវេទិកាមួយ ដើម្បីស្វែងរករាល់ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ចំពោះបញ្ហាដែលយើងកំពុងប្រឈម។ ការពិភាក្សារបស់យើង ចាំបាច់ត្រូវផ្តោតលើការធ្វើសកម្មភាព និងដំណោះស្រាយបញ្ហា។ យើងបានអនុម័តសេចក្ដីសម្រេចចិត្ត និងសេចក្តីប្រកាសជាច្រើននាពេលកន្លងមក ប៉ុន្តែអ្វីដែលយើងត្រូវការនៅពេលនេះ គឺការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់។ យើងទាំងអស់គ្នាជាតំណាងឱ្យប្រជាពលរដ្ឋ ដូចច្នេះយើងត្រូវមានគណនេយ្យភាព និងទំនួលខុសត្រូវចំពោះប្រជាពលរដ្ឋយើងដោយ “ការទទួលខុសត្រូវក្នុងការអនុវត្ត”។

សូមបញ្ជាក់ថា មហាសន្និបាត លើកទី៤៣ ដែលធ្វើឡើងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២នេះ ក្រោមមូលបទ «បោះជំហានជាមួយគ្នា ដើម្បីនិរន្តរភាព បរិយាប័ន្ន និងភាពធន់ របស់អាស៊ាន» ក្នុងគោលបំណងជំរុញឱ្យសម្រេចបាននូវគោលដៅ និងចក្ខុវិស័យតែមួយរបស់សហគមន៍អាស៊ានមានជាអាទិ៍៖ ការស្តារសេដ្ឋកិច្ចសហគមន៍អាស៊ាន ការលើកកម្ពស់វិទ្យសាស្រ្តនិងបច្ចេកវិទ្យាឌីជីថល ការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ដើម្បីភាពប្រកួតប្រជែងរបស់អាស៊ាន ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ជាដើម៕/PC