ដោយៈសុផល ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញបើកវេទិកាជាតិអេកូទេសចរណ៍លើកទី៣ ឆ្នាំ២០២២នេះ សណ្ឋាគារហ្គាឌិនស៊ីធី រាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ រួមទាំងមានការចូលរួមពីមន្ត្រីជំនាញ និងតំណាងសហគមន៍ជាច្រើនទៀតផងដែរ។

ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍ប្រកបដោយប្រសិទ្ធភាព និងសក្តិសិទ្ធិភាព ពិសេសប្រែក្លាយបញ្ហាប្រឈមឲ្យក្លាយជាឱកាស លោក រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ បានដាក់ចេញនូវការណែនាំបន្ថែមចំនួន ៧ចំណុច ដើម្បីឱ្យមន្ត្រីជំនាញអនុវត្តឱ្យមានប្រសិទ្ធភាព។

អនុសាសន៍ណែនាំបន្ថែមទាំង ៧ចំណុច របស់លោករដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ រួមមាន៖

ទី១៖ សូមឲ្យអង្គវេទិកា យកខ្លឹមសារ និងលទ្ធផលនៃវេទិកាជាតិអេកូទេសចរណ៍លើកទី២ ដើម្បីលើកឡើងក្នុងកិច្ចពិភាក្សា ក៏ដូចជាតាមដានការអនុវត្តនូវផែនការដែលបានដាក់ចេញ។
ទី២៖ សូមឲ្យអង្គវេទិកាបន្តយកចិត្តទុកដាក់ពិភាក្សាអំពីការបញ្ចូលសកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍ទៅក្នុងសហគមន៍ដែលមានសក្តានុពលទោះបីស្ថិតក្រោមដែន សមត្ថកិច្ចរបស់ក្រសួង ស្ថាប័នណាក៏ដោយ ពិសេសរិះរកនូវគំរូជោគជ័យដែលមានលក្ខណៈសត្យានុម័ត ក្នុងការអភិវឌ្ឍសហគមន៍ ទាំងនៅថ្នាក់ជាតិក៏ដូចជានៅថ្នាក់មូលដ្ឋានស្របពេល ដែល ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ពិសេសក្រសួងជំនាញទាំង៣ ទេសចរណ៍ បរិស្ថាន កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឯកភាពជាគោលការណ៍និងគោលនយោបាយ ក្នុងការបញ្ចូលសកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍ទៅគ្រប់សហគមន៍ដែលមានសក្តានុពល។

ទី៣៖ ខណៈដែលអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ មានលក្ខណៈប្រទាក់ក្រឡាអន្តរវិស័យ និងអន្តរស្ថាប័ន ស្នើឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ បង្ហាញជូនអង្គវេទិកាឲ្យបានគ្រប់ជ្រុងជ្រាយនូវគោលនយោបាយ និងផែនការសកម្មភាពអាទិភាព ក្នុងការជំរុញការដោះស្រាយទៅលើបញ្ហាសំខាន់ៗ ដូចជាការស្ថាបនាផ្លូវតភ្ជាប់ទៅតំបន់សហគមន៍ ការផ្គត់ផ្គង់អគ្គិសនី ការផ្គត់ផ្គង់ទឹកស្អាត ការបន្តតំឡើងប្រព័ន្ធទូរស័ព្ទ និងប្រព័ន្ធអ៊ីនធើណែត ការគ្រប់គ្រងសំរាម ការដោះមីន និងគ្រាប់មិនទាន់ផ្ទះ ការព្យាបាលជំងឺគ្រុនចាញ់ និងបញ្ហាផ្សេងៗរបស់សហគមន៍ ពិសេសឆ្លើយតបតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋមូលដ្ឋាន។

ទី៤៖ សូមអំពាវនាវឲ្យបណ្តាដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិនានា ដែលមានវត្តមានក្នុងវេទិកានេះ ផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុនានា ដល់ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ លើការអនុវត្តគម្រោងនានាពាក់ព័ន្ធនឹងអេកូទេសចរណ៍ និងសហគមន៍។

ទី៥៖ សូមឲ្យវិស័យឯកជន ពង្រឹងការគាំទ្រជួយដល់សហគមន៍ ពិសេសការជំរុញការរៀបចំកញ្ចប់ទស្សនកិច្ចទៅកាន់តំបន់សហគមន៍ និងត្រូវប្រើប្រាស់សេវារបស់សហគមន៍ឲ្យបានច្រើន ដែលជាការលើកទឹកចិត្តដល់ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យបន្តលើកកម្ពស់គុណភាព និងជៀសវាងស្ថានភាព «ពងមាន់ មេមាន់»។ ទន្ទឹមនឹងនេះគួរជំរុញឲ្យមានការរៀបចំនូវព្រឹត្តិការណ៍ដែលពាក់ព័ន្ធនឹងសហគមន៍ ដូចជាពិធីបុណ្យអេកូទេសចរណ៍ និងព្រឹត្តិការណ៍កីឡាទេសចរណ៍នៅតាមតំបន់អេកូទេសចរណ៍សំខាន់ៗនៅទូទាំងប្រទេស។

ទី៦៖ សូមឲ្យបងប្អូនដែលអញ្ជើញមកពីសហគមន៍ទាំងអស់លើកឡើងនូវបញ្ហាប្រឈមសំខាន់ៗរបស់ខ្លួន ដើម្បីដាក់ជូនអង្គវេទិកាពិភាក្សា និងឈានទៅរកដំណោះស្រាយជាក់ស្តែងក្នុងអង្គវេទិកាដោយផ្ទាល់ ឬត្រូវរាយការណ៍សុំការសម្រេចពីរាជរដ្ឋាភិបាលបន្ទាប់ពីបញ្ចប់វេទិកាជាតិនេះ។

ទី៧៖ សូមឲ្យអង្គវេទិកាបន្តផ្តោតការចាប់អារម្មណ៍ និងពិភាក្សាអំពីការបញ្ចូលទស្សនទាននៃភាពច្នៃប្រឌិត និងនវានុវត្តភាព (Creative & Innovative) ក្នុងការអភិវឌ្ឍតំបន់អេកូទេសចរណ៍ ស្របតាមយុគសម័យបដិវត្តន៍ឧស្សាហកម្ម ៤.០ ដើម្បីផ្តល់បទពិសោធន៍ថ្មីជូនភ្ញៀវទេសចរ ពិសេសការវិនិយោគក្នុងតំបន់អេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍។

ជាមួយគ្នានោះដែរ លោកប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ ទេសចរណ៍ និងអេកូទេសចរណ៍ ក៏បានបង្ហាញជឿជាក់យ៉ាងមុតមាំថា តាមរយៈកិច្ចពិភាក្សានៅក្នុងវេទិកាជាតិនេះនឹងអាចទាញយកនូវទស្សនទានល្អៗបន្ថែមទៀត ដើម្បីជាមូលដ្ឋានក្នុងការរៀបចំបទដ្ឋានគតិយុត្តចាំបាច់នានាបន្ថែមទៀត ជំរុញការអភិវឌ្ឍវិស័យអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ ប្រកបដោយការទទួលខុសត្រូវ និងបរិយាប័ន្ន ពិសេសក្នុងបរិបទដែលយើងទាំងអស់គ្នាត្រូវបន្តបន្សាំខ្លួនរស់នៅក្នុងគន្លងថ្មី៕ N