ដោយៈ ឫទ្ធិស័ក្តិ/ភ្នំពេញៈ ករណីស្ត្រីអ្នកជំនួញឈ្មោះ ពេជ្រ ស្រីមុំ ឆបោកលុយរាប់លានដុល្លារ ត្រូវបានតំណាងអយ្យការបានបើកការស៊ើបសួរ
ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោកប្លង់ សុផល បានថ្លែងប្រាប់ រស្មីកម្ពុជានៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ថា ” ករណីខាងលើតំណាងអយ្យការបានបើកការស៊ីបសួរពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន “។

សូមជម្រាបថា ស្ត្រីអ្នកជំនួញឈ្មោះ ពេជ្រ ស្រីមុំ ដែលល្បីខាងឆបោកមនុស្សជាច្រើននាក់ អស់ទឹកប្រាក់រាប់លានដុល្លារ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឃាត់ខ្លួនកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ៤ដេ ផ្លូវដាវីន បុរី វរជន ក្នុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ តាមដីកាបញ្ជាអោយចូលខ្លួន របស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ លេខ ៤៨០ អ.យ.ក ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជូនដូរបាន ដែលការឃាត់ខ្លួននេះ មានការដឹកនាំអនុវត្ត និងសម្របសម្រួលដោយលោកព្រះរាជអាជ្ញារង គឹម ហុងសាន។ ក្រៅពីនេះ ស្រ្តីខាងលើនៅមានជាប់ពាក់ព័ន្ធបណ្តឹងជាច្រើនទៀត ដែលបានប្តឹងចូលទាំង អាវុធហត្ថ នគរបាល និងតុលាការ ថែមទៀតផង។

គួររម្លឹកថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យក ពេជ្រ ស្រីមុំ នៅចំណុចមុខអគារ Rise Commercial Building លេខ៥ ផ្លូវលេខ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន ទឹកប្រាក់ជិត ៨សែនដុល្លារ តាមពាក្យបណ្តឹងរបស់ឈ្មោះ លឹម ហ៊ួរនីតូ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ ពាណិជ្ជករ ប៉ុន្តែដោយសារមានអ្នកមានឥទ្ធិពល និងទឹកលុយ អន្តរាគមន៍រត់កការដោះលែងបាននៅក្រៅឃុំ៕/PC