​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ អនុ​ប្រធានាធិបតី កា​ម៉ា​ឡា ហារី​ស បាន​ប្រកាស​កាលពី​ថ្ងៃ​សៅរ៍​ទី​១៩​វិច្ឆិកា​ថា​សហរដ្ឋ​អាម៉េរិក​នឹង​ជួយ​ថៃ​ក្នុង​ការអភិវឌ្ឍ​ថាមពលនុយក្លេអ៊ែរ​តាម​​រយៈ​ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ​តូចៗ​ប្រភេទ​ថ្មី ជា​ផ្នែក​នៃ​កម្មវិធី​ដែល​មាន​គោលបំណង​ប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ​។​

​សេត​វិមាន​បានឱ្យដឹងថា ជំនួយ​នេះ​គឺជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម ឈ្មោះថា Net Zero World Initiative​ដែល​ជា​គម្រោង​មួយ​ចាប់ផ្តើម​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាកាសធាតុ​​នៅ​ទីក្រុង​ក្លាស​ហ្គោ (Glasgow) ឆ្នាំ ២០២១ ដែល​សហរដ្ឋ​អាម៉េរិក​ចាប់​ដៃគូ​ជាមួយ​វិស័យ​ឯកជន​និង​សប្បុរសជន​ដើម្បី​លើកកម្ពស់​ថាមពល​ស្អាត​។​

​ថៃ​មិន​មាន​ថាមពល​នុយក្លេអែរ​ទេ ប៉ុន្តែ​អារម្មណ៍​សាធារណៈ​ចំពោះ​បញ្ហា​នេះ​បាន​ហក់​ឡើង​ខ្ពស់​បន្ទាប់​ពី​គ្រោះមហន្តរាយ​នៅ​ហ្វូ​គូ​ស៊ី​ម៉ា​ឆ្នាំ ២០១១ នៅ​ប្រទេស​ជប៉ុន​។​

​សេត​វិមាន​និយាយថា ខ្លួន​នឹង​ផ្តល់​ជំនួយ​បច្ចេកទេស​ដល់​ថៃ​ដើម្បី​ដាក់ពង្រាយ​បច្ចេកវិជ្ជា​ដែល​កំពុង​អភិវឌ្ឍ​នៃ​ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ​ម៉ូឌុល​តូចៗ ដែល​ផលិត​ដោយ​រោងចក្រ​និង​អាច​ចល័ត​ទី​បាន​។ ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ​បែបនេះ​ជាទូទៅ​ត្រូវបាន​ចាត់ទុក​ថា​មាន​សុវត្ថិភាព​ជាង ពីព្រោះ​វា​មិន​ត្រូវ​ការអន្តរាគមន៍​ពី​មនុស្ស​ដើម្បី​បិទ​នៅ​ពេល​មាន​អាសន្ន​។​

​មន្ត្រីជាន់ខ្ពស់​អាម៉េរិក​ម្នាក់ ដែល​ធ្វើដំណើរ​ជាមួយ​លោកស្រី​ហារី​ស បាន​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា​”​យើង​ពិតជា​ទន្ទឹងរង់ចាំ​ធ្វើការ​ជាមួយ​ថៃ​ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ពី​ម៉ាស៊ីន​រ៉េ​អាក់​​ទ័រ​ម៉ូឌុល​ខ្នាតតូច​និង​ប្រភព​ថាមពល​ស្អាត​ដែល​អាច​ជឿ​ទុកចិត្តបាន​”​។​

​សេចក្តីថ្លែងការណ៍​របស់សេត​វិមាន​បានឱ្យដឹង​ទៀត​ថា អ្នកជំនាញ​អាម៉េរិក​នឹង​ធ្វើការ​ជាមួយ​ថៃ​លើ​ការ​ដាក់​ពង្រាយ​ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ ដែល​នឹង​មាន “​ស្តង់ដារ​ខ្ពស់​បំផុត​នៃ​សុវត្ថិភាព សន្តិសុខ និង​ការមិន​រីក​សាយភាយ​នុយក្លេអ៊ែរ​” និង ចំណាយ​ដី​សាងសង់​តូច​ជាង​ជម្រើស​ផ្សេងទៀត​៕

​សហរដ្ឋ​អាម៉េរិក​កំពុង​លើកទឹកចិត្ត​ថៃ​ឱ្យ​ប្រើ​ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ​ម៉ូឌុល​តូច​ជា​ប្រភព​ថាមពល​ស្អាត