​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (The Value) ៖ លោក​សល ប៊ែរ​(Salt Bae) ត្រូវបាន​គេ​រិះគន់​យ៉ាង​ខ្លាំង​នៅលើ​បណ្តាញ​សង្គម​បន្ទាប់ពី​អួត​អំពី​វិក្កយបត្រ​របស់​អតិថិជន​ដែល​មាន​តម្លៃ ១៤០.៥៨៤ ផោន (១៦៦.១៦១ ដុល្លារ​) ដោយ​សាច់​អាំង​មួយ​ដុំ​មានតម្លៃ ១.០៣០ ផោន​។​

​សេដ្ឋី​ភោជនីយដ្ឋាន​តួ​ក​គី ដែល​ល្បី​ខាង​សាច់​អាំង​រុំ​មាសសន្លឹក​និង​ក្បាច់​រោយ​អំបិល​ប្រចាំត្រកូល​របស់គាត់ ត្រូវ​បាន​រិះគន់​នៅលើ Instagram ដោយ​អ្នក​អត្ថាធិប្បាយ​ជាច្រើន​បាន​ហៅ​តម្លៃ​នោះ​ថា “​ឆ្កួត​ពេក​ហើយ​” និង “​អំនួត​ពេក​”​។​

​វិក្កយបត្រ​ដ៏​ញាក់សាច់​នេះ​គឺ​ចេញមក​ពី​ភោជនីយដ្ឋាន Nusr-Et Steakhouse របស់ Salt Bae ក្នុង​ទីក្រុង​អា​ប៊ូ​ដា​ប៊ី ដោយ​ភ្ញៀវ ១៤ នាក់​បាន​បង់​ប្រាក់​ចំនួន ៦១៥.០៦៥ Dirham (​ជាង​១៦​ម៉ឺន​ដុល្លារ​) មានន័យថា វា​មាន​តម្លៃ ១១.៨៦៨ ដុល្លារ​ក្នុង​មនុស្ស​ម្នាក់​។​

​គេ​មិនដឹងថា​វិក្កយបត្រ​នេះ​ជា​របស់​នរណា​ទេ​។ ប៉ុន្តែ​បច្ចុប្បន្ន​មនុស្ស​ល្បីៗ​មួយចំនួន​កំពុង​ទៅ​ទស្សនា​ទីក្រុង​អា​ប៊ូ​ដា​ប៊ី ជាមួយនឹង​រដូវ​កាល​ប្រណាំង​ឡាន Formula 1​វគ្គ​ផ្តាច់ព្រ័ត្រ​ធ្វើឡើង​នៅ​ទីនោះ​​នៅ​ចុង​សប្តាហ៍​នេះ និង​ប្រទេស​ជិតខាង​កាតា​កំពុង​ធ្វើជា​ម្ចាស់ផ្ទះ​វើល​ខា​ប់ ដែល​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃអាទិត្យ​៕

Salt Bae រង​ការរិះគន់​ចំពោះ​រឿង​បង្ហោះ​វិក្កយបត្រ​សាច់គោ​អាំង​ស្រោបមាស​តម្លៃ​ជាង​១៦​ម៉ឺន​ដុល្លារ