ដោយៈប.ខុន/ភ្នំពេញៈ ទឹកបឹងទន្លេសាបនៅក្រគរ កំពង់លួងនៅសល់កម្ពស់ខ្ពស់ជាងទឹកទន្លេសាបនៅភ្នំពេញដល់ទៅ១,៥៩ម៉ែត្រ ដោយសារកម្ពស់ទឹកនៅខ្ពស់ខុសគ្នាច្រើននេះហើយនាំឱ្យចរន្តទឹកហូរចេញពីបឹងទន្លេសាបមានល្បឿនរហូតដល់ពី០,៥០ទៅ០,៧៥ម៉ែត្រក្នុងមួយវិនាទី ធ្វើឱ្យពិបាកដល់ការធ្វើនាវាចរនិងការនេសាទតាមគន្លងដាយក្នុងដង ទន្លេសាប។

លោក ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាបដែលមានជំនាញជលសាស្ត្របានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២២ថា ទឹកបឹងទន្លេសាបនៅក្រគរកំពង់លួងពេលនេះនៅសល់កម្ពស់៦,៦៨ម៉ែត្រ គឺខ្ពស់ជាងទឹកទន្លេសាបនៅភ្នំពេញដល់ទៅ១,៥៩ម៉ែត្រ ។ ដោយសារកម្ពស់ទឹកខុសគ្នាច្រើននេះហើយនាំឱ្យចរន្តទឹកហូរចេញពីបឹងទន្លេសាបមានល្បឿនរហូតដល់ទៅពី០,៥០ទៅ០,៧៥ម៉ែត្រក្នុងមួយវិនាទី។
មន្ត្រីខាងលើនិយាយឱ្យដឹងទៀតថាចរន្តទឹកហូរចេញខ្លាំងជាឧបស័គ្គដល់ការធ្វើនាវាចរ អ្នកនេសាទតាមគន្លងដាយក៏នៅមិនទាន់អាចទម្លាក់ដាយចុះបាន។ចរន្តទឹក អាចនឹងចុះខ្សោយបន្តិចវិញនៅអំឡុងបីសប្តាហ៍ទៀត។ទឹកបឹងទន្លេសាបនៅក្រគរ កំពង់លួង ថ្ងៃទី២១វិច្ឆិកានៅសល់កម្ពស់៦,៦៨ម៉ែត្រ ខណៈទឹកទន្លេមេគង្គនៅទន្លេបាសាក់ ចតុមុខ បានស្រកដល់កម្រិតកម្ពស់៥,១១ម៉ែត្រ។
តាមព្រឹត្តប័ត្រព័ត៍មាននិងព្យាករណ៍កម្ពស់ទឹករបស់ក្រសួងធនធានទឹកនិងឧតុនិយមថ្ងៃទី២១ខែវិច្ឆិកាបង្ហាញឱ្យឃើញថានៅខេត្តស្ទឹងត្រែងទឹកមានកម្ពស់៣,៨០ម៉ែត្រទាបជាងថ្ងៃទី២០ខែវិច្ឆិកា ០,០៦ម៉ែត្រ នៅខេត្តក្រចេះទឹកមានកម្ពស់១០ម៉ែត្រទាបជាងថ្ងៃទី២០ខែវិច្ឆិកា ០,១៣ម៉ែត្រ នៅខេត្តកំពង់ចាមទឹកមានកម្ពស់៦ម៉ែត្រ ទាបជាងថ្ងៃទី២០ខែវិច្ឆិកា ០,១០ម៉ែត្រ នៅរាជធានីភ្នំពេញទឹកមានកម្ពស់៥,១១ម៉ែត្រទាបជាងថ្ងៃទី២០ខែវិច្ឆិកា ០,១១ម៉ែត្រ នៅអ្នកលឿងទឹកមានកម្ពស់៣,៨២ម៉ែត្រទាបជាងថ្ងៃទី២០ខែវិច្ឆិកា ០,០៣ម៉ែត្រ នៅកោះខែលទឹកមានកម្ពស់៤,៧៧ម៉ែត្រទាបជាងថ្ងៃទី២០ខែវិច្ឆិកា ០,០៩ម៉ែត្រ នៅព្រែកក្តាមទឹកមានកម្ពស់៥,៧៤ម៉ែត្រទាបជាងថ្ងៃទី២០ខែវិច្ឆិកា ០,០៧ម៉ែត្រ នៅបឹងទន្លេសាបទឹកមានកម្ពស់៦,៦៨ម៉ែត្រទាបជាងថ្ងៃទី២០ខែវិច្ឆិកា ០,០៤ម៉ែត្រ៕/PC