​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​រញ្ជួយ​ដី​មួយ​បាន​អង្រួន​កោះ​ចា​វ៉ា​របស់​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃ​ចន្ទ​ទី​២១​វិច្ឆិកា ដោយ​វា​បាន​រំលំ​អាគារ​រាប់សិប សម្លាប់​មនុស្ស​យ៉ាង​តិច​៤៦​នាក់​និង​បញ្ជូន​អ្នកស្រុក​អោយ​រត់​​ចេញពី​អាគារ​និង​ផ្ទះ​ចូល​ក្នុង​បណ្តា​ដង​វិថី​និង​ផ្លូវ​វាលៗ​ដើម្បី​សុវត្ថិភាព​។​

​ផ្នែក​អង្កេត​ភូមិសាស្ត្រ​អាម៉េរិក​បាន​និយាយថា រញ្ជួយ​ដី​នេះ​មាន​កំលាំង​៥,៦​រិ​ច្ឆ​ទ័​រ និង​មាន​ស្នូល​រញ្ជួយ​នៅ​តំបន់​ឆង់​ហ្សួ​រ​(Cianjur)​នៅក្នុង​ខេត្ត​ចា​វ៉ា​ខាង​លិច​នៅ​ជំរៅ​ដី​១០​គីឡូម៉ែត្រ​។​

​ប្រធាន​ទីភ្នាក់ងារ​សម្រាល​គ្រោះមហន្តរាយ​ជាតិ​លោក ស៊ូ​ហា​យ៉ាន់​តូ​(Suharyanto)​បាន​និយាយថា «​មនុស្ស​៤៦​នាក់​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​តំបន់​ឆង់​ហ្សួ​រ​និង​របួស​៧០០​នាក់​។​អ្នករងរបួស​ភាគច្រើន​​ត្រូវ​អាគារ​រលំ​បាក់​ត្រូវ​។​

​ការបា​ក់ដី​ជាច្រើន​កន្លែង​ក៏​ត្រូវបាន​រាយការណ៍​នៅ​ជុំវិញ​តំបន់​ឆង់​ហ្សួ​រ​។​អាគារ​រាប់សិប​បាន​រងការខូចខាត រួមមាន​សាលារៀន​អ៊ីស្លា​មមួយ មន្ទីរពេទ្យ​មួយ​និង​ទីតាំង​សាធារណៈ​ជា​ច្រើន​ទៀត​។​

​ទីភ្នាក់ងារ​ខាងលើបាន​និយាយថា ព័ត៌មាន​កំពុង​ទទួល​បាន​និង​ប្រមូល​ស្តីពី​ការខូចខាត ស្លាប់​និង​រងរបួស​។​

​រញ្ជួយ​ដី​នេះ​អាច​អោយ​គេ​ដឹង​នៅ​តំបន់​ទីក្រុង​ហ្សា​ការតា ដោយ​អាគារ​ខ្ពស់ៗ​យោល​យោគ​និង​ខ្លះ​ត្រូវបាន​ជម្លៀស​មនុស្ស​ចេញ​។​

​ទិដ្ឋភាព​ក្រោយ​រញ្ជួយ​ដី​នៅ​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃ​២១​វិច្ឆិកា ។អ្នករងរបួសត្រូវបានព្យាបាលនៅកន្លែងចតរថយន្តនៃមន្ទីរពេទ្យមួយនៅ​តំបន់​ឆង់​ហ្សួ​រ​​នៅក្នុង​ខេត្ត​ចា​វ៉ា​ខាង​លិច

រញ្ជួយ​ដី​​បាន​រំលំ​អាគារ​រាប់សិបរួមមានមន្ទីរពេទ្យនិងសាលារៀន

​សូមបញ្ជាក់​ថា រញ្ជួយ​ដី​កើតមាន​ជា​ញឹកញយ​នៅ​ប្រជាជាតិ​កម្រង​កោះ​មួយ​នេះ តែវា​កម្រ​អង្រួន​ដល់​ទីក្រុង​ហ្សា​ការតា​។​ឥណ្ឌូនេស៊ី​ជួប​រញ្ជួយ​ដី ការផ្ទុះ​ភ្នំភ្លើងជាញឹកញាប់​និង​ពេលខ្លះ​រងការវាយប្រហារពីស៊ូ​ណា​មី​ដោយសារតែ​ប្រទេស​នេះ​​នៅលើ​ស្នាម​ប្រេះនៃទម្រ​​ទ្វីប​ដែល​គេ​ហៅថាតំបន់​«​កង​ភ្លើង​»​ក្នុង​អាង​ប៉ាស៊ីហ្វិក​។​

កាលពី​ខែ​កុម្ភៈ រញ្ជួយ​ដី​កំលាំង​៦,២​រិ​ច្ឆ​ទ័របាន​សម្លាប់​មនុស្ស​២៥​នាក់​និង​របួស​៤៦០​នាក់​នៅ​ខេត្ត​ស៊ូ​ម៉ា​ត្រា​ខាងលិច​។​នៅ​ខែ​មករា​​ឆ្នាំ​២​០២១ រញ្ជួយ​កំលាំង​៦,២​រិ​ច្ឆ​ទ័រមួយ​ទៀត​បាន​សម្លាប់​មនុស្សជាង​១០០​នាក់ និង​របួស​ជិត​៦.៥០០​នាក់​នៅ​ខេត្ត​ស៊ូ​ឡា​វ៉េ​ស៊ី​ខាងលិច​។​

​រញ្ជួយ​ដី​ខ្លាំង​មួយ​នៅក្នុង​មហាសមុទ្រ​ឥណ្ឌា​និង​រលក​ស៊ូ​ណា​មី​នៅ​ឆ្នាំ​២០០៤ បាន​សម្លាប់​មនុស្ស​ក្បែរ ២៣០.០០០​នាក់​នៅក្នុង​ប្រទេស​ជាងដប់ ភាគច្រើន​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​៕

អ្នកធ្វើការនាំគ្នាចេញពីអាគារការិយាល័យនៅក្រុងហ្សាការតានៅពេលអាគារយោលដោយសារកំលាំងរញ្ជួយដី