ដោយៈទេពកង្រី/កំពង់ឆ្នាំង៖ ស្ត្រីម្នាក់បានសម្រាល បាន កូនភ្លោះបីកាលពីយប់ថ្ងៃទី ៧ ខែវិច្ឆិកានៅមន្ទីរពេទ្យជប៉ុន រាជធានីភ្នំពេញ ប៉ុន្តែដោយសាតែបញ្ហាសុខភាព ស្ត្រីជាម្តាយ ទើបបានគ្រូពេទ្យឱ្យបន្តសម្រាកព្យាបាលរហូត ដល់ថ្ងៃទី ១៩ខែវិច្ឆិកាបានអនុញ្ញាតឱ្យត្រឡប់មកផ្ទះវិញក្រោមការជ្រោមជ្រែងពីអាជ្ញាធរមូលដ្ឋាន ក្នុងភូមិមេលំ ឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

លោក កេត សុឃា មេឃុំមេលំបានឱ្យដឹងថា ស្ត្រីដែលកើតកូន ភ្លោះបីនាក់ មានឈ្មោះ មាន សុមី អាយុ ២៣ឆ្នាំ ។នាងទើប សម្រាលកូនជាលើកដំបូងបន្ទាប់ពីរៀបការជាមួយ ឈ្មោះ វ៉ាន់ សុវ័យ អាយុ២៤ ឆ្នាំ កាលពីមួយឆ្នាំមុន ។

លោកមេឃុំបានបន្តថាក្រោយពេលរៀបការពួកគេបានរស់នៅជាមួយម្ដាយជាស្ត្រីមេម៉ាយឈ្មោះ សួស ម៉ើ ។ដោយសារជួប ការ លំបាកលើបញ្ហាជីវភាពពួកគេក៏បានទៅធ្វើជាកម្មកររោងចក្រនៅរាជធានីភ្នំពេញទាំងពីរនាក់ប្ដីប្រពន្ធ។នាងមានផ្ទៃពោះ។ក្រោយពី ពិនិត្យឃើញថាមានកូនភ្លោះបីទើបនៅថ្ងៃឈឺពោះពួកគេបានសម្រេចចិត្តទៅសម្រាលកូននៅមន្ទីរពេទ្យជប៉ុន នៅរាជធានីភ្នំពេញ។

លោកមេឃុំបានបញ្ជាក់ថា កូនភ្លោះទាំងបី (ស្រី២ ប្រុស១) រួមនិងម្ដាយមានសុខភាពល្អជាធម្មតាទេប៉ុន្តែជីវភាពរបស់ពួកគេមានការខ្វះខាត ៕srn / N