ដោយៈ មុនីរ័ត្ន/ភ្នំពេញ៖ តបតាមការអញ្ជើញរបស់គណៈកម្មាធិការ​ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៃប្រទេសម៉ាឡេស៊ី គ.ជ.ប នៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងមន្ត្រី គ.ជ.ប ចំនួន ១៣​រូប ដឹកនាំដោយលោក ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប ដើម្បី​ចូលរួមសង្កេតការណ៍ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី១៥ ឆ្នាំ២០២២ នៃប្រទេសម៉ាឡេស៊ី។

រូបថត (លោក ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប )

គ.ជ.ប បានឱ្យដឹងថា ការចូលរួមសង្កេតការណ៍នេះ ប្រព្រឹត្តទៅ​តាម​​ប្រព័ន្ធវីដេអូសន្និសីទពីចម្ងាយ នៅទីស្ដីការ គ.ជ.ប ចាប់​ពីម៉ោង ៧ ដល់ម៉ោង ៩ យប់ ថ្ងៃទី១៩ ខែវិច្ឆិកា។
គ.ជ.ប បញ្ជាក់ថា កម្មវិធីសង្កេតការណ៍អន្តរជាតិនេះ ចែកចេញជាប្រាំពីរ វគ្គ ដូចខាងក្រោម៖
វគ្គទី១៖ ទិដ្ឋភាពទូទៅនៃការបោះឆ្នោតនៅប្រទេសម៉ាឡេស៊ី
វគ្គទី២៖ ការត្រៀមរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត
វគ្គទី៣៖ វិធីសាស្ត្រ និងការសម្របសម្រួលការបោះឆ្នោតនៅតាមមណ្ឌលបោះឆ្នោត
វគ្គទី៤៖ ការទប់ស្កាត់ព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ
វគ្គទី៥៖ ដំណើរការនៃការបោះឆ្នោត
វគ្គទី៦៖ ដំណើការបោះឆ្នោតនៅថ្ងៃបោះឆ្នោត
វគ្គទី៧៖ ការផ្សាយផ្ទាល់ពីមណ្ឌលរាប់សន្លឹកឆ្នោត។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៃប្រទេសម៉ាឡេស៊ី សម្រាប់នីតិកាលទី១៥ នេះ៖អាសនៈរដ្ឋសភា មានចំនួន ២២២ អាសនៈ,អ្នកបោះឆ្នោតមានចំនួនប្រមាណ ២១ លាននាក់​,គណបក្ស​នយោបាយចូលរួមមានចំនួន ២៣ គណបក្ស,​បេក្ខជនឈរឈ្មោះមានចំនួន ៩៤៥ នាក់និងមន្រ្តីបោះ​ឆ្នោតមានចំនួន ៣៦៣.៥១៥ នាក់។

បន្ទាប់ពីបានសង្កេតការណ៍បោះឆ្នោតយ៉ាងយកចិត្តទុកដាក់ លោក ម៉ុក ដារ៉ា យល់ឃើញថា បើទោះបីជាការចូលរួមសង្កេតការណ៍​នេះប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញក៏ពិតមែន ប៉ុន្តែការចូលរួមនេះ គឺជាការពង្រឹងកិច្ចការទំនាក់ទំនងអន្តរជាតិឱ្យកាន់តែល្អ ជាពិសេស​គឺផ្តល់ឱកាសដល់ គ.ជ.ប កម្ពុជា បានសង្កេតមើល និងស្វែងយល់​អំពីការអនុវត្តល្អៗក្នុងការរៀបចំការបោះឆ្នោតនៅប្រទេសម៉ាឡេស៊ី។

ក្រៅពី គ.ជ.ប កម្ពុជា ក៏មានអ្នកសង្កេតការណ៍អន្តរជាតិ​មកពី​អង្គការអន្តរជាតិ និងបណ្ដាប្រទេសមួយចំនួនចូលរួមសង្កេត​មើលដំណើរការបោះឆ្នោតនេះ ដែលមានចំនួនសរុបប្រមាណ ៧៥០ នាក់ ដែលឆ្លុះបញ្ចាំងពីការបើកចំហ តម្លាភាព និង​ជំនឿទុកចិត្តលើការបោះឆ្នោត។

សម្រាប់ការបោះឆ្នោតនេះ ប្រតិភូ គ.ជ.ប កម្ពុជា បានកត់សម្គាល់​នូវចំណុចមួយចំនួនដូចខាងក្រោម៖បញ្ជីបោះឆ្នោត ត្រូវបានធ្វើ​បច្ចុប្បន្នភាព និងផ្តល់សុពលភាពជារៀងរាល់ខែ,មានការប្រើប្រាស់​បណ្តាញសង្គម Tik Tok យ៉ាងទូលំទូលាយក្នុងស្រទាប់យុវជន ក្នុងការស្វែងយល់អំពីការបោះឆ្នោត ,មានការប្រើប្រាស់កម្មវិធី​ទូរស័ព្ទវៃឆ្លាត (Application) សម្រាប់ផ្សព្វផ្សាយព័ត៌មានជូនអ្នក​បោះឆ្នោត អំពីការបោះឆ្នោត និងទីតាំងការិយាល័យបោះឆ្នោត នៅថ្ងៃបោះឆ្នោត,មានការបង្កើតជាមជ្ឈមណ្ឌលអប់រំ និងបណ្តុះ​បណ្តាលអំពីការបោះឆ្នោត (Election Academy) សម្រាប់អប់រំ​អ្នកបោះឆ្នោត និងបណ្តុះបណ្តាលភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ជាពិសេសអប់រំ និងផ្សព្វផ្សាយជូន សិស្ស និស្សិត តាមគ្រឹះស្ថាន​សិក្សារដ្ឋ និងឯកជន អំពីការបោះឆ្នោត,មានការប្រើប្រាស់​បណ្តាញសង្គម ដូចជា Facebook Tik Tok YouTube និងកម្មវិធីអប់រំអ្នកបោះឆ្នោត ដើម្បីទប់ស្កាត់ព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ ពាក់ព័ន្ធនឹងការបោះឆ្នោត ។

ក្នុងអំឡុងពេលបោះឆ្នោត៖ អ្នកបោះឆ្នោតបានជ្រលក់ដៃ​នឹងទឹកខ្មៅលុបមិនជ្រះមុនចូលទៅកាន់បន្ទប់សម្ងាត់។
ក្នុ​ងអំឡុងពេលរាប់សន្លឹកឆ្នោត៖ បន្ទាប់ពីបញ្ចប់ការបោះឆ្នោត មន្ត្រីការិយាល័យបោះឆ្នោត បានបិទទ្វារ និងបង្អួចនៃ​ការិយាល័យបោះឆ្នោតមុននឹងចាប់ផ្ដើមការរាប់សន្លឹកឆ្នោត។

មន្រ្តីការិយាល័យបោះឆ្នោត ចាប់ផ្តើមបន្តនីតិវិធីរាប់សន្លឹក​ឆ្នោតដោយដៃ។សន្លឹកឆ្នោតដែលបានរាប់ហើយ ត្រូវ​បាន​ដាក់ក្នុងកញ្ចប់សុវត្ថិភាព និងដាក់ចូលក្នុងហិបឆ្នោត បន្ទាប់មកត្រូវបញ្ជូនទៅមណ្ឌលរាប់សន្លឹកឆ្នោត ដើម្បីពិនិត្យ ផ្ទៀងផ្ទាត់ បូកសរុបលទ្ធផល និងប្រកាសលទ្ធផលនៃការ​បោះឆ្នោត។

សូមជម្រាបថាក្រៅពីប្រទេសម៉ាឡេស៊ីគ.ជ.បកម្ពុជាបានចូលរួមសង្កេតការណ៍ក្នុងការបោះឆ្នោតរបស់បណ្ដាប្រទេសជាច្រើនផ្សេងទៀតទាំងនៅក្នុងតំបន់ និងនៅជុំវិញពិភពលោក ដើម្បីដកស្រង់បទ​ពិសោធន៍ល្អៗពាក់ព័ន្ធនឹងការ រៀបចំការបោះឆ្នោតនៃបណ្ដា​ប្រទេសទាំងនោះដើម្បីកែលម្អការរៀបចំការបោះឆ្នោតជាប្រចាំជាពិសេសការធ្វើទំនើបកម្មតាមប្រព័ន្ធកុំព្យូទ័រ ដើម្បីបង្កភាពងាយស្រួល តម្លាភាព សុវត្ថិភាព និងបង្កើនជំនឿទុកចិត្តពីអ្នកបោះឆ្នោត និងភាគីពាក់ព័ន្ធ៕សរន / N