ដោយៈ មុនីរ័ត្ន/ភ្នំពេញ៖ប្រជាពលរដ្ឋរស់នៅភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល បានសុំអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជួយក្នុងករណីក្រុមហ៊ុនឯកជនមួយបានចាក់ ដីរំលោភលើដីរបស់គាត់។ ចំណែកអភិបាលខេត្តកណ្តាលបានឱ្យប្រជាពលរដ្ឋម្ចាស់ដីយកឯកសារមករដ្ឋបាលខេត្ត ដើម្បីមន្ត្រីជំនាញពិនិត្យ។

ប្រជាពលរដ្ឋម្ចាស់ដីឈ្មោះ សេក សិទ្ធិ បានរៀបរាប់ប្រាប់រស្មីកម្ពុជាកាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកាថាលោក“កើតទុក្ខមិន សុខចិត្តដោយសារតែក្រុមហ៊ុន រំលោភយកដីរបស់ខ្ញុំ ។ហេតុអីបានខ្ញុំថារំលោភ ពីព្រោះខ្ញុំបានសុំអាជ្ញាធរភូមិ ឃុំ ស្រុក ខេត្ត និងមន្ត្រីដែនដីមន្ទីរខេត្តទៀតឱ្យចុះវាស់វែងដីឱ្យខ្ញុំបានវាស់ពីរដងទៅបីដងដែរ តែចេះតែរំខានពីក្រុមហ៊ុន។ សន្តិសុខក្រុមហ៊ុនបាន​មកដេញស្ទាក់ពេលវាស់បាន ២ចំណុច ទៅ៣ចំណុច គឺសន្តិសុខមកដេញមិនឱ្យវាស់ និងដេញយើងមិនឱ្យចូលទីតាំងដីរបស់យើងតែម្តង ហើយចុងក្រោយក្រុមហ៊ុនបានយកដីមកចាក់លើដីខ្ញុំ។ ពេលនោះខ្ញុំបានទៅឃាត់ ថែមទាំងបានប្តឹងទៅអាជ្ញាធរស្រុក ខេត្ត ក៏ផ្អាក ហើយបានមួយថ្ងៃពីរថ្ងៃគេចាក់ទៀត តែដោយសារបានចំណារពីអភិបាលខេត្តកណ្តាលគាត់ចារទៅបានជាគេលែងចាក់។ជាដីរបស់ខ្ញុំពិតប្រាកដដោយខ្ញុំមានឯកដារត្រឹមត្រូវ…។ តែគេគ្មានដំណោះស្រាយទេពេលចុះជាប្រព័ន្ធគាត់ថាចាំវាស់ជាប្រព័ន្ធ។ ដល់ពេលទៅចុះវាស់គេដេញ។ អយុត្តិធម៌ណាស់សម្រាប់ខ្លួនខ្ញុំ មានតែសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតទេ ដែលអាចជួយរកយុត្តិធម៌ឱ្យកូនចៅដែលមានទុក្ខជាទម្ងន់ដែលគេរំលោភលើដីខ្ញុំ។ មានចំណុចអ្វីបានជាគេហ៊ានរំលោភលើដីយើង ហើយអាជ្ញាធរដឹងឮហើយបែរជាមិនធ្វើឱ្យខ្ញុំ សូមសម្តេចជួយកូនចៅផង”។

ប្រជាពលរដ្ឋម្ចាស់ដីបានបញ្ជាក់ថា ចំពោះករណីនេះ ផ្តើមចេញលើកទី១ គឺលោកបានដាក់ពាក្យស្នើសុំចុះបញ្ជីទៅឃុំ ស្រុក និងខេត្ត។គឺសុំចុះបញ្ជីតាំងពីមុនចុះជាប្រព័ន្ធតែគេគេចវេសថ្ងៃនេះថ្ងៃនោះហើយដីគេនៅជាប់ដីលោកគេធ្វើប្លង់បាន ហើយរឿងអីដែលលោកធ្វើប្លង់មិនបាន។ដោយសារក្រុមហ៊ុនបានចាក់នៅលើដីរបស់លោកលោកក៏បានប្តឹងសុំអន្តរាគមន៍ទៅសម្តេចតេជោ ហ៊ុន សែន និងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។

លោកបានអះអាងថា“ខ្ញុំការពារដីខ្ញុំដាច់ខាត។ដីនឹងខ្ញុំទិញដោយញើសឈាមរបស់ខ្ញុំ។ខ្ញុំត្រូវតែរក្សាដីខ្ញុំទោះត្រូវដាក់ជីវិតក៏ខ្ញុំត្រូវតែធ្វើដែរ។ ខ្ញុំនឹងសង់រោងនៅលើដីខ្ញុំ ហើយកុំមករំលោភយកដីខ្ញុំ។ ខ្ញុំអត់ឱ្យជាដាច់ខាតទោះជីវិតស្លាប់ក៏ខ្ញុំ មិនឱ្យដែរ”។

ចំណែកលោក គង់ សុភ័ណ្ឌ អភិបាលខេត្តកណ្តាល បានបញ្ជាក់ប្រាប់រស្មីកម្ពុជាកាលពីល្ងាចថ្ងៃទី២១ ខែវិច្ឆិកានេះថា ឱ្យ“យកឯកសារមករដ្ឋបាលខេត្ត ដើម្បីមន្ត្រីជំនាញពិនិត្យ”។

គួរបញ្ជាក់ថា លោកសេក សិទ្ធិ បានដាក់លិខិតស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជួយធ្វើអន្តរាគមន៍ទៅរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជួយឲ្យមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តកណ្តាល ចុះវាស់វែងដីមួយកន្លែងទំហំ ៣ហិកតា ៧៣អា ៤៥ម៉ែត្រការ៉េ (៣៧៣៤៥ម៉ែត្រការ៉េ) មានទីតាំងនៅភូមិឫស្សីស្រុក ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល និងសុំជួយចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដើម្បីមានសិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់ជាធរមាន។

បន្ទាប់ទទួលបានលិខិតសុំអន្តរាគមន៍ ខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន បានធ្វើដីកាបញ្ជូនសំណើរបស់លោក សេក សិទ្ធិ ទៅរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យជាសមត្ថកិច្ចតាមការគួរ៕សរន