ដោយ៖តារារិទ្ធ(ភ្នំពេញ)ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមាហសេនាបតីតេជោ ហ៊ុន សែន បានផ្តល់នូវទស្សនៈនិងចំណុចគន្លឹះមួយចំនួនដើម្បីលើកកម្ពស់វិស័យកីឡានិងត្រៀមខ្លួនសម្រាប់ការប្រកួតកីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២៣ ។

សម្តេចតេជោ ហ៊ុន សែន បានផ្តល់ទស្សនៈគន្លឹះនេះក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី ៣ និងកីឡាជនពិការជាតិលើកទី ១ ដែលបានប្រារព្ធបើកកាលពីល្ងាចថ្ងៃទី ២១ វិច្ឆិកា ២០២២ នៅវិមានពហុកីឡាដ្ឋានមរតកតេជោ ។

សម្តេចតេជោ ហ៊ុន សែន បានផ្តល់ទស្សនៈនិងចំណុចគន្លឹះមួយចំនួនដូចខាងក្រោម ៖

១. ខ្ញុំសូមលើកទឹកចិត្តដល់ក្មួយៗកីឡាករ-កីឡាការិនី ទាំងអស់ សូមគោរពតាមបទបញ្ជានៃការប្រកួតកីឡាជាប្រចាំ ដើម្បីលើកកម្ពស់យុត្តិធម៌ក្នុងការប្រកួត សេចក្តីថ្លៃថ្នូរ និង ក្រមសីលធម៌វិជ្ជាជីវៈក្នុងការប្រកួត ពីព្រោះថា កីឡាមាន ស្តង់ដារ បទបញ្ជាត្រឹមត្រូវតែមួយដែលផ្ទុយទៅនឹងការប្រកួតប្រជែងក្នុងផ្នែកនយោបាយ ។

២. ខ្ញុំសូមអំពាវនាវឱ្យបន្តចូលចូលរួមក្នុងយុទ្ធនាការផ្សព្វផ្សាយ ដើម្បីរួមចំណែកដល់យុទ្ធនាការជាតិស្ដីពី “ប្រជាជនម្នាក់ត្រូវលេងកីឡាមួយមុខយ៉ាងតិចប្រចាំជីវិត”“ឆ្នាំ ២០២៣ជាឆ្នាំទស្សនាកម្ពុជា”“រួមគ្នាដើម្បីកម្ពុជាស្អាត និងបដិសណ្ឋារកិច្ចល្អ”“នាំគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងឥទ្ធិពលគ្រឿង ញៀន”និង“កីឡារស់នៅក្នុងសន្តិ ភាព” ។

៣. ក្រសួងអប់រំយុវជននិងកីឡាត្រូវបង្កើនការធ្វើពិពិធកម្មសកម្មភាពកីឡាឱ្យកាន់តែច្រើនដើម្បីបង្កើនការលើកកម្ពស់វិស័យកីឡាកម្ពុជានិងបង្កើនការផ្សារភ្ជាប់វិស័យកីឡាទៅនឹងការងារសង្គមការដោះស្រាយបញ្ហាសង្គមនិងការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចដោយហេតុថាកីឡាត្រូវបានចាត់ទុកជាប្រភេ ទទេសចរណ៍បៃតងនិងទទួល ស្គាល់ថាជាការទូតដ៏មានប្រសិទ្ធភាព ដើម្បីរួមចំណែកដល់ការកសាងមិត្តភាព សាមគ្គីភាព សុខសន្តិភាពនិងសុខដុមនីយកម្មក្នុងសង្គមជាតិ ។

៤. គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាជាពិសេសគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២៣ ត្រូវបង្កើនកិច្ចសហការការបណ្ដុះ បណ្ដាលនិងការអភិវឌ្ឍកម្រិតបច្ចេកទេសកីឡាដល់អត្តពលិកកម្ពុជាឱ្យបានដល់កម្រិតខ្ពស់ដែលអាចធ្វើទៅបានដើម្បីឱ្យអត្តពលិកកម្ពុជាអាចចូលរួមកាន់តែទូលំទូលាយប្រកបដោយសមត្ថភាពខ្ពស់ក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣និងព្រឹត្តិ ការណ៍នៃការប្រកួតកីឡាជាអន្តរជាតិនានានៅថ្ងៃអនាគត៕