ដោយ៖តារារិទ្ធ(ភ្នំពេញ)ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា៖ឆ្នាំ ២០២៣ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀប ចំការប្រកួតកីឡាស៊ី ហ្គេម( SEA Games )និងអាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games)ដែលជាការ ប្រកួតកម្រិតអន្តរជាតិដ៏ធំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ នេះគឺជាកិត្តិយសជា ប្រវត្តិសាស្រ្តមួយទៀតក្នុងវិស័យកីឡាដែលកម្ពុជារង់ចាំធ្វើជាម្ចាស់ផ្ទះអស់រយៈពេល ៦៤ ឆ្នាំមកហើយ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងពិធីបើកព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១នាព្រលប់ថ្ងៃទី ២១ខែវិច្ឆិកា ២០២២ នៅវិមាន ពហុកីឡាដ្ឋានជាតិមរតកតេជោ ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖«ឆ្នាំ ២០២៣ ខាងមុខនេះដោយទទួលបានការគាំទ្រពីប្រតិភូកីឡាបណ្តាប្រទេសអាស៊ីអាគ្នេយ៍កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាស៊ីហ្គេម ( SEA Games )និងអាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games)ដែលជាការប្រកួតកម្រិតអន្តរជាតិដ៏ធំនៅក្នុងព្រះ រាជាណាចក្រកម្ពុជា ។នេះគឺ ជាកិត្តិយសជាប្រវត្តិសាស្រ្តមួយទៀត ក្នុងវិស័យកីឡាដែលកម្ពុជារង់ចាំធ្វើជាម្ចាស់ផ្ទះអស់រយៈពេល ៦៤ ឆ្នាំមកហើយ ។»

ឆ្លៀតក្នុងឱកាសនេះសម្តេចតេជោ ហ៊ុន សែន បានសម្ដែងនូវកោតសរសើរចំពោះក្រសួងអប់រំយុវជននិងកីឡានិងគណៈកម្មាធិការអូឡាំពិកកម្ពុជាព្រមទាំងស្ថាប័នពាក់ព័ន្ធ ចំពោះកិច្ចសហប្រតិបត្តិការល្អនិងការរួមសាមគ្គីគ្នារៀបចំព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី ៣ និងកីឡាជនពិការជាតិលើកទី ១ នេះ ដែលការប្រកួតបានចាប់ផ្តើមនៅ ថ្ងៃទី ១៩ និងត្រូវបញ្ចប់នៅ ថ្ងៃទី ៣០ ខែវិច្ឆិកា ២០២២ ។ ព្រឹត្តិការណ៍នៃការប្រកួតកីឡាជាតិនេះមិនត្រឹមតែជាព្រឹត្តិការណ៍កីឡាជាតិមួយយ៉ាងសំខាន់សម្រាប់កម្ពុជាប៉ុណ្ណោះ ទេប៉ុន្តែជាការបន្តកសាងសមត្ថភាព ទេពកោសល្យ និងជំនាញវិជ្ជាជីវៈរបស់កីឡាករ-កីឡាការីនីកម្ពុជាដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួតកីឡាស៊ីហ្គេមនិងអាស៊ាន ប៉ារ៉ាហ្គេមឆ្នាំ ២០២៣ ខាងមុខនេះដែលគិតត្រឹមថ្ងៃទី ២១ ខែ វិច្ឆិកានេះនៅសល់តែ ១៦៧ ថ្ងៃប៉ុណ្ណោះ ។

សម្តេចតេជោបន្តថា៖វិស័យកីឡាដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងទំនាក់ទំនងការពង្រឹងសាមគ្គីភាពនិងមិត្តភាពដែលការណ៍នេះរួមចំណែកដល់ការបង្កើនមូលធន សង្គមនិងការសម្រេចបានសុខដុមនីយកម្មក្នុងសង្គមជាតិ ។ ជាងនេះទៀតព្រឹត្តិការណ៍កីឡាផ្តល់ឱកាសល្អសម្រាប់ការផ្លាស់ប្តូរបច្ចេក ទេស និងបទពិសោធដែលជាមរតក វប្បធម៌ជាតិនិងជាសិល្បៈការពារខ្លួនរបស់ប្រទេសជាតិ ព្រមទាំងជួយបំផុសស្មារតីមហាជនឱ្យស្រឡាញ់គាំទ្រវិស័យកីឡានិងលើកកម្ពស់កិត្តិសព្ទកីឡារបស់ជាតិឱ្យកាន់តែល្បី ល្បាញនៅលើឆាកអន្តរជាតិ ។ ជាងនេះទៀតកីឡារួមចំណែកដល់ការពង្រឹងរាងកាយឱ្យមានភាពរឹងមាំនិងលើកកម្ពស់សុខភាពល្អដែលជាទ្រព្យសម្បត្តិដ៏ប្រពៃនិងជាកត្តាកំ ណត់ដ៏សំខាន់នៃផលិតភាពពលកម្ម និងការកសាងមូលធនមនុស្សសម្រាប់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ប្រកបដោយភាពធន់ និង ចីរភាព ។

សម្តេចនាយករដ្ឋមន្រ្តីបន្តថា៖ប្រជាពលរដ្ឋដែលមានសុខភាពល្អរស់នៅដោយសេចក្តីរីករាយងាយចាប់យកចំណេះដឹងនិងបច្ចេកវិទ្យាថ្មីៗ ព្រមទាំងមានការតំាងចិត្តនិងក្ដី សង្ឃឹមខ្ពស់ក្នុងការបង្កើនជំនាញនិងមូលធនមនុស្ស តាមរយៈការសិក្សាបន្ថែមពេញមួយជីវិត ដើម្បីធ្វើបច្ចុប្បន្នភាពចំណេះដឹងនិងបច្ចេកវិទ្យាជាប្រចាំសម្រាប់រួមចំណែក ដល់ការផ្គត់ផ្គង់កម្លាំងពលកម្មដែលមានគុណភាពនិងផលិតភាពខ្ពស់ ។ វិស័យកីឡាពិតជាដើរតួសំខាន់ក្នុងការពង្រឹងសុខភាពផ្លូវកាយរឹងមាំលើកកម្ពស់សុខភាពផ្លូវចិត្ត បង្កើនផលិតភាពការងារ កាត់បន្ថយភាពតាន តឹងក្នុងអារម្មណ៍ លើកកម្ពស់គុណភាពជីវិតនិងសុភមង្គលក្នុងក្រុមគ្រួសារ ។

សម្តេចតេជោ ហ៊ុន សែន ក៏បានយកឱកាសនេះលើកទឹកចិត្តចំពោះក្មួយៗចៅៗកីឡាករ-កីឡាការិនីមានពិការភាពដែលត្រូវបានក្រសួងអប់រំយុវជននិងកីឡាបញ្ចូលក្នុងកម្ម វិធីប្រកួតកីឡាជាតិជនពិការលើកទី១ ក្នុងឆ្នាំនេះសូមខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាពឱ្យអស់ពីកម្លាំងកាយចិត្តនិងមានភាពស្វាហាប់ពោរពេញដោយកម្លាំងចិត្តខ្លាំង ក្លាដើម្បីយកឈ្នះលើពិការភាពរបស់ក្មួយៗចៅៗសំដៅបង្ហាញនូវការពិតដែលថា “ពិការភាពប្រកបដោយសមត្ថភាពខ្ពស់ ” ។

សម្តេចក៏បានចូលរួមកោតសរសើរនិងអបអរសាទរចំពោះកីឡាករ-កីឡាការិនីជនពិការទាំងអស់ដែលបានចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមនៅឥណ្ឌូ នេស៊ីដោយទទួល ជោគជ័យគួរជាទីមោទនៈ ។ ជោគជ័យរបស់ក្មួយៗចៅៗមិនត្រឹមតែជាមោទនភាពរបស់ ក្មួយៗចៅៗប៉ុណ្ណោះទេប៉ុន្តែជាមោទនភាពរួមរបស់ប្រជាជនកម្ពុជានិងប្រទេសជាតិ យើងទាំងអស់គ្នាក៏ដូចជាការលើកកម្ពស់កិត្តិយសនិងកិត្យានុភាពជាតិយើងនៅក្នុងតំបន់ និង អន្តរជាតិ ៕