មណ្ឌលគិរី៖នៅថ្ងៃនេះវិស័យឯកជននិងក្រសួងបរិស្ថានរួមជាមួយអាជ្ញាធរដែនដីខេត្តមណ្ឌលគីរីរៀបចំកម្មវិធីបញ្ជ្រៀបចំណេះដឹងស្ដីពីបរិស្ថានដល់សិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ក្រោមអធិបតីភាព លោក ចាន់ រតនា អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី លោក គង់ សៀកលី អគ្គនាយករងនៃអគ្គនាយកដ្ឋានចំណេះដឹងនិង ព័ត៌មានបរិស្ថាន និងលោកជំទាវអ្នកឧកញ៉ា ជឹង សុគន្ធាវី អគ្គនាយកក្រុមហ៊ុន វ័នហ្រ្វេតធើនីធី ឯ.ក (វីតាល់) ព្រមទាំងថ្នាក់ដឹកនាំវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី និងថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាននិងមន្ទីរបរិស្ថានខេត្ត និងសិស្សានុសិស្សប្រមាណ ១០០នាក់។

មានមតិស្វាគមន៍នាឱកាសនោះ លោក ចាន់ រតនា អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរីបានសម្ដែងនូវក្ដី សោមនស្សរីករាយនិងពិតជាមានមោទនភាពដែលក្រសួងបរិស្ថានបានជ្រើសរើសខេត្តមណ្ឌលគិរីជាទីកន្លែងសម្រាប់ប្រារព្ធទិវាអនាម័យបរិស្ថានជាតិ២៣វិច្ឆិកាដ៏មានសារៈប្រយោជន៍នេះ។ក្នុងថ្ងៃនេះក្រសួងបរិស្ថានក៏បានបង្កើតជាកម្មវិធីអប់រំផ្សព្វផ្សាយស្តីពីបរិស្ថានបន្ថែមជាមួយនឹងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលជាការពញ្ញាក់ស្មារតីក្នុងការត្រៀមខ្លួន និងការចូលរួមអនុវត្តនូវអនាម័យបរិស្ថាន ការគ្រប់គ្រងធនធានជីវៈចម្រុះឱ្យកាន់តែប្រសើរឡើង។

លោកជំទាវអ្នកឧកញ៉ា ជឹង សុគន្ធាវី អគ្គនាយកក្រុមហ៊ុន វ័នហ្រ្វេតធើនីធី ឯ.ក (វីតាល់)បានវាយតម្លៃខ្ពស់ដែលក្រសួង បរិស្ថានបានរៀបចំឱ្យមានកម្មវិធីផ្សព្វផ្សាយចំណេះដឹងស្ដីពីបរិស្ថាន ជូនប្អូនៗជាសិស្សានុសិស្សអមដោយសំណួរ- ចម្លើយ ស្ដីពីចំណេះដឹងបរិស្ថានដើម្បីទទួលបានរង្វាន់ ការដាំដើមឈើ និងសកម្មភាពបរិស្ថានផ្សេងទៀតដើម្បីជាការ បំផុស ស្មារតី និងជំរុញដល់ការផ្លាស់ប្ដូរឥរិយាបទផ្តើមចេញពីយើងម្នាក់ៗឱ្យចេះស្រឡាញ់ថែរក្សានិងក្លាយជាចរន្តចលករ ដែលជំរុញឱ្យមានការចាប់ផ្តើម ធ្វើសកម្មភាពមេត្រីភាពបរិស្ថាន ដើម្បីសោភ័ណភាពសាលាយើង សហគមន៍យើង និងមាតុភូមិយើងស្អាត និងបៃតង។ គួរបញ្ជាក់ថា ការងារជាអាទិភាពរបស់វីតាល់ ក្រៅពីផ្តល់ជូននូវទឹកពិសា ដែលមានគុណភាពខ្ពស់ សុវត្ថិភាព និងអនាម័យ ការចូលរួមសកម្មភាពសង្គម វីតាល់បានចូលរួមចំណែកការងារសង្គម មានមូលដ្ឋានផ្តោតលើវិស័យជាអាទិភាព រួមមាន៖ ការអប់រំ, បរិស្ថាន, សុខភាពនិងកីឡា, វប្បធម៌, និងសង្គម តាមរយៈ មូលនិធិ២៥៛ វីតាល់។

ចំណែកលោក គង់ សៀកលី អគ្គនាយករងនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន បានលើកឡើងថា ក្នុងក្របខណ្ឌនៃការរៀបចំទិវាអនាម័យ២៣វិច្ឆិកា ក្រសួងបរិស្ថានតែងរៀបចំនូវកម្មវិធីបរិស្ថានលើកកម្ពស់ចំណេះដឹង បរិស្ថាន ជូនដល់ប្អូនៗសិស្សានុសិស្ស តាមរយៈសកម្មភាព និងផ្សព្វផ្សាយ ការអនុវត្តគោលការណ៍ ៣អ៊ែរ (3Rs)គឺ៖ កាត់បន្ថយការប្រើប្រាស់ (Reduce) ប្រើប្រាស់ឡើងវិញ(Reuse) និងកែច្នៃឡើងវិញ(Recycle)ក្នុងការកាត់បន្ថយ សំណល់ និងធ្វើការទុកដាក់ និងបែងចែកសំណល់ឱ្យបានត្រឹមត្រូវក្នុងធុងសំរាម៕ដោយ៖ដេប៉ូ

លោកជំទាវអ្នកឧកញ៉ា ជឹង សុគន្ធាវី អគ្គនាយកក្រុមហ៊ុន វ័នហ្រ្វេតធើនីធី ឯ.ក (វីតាល់)(រូបថត ក្រសួងបរិស្ថាន)

លោក ចាន់ រតនា អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី

លោក គង់ សៀកលី អគ្គនាយករងនៃអគ្គនាយកដ្ឋានចំណេះដឹងនិង ព័ត៌មានបរិស្ថាន

កម្មវិធីបញ្ជៀបចំណេះដឹងស្ដីពីបរិស្ថានដល់សិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី(រូបថត ក្រសួងបរិស្ថាន)