ដោយ:បូកគោ/កំពត៖ បន្ទាប់ពីបានឡើងគម្រោងសម្រាប់ការជួសជុល និងស្ថាបនាផ្លូវវាងក្រុងអស់រយៈប៉ុន្មានឆ្នាំកន្លងមក ពេលនេះមន្ទីរជំនាញទើបតែទទួលនូវការឆ្លើយតបដើម្បីចាប់ផ្តើមដំណើរការ។ ផ្លូវវាងក្រុងនឹងត្រូវស្ថាបនាជាផ្លូវក្រាលកៅស៊ូ ប្រភេទឌីប៊ីអេសធី(DBST)ដែលមានគុណភាពល្អប្រសើរជាងមុន។
លោក តូច ច័ន្ទសិរីបុត្រ អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពតបានប្រាប់ឱ្យដឹងថាពាក់ព័ន្ធនឹងការ
ជួសជុលនិងស្ថាបនាផ្លូវវាងក្រុងឡើងវិញមន្ទីរទើបតែទទួលសេចក្តីសម្រេចរបស់ក្រសួងបន្ទាប់ពីបានលើកផែនការប្រមាណបី បួនឆ្នាំកន្លងមក។ គម្រោងនេះស្ថិតក្នុងការៀបចំ និងដេញថ្លៃដោយក្រសួងសាធារណការនិងដឹកជញ្ជូន។
លោកអនុប្រធានមន្ទីរបានបន្តថាក្រោមការចង្អុលបង្ហាញពីលោកអភិបាលខេត្តកំពតមន្ទីរបានតម្រូវឱ្យក្រុមហ៊ុនដេញថ្លៃដាក់គ្រឿងចក្រចុះមកឈូសឆាយពង្រាបនិងបង្ហាប់ផ្ទៃផ្លូវជាបណ្តើរៗដើម្បីសម្រួលការធ្វើដំណើរទោះបីនៅមានភ្លៀងធ្លាក់ក៏ដោយ។ ដោយសារថវិកាមានកម្រិតផ្លូវវាងក្រុងកំពតដែលមានប្រវែង៣.៦៧០ម៉ែត្រតភ្ជាប់ពីផ្លូវជាតិលេខ៣ទៅផ្លូវជាតិ លេខ៣៣នេះនឹងត្រូវស្ថាបនាជាប្រភេទឌីប៊ីអេសធី។
លោក តូច ច័ន្ទសិរីបុត្រ បានបញ្ជាក់ថា តាមការពិនិត្យក្រោយជួសជុល និងស្ថាបនាឡើងវិញរួចរាល់ផ្លូវនេះនឹងអាចប្រើ ប្រាស់បានយូរជាងមុនព្រោះការសាងសង់មានភ្ជាប់ប្រព័ន្ធលូរំដោះទឹកតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ។
ជាមួយនេះដែរលោកអនុប្រធានមន្ទីរបានសុំក្តីអធ្យាស្រ័យពីបងប្អូនប្រជាពលរដ្ឋដែលមានលំនៅឋានតាមបណ្តោយផ្លូវវាងក្រុង ក៏ដូចជាអ្នកធ្វើដំណើរដែលធ្លាប់ជួបភាពលំបាកកន្លងមក។ អនុវត្តតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្តកំពត មន្ទីរនឹងជំរុញដល់ក្រុមហ៊ុនស្ថាបនាឲ្យបានរួចរាល់ និងឆាប់រហ័សបំផុត។
សូមបញ្ជាក់ថាប្រជាពលរដ្ឋ ក៏ដូចជាអ្នកដំណើរទូទៅតែងបានរិះគន់ថាផ្លូវវាងក្រុងកំពតនាពេលកន្លងមកពុំមានគុណភាព ពិសេសខ្វះប្រព័ន្ធលូរំដោះទឹកជាដើម។ យានយន្តធ្វើដំណើរតាមផ្លូវនោះភាគច្រើនជាប្រភេទរថយន្តដឹកទំនិញធុនធ្ងន់។ អាជីវកម្មរបស់ពលរដ្ឋមួយចំនួនដែលរកទទួលទាននៅអមសងខាងផ្លូវនេះត្រូវបានបិទ និងខ្លះទៀតបន្តបើកទាំងដំណើរការមិនល្អ៕សរន-PC