​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖​សហរដ្ឋ​អាម៉េរិក​និង​សម្ពន្ធមិត្ត​របស់ខ្លួន​កាលពី​ថ្ងៃ​ចន្ទ​ទី​២១​វិច្ឆិកា​បាន​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការសាកល្បង​កាំជ្រួច​មី​ស៊ី​ល​ឆ្លង​ទ្វីប​ចុងក្រោយបង្អស់​​របស់​កូរ៉េ​ខាងជើង​ហើយ​បាន​អំពាវនាវ​ឱ្យមាន​សកម្មភាព​រឹតត្បិត​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​របស់​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​ប៉ុន្តែ​រុស្ស៊ី​និង​ចិន​បាន​ជំទាស់​នឹង​សម្ពាធ​និង​ទណ្ឌកម្ម​ថ្មី​ណា​មួយ​លើ​រដ្ឋា​ភិ​​បាល​ក្រុង​ព្យុង​យ៉ាង​។​

​ឯកអគ្គរដ្ឋទូត​អាម៉េរិក​លោកស្រី លីន​ដា ថូ​ម៉ាស ហ្គ្រី​ន​ហ្វៀ​ន (Linda Thomas-Greenfield)​បាន​ប្រាប់​កិច្ចប្រជុំ​បន្ទាន់​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​ថា “​រដ្ឋបាល​លោកបៃ​ដិន​​នឹង​ផ្សព្វផ្សាយ​សេចក្តីថ្លែងការណ៍​របស់​ប្រធានាធិបតី​ដែល​នឹង​ថ្កោលទោស​កូរ៉េខាងជើង ចំពោះ​ការបាញ់​មី​ស៊ី​ល​ផ្លោង​ខុស​ច្បាប់​ទាំងអស់ និង​សកម្មភាព​គ្រោះថ្នាក់ និង​អស្ថិរភាព​ផ្សេង​ទៀត​ក៏​ដូចជា​​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​គោរព​តាម​ទណ្ឌកម្ម​របស់​អ​.​ស​.​ប ដែល​ហាមប្រាម​រាល់​ការសាកល្បង​មី​ស៊ី​ល​ផ្លោង​និង​នុយក្លេអ៊ែរ​”​។​

​សេចក្តីថ្លែងការណ៍​របស់​ប្រធានាធិបតី ដែល​ជា​ជំហាន​មួយ​នៅ​ក្រោម​សេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ដែល​ចង​ដោយ​ច្បាប់ គឺ​ទាមទារ​ឱ្យមាន​ការយល់ព្រម​ពី​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​ទាំង ១៥ ដើម្បី​បាន​អនុម័ត ហើយ​ការអត្ថាធិប្បាយ​របស់​រុស្ស៊ី​និង​ចិន​កាលពី​ថ្ងៃ​ចន្ទ​បាន​បង្ហាញ​ពី​ការប្រឆាំង​នឹង​ការ​ថ្កោលទោស​លើ​សកម្មភាព​របស់​កូរ៉េខាងជើង​។​

​ឯកអគ្គរដ្ឋទូត​រង​របស់​រុស្ស៊ី​ប្រចាំ​អ​.​ស​.​ប លោកស្រី អាន​ណា អេវ​ស្ទីក​នីវ៉ា (Anna Evstigneeva) បាន​និយាយថា ហេតុផល​សម្រាប់​ស្ថានការណ៍ “​កាន់តែ​បង្កហេតុ និង​គ្រោះថ្នាក់​កាន់តែខ្លាំង​” នាពេល​បច្ចុប្បន្ន​នេះ​គឺ​ច្បាស់​ណាស់ នោះ​គឺ​មកពី “​បំណង​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដើម្បី​បង្ខំ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​រំសាយ​អាវុធ​ឯកតោភាគី​ដោយ​ការអនុវត្ត​ទណ្ឌកម្ម​និង​ការ​សម្ញែង​កម្លាំង​”​។​

​លោកស្រី​បាន​ចង្អុលបង្ហាញ​ពី​ការកើនឡើង​យ៉ាងខ្លាំង​នៃ​សមយុទ្ធ​យោធា​ដោយ​សហរដ្ឋ​អាម៉េរិក កូរ៉េខាងត្បូង និង​ជប៉ុន​រួម​ទាំង​សមយុទ្ធ​កងទ័ពជើងទឹក​អាម៉េរិក​-​កូរ៉េខាងត្បូង​សម្រាប់​ប្រព័ន្ធ​ការពារ​​មី​ស៊ី​ល​ដែល​ពាក់ព័ន្ធ​នឹង​នាវា​ពិឃាដ​នៅមុន​មួយ​ថ្ងៃ​នៃ​ការបាញ់​មី​ស៊ី​ល ICBM​របស់​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃទី ១៧ ខែវិច្ឆិកា ដោយ​ប្រើ​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​និង​ការអនុវត្ត​ការវាយប្រហារ​​លើ​ទីតាំង​មី​ស៊ី​ល​ផ្លោង​របស់​កូរ៉េខាងជើង​(​ក្លែងក្លាយ​)​ក្នុង​សមយុទ្ធ​ថ្មីៗ​នេះ​។​

​លោកស្រី​អេវ​ស្ទី​កនី​វ៉ា​បាន​និយាយថា វិធានការ​យោធា​បែប​នេះ​និង​ការដាក់ទណ្ឌកម្ម​ថ្មី​ដែល​អាច​គំរាមកំហែង​ដល់​ការបង្កើត​ភាព​តានតឹង​បន្ថែម​ទៀត​នៅ​ឧបទ្វីប​កូរ៉េ​”​ដែល​អាច​នាំឱ្យ​មាន​ផលវិបាក​​មិន​អាច​ទាយ​ទុកជាមុន​បាន និង​គ្រោះថ្នាក់​សម្រាប់​តំបន់​អាស៊ី​ភាគ​ឦសាន​ទាំងមូល​”​។​

​លោក​ស្រី​និយាយាថា អ្វី​ដែល​ក្រុមប្រឹក្សា​សន្តិសុខ​គួរ​ធ្វើ​គឺ “​គាំទ្រ​កិច្ចសន្ទនា​អន្តរ​កូរ៉េ​និង​ការចរចា​ពហុភាគី​ជាជាង​ក្លាយជា​ឧបសគ្គ​ចំពោះ​ពួកគេ​”​។​

​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អ​.​ស​.​ប លោក ចាង ជុន (Zhang Jun) បាន​អំពាវនាវ​ឱ្យមាន​កិច្ចខិតខំ​ប្រឹងប្រែង “​ដើម្បី​ធ្វើឱ្យ​ស្ថានការណ៍​ចុះ​ត្រជាក់​” ចាប់ផ្តើម​កិច្ចសន្ទនា​ឡើងវិញ​”​និង​ព្យាយាម​​ជួប​គ្នា​ពាក់កណ្តាល​ផ្លូវ​ដើម្បី​ទប់ស្កាត់​ស្ថានការណ៍​កុំឱ្យ​កើនឡើង​ម្តង​ហើយ​ម្តងទៀត​ឬ​សូម្បី​បាត់បង់​ម្ចាស់ការ​”​។​

​លោក​បាន​ជំរុញ​ឱ្យ​សហរដ្ឋ​អាម៉េរិក​ទទួល​យកគំនិត​ផ្តួចផ្តើម “​បង្ហាញ​ភាពស្មោះត្រង់​” ដាក់សំណើ​ជាក់ស្តែង ឆ្លើយតប​ជា​វិជ្ជមាន​ចំពោះ​កង្វល់​ស្របច្បាប់​របស់​កូរ៉េខាងជើង បញ្ឈប់​សមយុទ្ធ​យោធា និង​បន្ធូរបន្ថយ​ទណ្ឌកម្ម​។​

​លោក​ចាង​និយាយថា ក្រុមប្រឹក្សាសន្តិសុខ “​គួរតែ​ដើរតួនាទី​ស្ថាបនា​លើ​បញ្ហា​នេះ ហើយ​មិន​គួរ​តែងតែ​ថ្កោលទោស​ឬ​ដាក់​សម្ពាធ​” លើ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ​នោះ​ទេ​។​

​ប្រេសិត​ចិន​បាន​និយាយថា ក្រុមប្រឹក្សាសន្តិសុខ​គួរតែ “​ជំរុញ​ឱ្យ​មាន​ការថយចុះ​នៃ​ស្ថានការណ៍​តាំងពី​ដើមទី​ដំបូង​ដើម្បី​ទុក​កន្លែង​សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​ការទូត​ជាជាង​បង្កើត​ឧបសគ្គ​សម្រាប់​​រឿងនេះ​”៕

​លោកស្រី​ហ្គ្រី​ន​ហ្វៀ​ន (​កណ្តាល​) ធ្វើ​សេចក្តីថ្លែងការណ៍​ក្នុងនាម​ប្រទេស​សមាជិក​ផ្សេងទៀត ទាក់ទង​នឹង​កូរ៉េខាងជើង បន្ទាប់ពី​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​នៅ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃ​ចន្ទ ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២២​