​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អាជ្ញាធរ​អ៊ុយ​ក្រែន​បាន​ចាប់ផ្តើម​ជម្លៀស​ជន​ស៊ីវិល​ពី​ផ្នែក​ដែល​ត្រូវបាន​រំដោះ​នាពេល​ថ្មីៗ​នេះ​នៅ​តំបន់​ឃើ​សុន (Kherson)​និង​មីកូ​ឡេវ (Mykolaiv) ដោយ​បារម្ភ​ថា កង្វះ​កម្តៅ ថាមពល និង​ទឹក ដោយសារ​តែ​ការបាញ់​ផ្លោង​របស់​រុស្ស៊ី នឹង​ធ្វើឱ្យ​ជីវភាព​រស់នៅ​លំបាក​ខ្លាំង​ក្នុង​រដូវរងា​នេះ​។​

​អង្គការ​សុខភាព​ពិភពលោក (WHO)​បាន​ឯកភាព​ចំពោះ​រឿង​នេះ ដោយ​និយាយថា មនុស្ស​រាប់លាន​នាក់​ប្រឈម​មុខ​នឹង​រដូវរងា “​ដែល​គំរាមកំហែង​ដល់​អាយុជីវិត​” នៅ​អ៊ុ​យក្រែន​។​

​អាជ្ញាធរ​បាន​ជំរុញ​ឱ្យ​ប្រជាជន​នៅ​តំបន់​ភាគខាងត្បូង​ទាំងពីរ ដែល​កងកម្លាំង​រុស្ស៊ី​បាន​បាញ់​ផ្លោង​ជាច្រើន​ខែ​ឱ្យ​ផ្លាស់​ទី​ទៅ​កាន់​តំបន់​ដែល​មាន​សុវត្ថិភាព​ជាង​នៅ​ភាគ​កណ្តាល​និង​ភាគ​ខាងលិច​នៃ​​ប្រទេស​។​

​ឧបនាយក​រដ្ឋមន្ត្រី​អ៊ុ​យក្រែន លោកស្រី អៀ​រី​ណា វ៉េ​រ៉េ​សឈុក (Iryna Vereshchuk) បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា រដ្ឋាភិបាល​នឹង​ផ្តល់​ការដឹកជញ្ជូន ការ​ស្នាក់នៅ​និង​ការថែទាំ​សុខភាព​សម្រាប់​​ពួកគេ ដោយ​ផ្តល់​អាទិភាព​ដល់​ស្ត្រី​ដែល​មាន​កូន អ្នក​ឈឺ និង​មនុស្ស​ចាស់​។​

​ដើម្បី​សន្សំ​សំចៃ​ថាមពល លោកស្រី​វ៉េ​រ៉េ​សឈុក​កាលពី​ខែ​មុន​បាន​ស្នើ​ឱ្យ​ពលរដ្ឋ​ដែល​រស់​នៅ​ក្រៅ​ប្រទេស​កុំ​ត្រឡប់​មក​អ៊ុយ​ក្រែន​វិញ​សម្រាប់​រដូវរងា​។​

​មន្ត្រី​ផ្សេង​ទៀត​បាន​ស្នើ​ឱ្យ​អ្នក​រស់នៅក្នុង​ទីក្រុង​គៀវ​ឬ​កន្លែង​ផ្សេង​ទៀត​ដែល​មាន​ធនធាន​ចាកចេញ​ពី​អ៊ុយ​ក្រែន​រយៈពេល​ពីរ​បី​ខែ​ដើម្បី​សន្សំ​សំចៃ​ថាមពល​សម្រាប់​មន្ទីរពេទ្យ​​និង​កន្លែង​សំខាន់ៗ​ផ្សេងទៀត​។​

WHO បាន​ផ្តល់​ការព្រមាន​គួរ​ឱ្យ​ព្រឺព្រួច​កាលពី​ថ្ងៃ​ចន្ទ​អំពី​ផល​ប៉ះពាល់​ដល់​មនុស្ស​ពី​វិបត្តិ​ថាមពល​នៅ​អ៊ុ​យក្រែន​។​

​វេជ្ជបណ្ឌិត ហាន ហិន​រី ភី គ្លុក (Hans Henri P. Kluge)​នាយក​ប្រចាំ​តំបន់​អឺរ៉ុប​បាន​និយាយថា​”​រដូវរងា​នេះ​នឹង​គំរាមកំហែង​ដល់​អាយុជីវិត​សម្រាប់​មនុស្ស​រាប់លាន​នាក់​នៅក្នុង​ប្រទេស​​អ៊ុ​យក្រែន​”​។​

“​ការវាយប្រហារ​លើ​ហេដ្ឋារចនាសម្ពន្ធ​សុខភាព​និង​ថាមពល មានន័យថា មន្ទីរពេទ្យ​និង​កន្លែង​ថែទាំ​សុខភាព​រាប់រយ​កន្លែង​លែង​ដំណើរការ​ពេញលេញ ខ្វះ​ប្រេងឥន្ធនៈ ទឹក និង​អគ្គិសនី​”៕

​អាជ្ញាធរ​អ៊ុយ​ក្រែន​បាន​ចាប់ផ្តើម​ជម្លៀស​ជន​ស៊ីវិល​ពី​ផ្នែក​ដែល​ត្រូវបាន​រំដោះ​នាពេល​ថ្មីៗ​នេះ​នៃ​តំបន់​ឃើ​សុន​និង​មី​កូឡាអ៊ីវ​