​ដោយៈ​សុផល​/បាត់ដំបង៖អង្គភាព​រដ្ឋាករទឹក​ខេត្តបាត់ដំបង និង ធនាគារ ហ្វី​លី​ព កាលពី​ថ្ងៃទី​២១​ខែ វិច្ឆិកា​ឆ្នាំ​២០២២​ បាន​ចុះ​អនុស្សរណៈ​លើ​កិច្ចសហប្រតិបត្តិកា​លើ​សេវាកម្ម​ទូទាត់​វិក្កយបត្រ​ទឹក​តាម​ប្រព័ន្ធ​ឌីជីថល​។​

​តាមរយៈ​កិច្ចសហប្រតិបត្តិការ​នេះ​នឹងមាន​ដាក់ KHQR របស់​ធនាគារ ហ្វី​លី​ព ដែលជា QR កូដ​ដែល​អាច​ទទួល​ការទូទាត់​ពី​គ្រប់​បណ្តា​កម្មវិធី​ទូរស័ព្ទ​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា និង​មាន​នៅលើ​វិក្កយបត្រ​ថ្លៃ​ទឹក​ប្រចាំខែ ដែល​អង្គភាព​រដ្ឋាករ​ទឹក​បាត់ដំបង​ចេញ​ជូន​អតិថិជន​នាពេលខាងមុខ​ផងដែរ​។ ការផ្តល់ជូន​នេះ​នឹង​នាំមក​នូវ​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​អ្នកប្រើប្រាស់​នៅក្នុង​ខេត្តបាត់ដំបង ក្នុងការ​ទូទាត់​ការចំណាយ​លើ​ថ្លៃ​ទឹក ពោលគឺ​មាន​ភាព​រហ័ស និង​ងាយស្រួល​ជាង​មុន​។

​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​(MOU)​នេះ លោក ចាន់ ម៉ាច អគ្គនាយក​ធនាគារ ហ្វី​លី​ព បាន​មានប្រសាសន៍ថា “​ធនាគារ ហ្វី​លី​ព មាន​គោលបំណង​ក្លាយជា​អ្នកផ្តល់​សេវា​ធនាគារ​ឌីជីថល​ឈានមុខ​គេ ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ពាណិជ្ជករ ព្រមទាំង​អតិថិជន​ដែលមាន​តម្រូវការ​សេវាកម្ម​ធនាគារ​សម្រាប់​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ប្រចាំថ្ងៃ​របស់​ពួកគេ​។​”

​លោក អ៊ុត ក្លឹង ប្រធាន​អង្គភាព​រដ្ឋាករទឹក​បាត់ដំបង បាន​លើកឡើងថា “​សេវាកម្ម​ទូទាត់​តាមរយៈ​ប្រព័ន្ធ​ឌីជីថល​ថ្មី​មួយ​នេះ នឹង​ផ្ដល់​ភាពងាយស្រួល​មួយកម្រិត​ទៀត​ក្នុង​ការទូទាត់​ប្រាក់ ក៏ដូចជា​ធានាបាន​នូវ​សុវត្ថិភាព​ជូន​អតិថិជន​នៃ​អង្គភាព​រដ្ឋាករទឹក​បាត់ដំបង​ទាំងអស់ ក្នុងការ​ទទួលបាន​ប​ទ​ពិសោធន៍​កាន់តែ​រីករាយ និង​រលូន​។​”

​សម្រាប់​ចម្ងល់​ទាក់ទង​នឹង​សេវា​ទូទាត់​តាមរយៈ ធនាគារ​ចល័ត Phillip Mobile នៃ​ធនាគារ ហ្វី​លី​ពពួក​គាត់​អាចធ្វើ​ការទំនាក់ទំនង​ដោយផ្ទាល់​មកកាន់​សេវា​បម្រើ​អតិថិជន​របស់​ធនាគា​រ ហ្វី​លី​ព តាមរយៈ​លេខ​ទូរស័ព្ទ​៖០៨៦ ៩៣០ ០០០ /០៨៩ ៩៨៩ ៨១៨ (២៤/៧)៕Ph