ដោយ:សុខុម/ស្ទឹងត្រែង៖ អាជ្ញាធរខេត្តស្ទឹងត្រែងបានស្នើសុំទៅក្រសួងសាធារណការនិងដឹកជញ្ជូនដើម្បីសាងសង់រង្វង់មូលធំមួយថ្មីបន្ថែមទៀតស្ថិតត្រង់ចំណុចផ្លូវប្រសព្វរវាងផ្លូវលេខ៦៤និងផ្លូវជាតិលេខ៩នៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ដែលមានតម្លៃខ្ទង់ម៉ឺនដុល្លារ។

លោក ម៉ែន គុង អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងបាននិយាយប្រាប់ឱ្យដឹងថា ឯកឧត្តមអភិបាលខេត្តលោកកំពុងជំរុញឱ្យខាង
បច្ចេកទេសនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តចុះសិក្សាពីលទ្ធភាពទៅលើគម្រោងនៃការសាងសង់រង្វង់មូលថ្មីនេះដើម្បីដាក់ជូនទៅក្រសួង។គម្រោងសាងសង់រង្វង់មូលថ្មីនេះគឺដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍និងលើកកម្ពស់សោភ័ណភាពទីក្រុងផង។

ទាក់ទងនឹងគម្រោងអភិវឌ្ឍន៍មួយនេះ លោក សរ គឹមណាត ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្ទឹងត្រែងបានប្រាប់
ឱ្យដឹងកាលពីថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២២ថានៅក្នុងគម្រោងសាងសង់រង្វង់មូលថ្មីខាងមន្ទីរបានដាក់ជូនឆ្លងទៅក្រសួងរួចហើយគឺរង់ចាំតែខាងបច្ចេកទេសចេញជាប្លង់និងចំណាយលទ្ធភាពក្នុងការសាងសង់តែប៉ុណ្ណោះ។
លោកប្រធានមន្ទីរបានបញ្ជាក់ប្រាប់ថាដោយមើលឃើញថាគ្រោះថ្នាក់ចរាចរណ៍តែងតែកើតឡើងជាញឹកញាប់។ជាបណ្ដោះអាសន្នខាងមន្ទីរបានដាក់ផ្លាកសញ្ញាសម្គាល់ចរាចរណ៍និងគំនូសសម្គាល់ដាក់ភ្លើងបំភ្លឺចំណាំងផ្លាតដើម្បីបញ្ជាក់ជាសញ្ញាត្រូវប្រុងប្រយ័ត្នក្នុងការបើកបរ។ផ្លាកសញ្ញាបញ្ញាក់អារម្មណ៍,សញ្ញាបន្ថយល្បឿននិងផ្លូវអាទិភាព។ពីព្រោះផ្លូវខេត្តបន្ថយល្បឿនមកត្រឹម៣០គីឡូម៉ែត្រក្នុងមួយម៉ោង។
លោកប្រធានមន្ទីរបាននិយាយបន្ថែមថាទោះបីជាផ្លូវជាតិឆ្លងកាត់ផ្លូវខេត្តក៏ដោយក៏ត្រូវតែបន្ថយល្បឿននៅទីប្រជុំជន។អ្នកបើកបរមិនត្រូវបើកហួសល្បឿនកំណត់លើសពី៣០គីឡូម៉ែត្រក្នុងមួយម៉ោងទេអាចនឹងគ្រោះថ្នាក់ជាយថាហេតុ៕សរន-PC