ដោយៈប.ខុន/ភ្នំពេញៈ ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី២២ខែវិច្ឆិកាបានជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុសម្រាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៩ខែវិច្ឆិកាថា នៅថ្ងៃទី២៣
និងថ្ងៃទី២៤ខែវិច្ឆិកាប្រទេសកម្ពុជាទទួលឥទ្ធិពលពីសម្ពាធទាបសកម្ម និងនៅពីថ្ងៃទី២៤ដល់ថ្ងៃទី២៩ខែវិច្ឆិកា បណ្តាខេត្តភាគខាងជើង ទទួលនូវឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់។ ឯរាជធានីនិងខេត្ត នៅភាគខាងត្បូងបន្តទទួលឥទ្ធិពលពីជល្រងសម្ពាធទាបបង្កឱ្យមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរលាយឡំទៅដោយផ្គររន្ទះ។
នៅក្នុងសេចក្តីជូនដំណឹងបានសរសេរទៀតថា ស្ថានភាពបែបខាងលើធ្វើឲ្យតំបន់វាលទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាពី២៣ទៅ២៥អង្សាសេ សីតុណ្ហភាពអតិបរមា មានពី៣២ទៅ៣៤អង្សាសេ ។ នៅចន្លោះថ្ងៃទី២៣និង២៤ខែវិច្ឆិកា អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរលាយឡំទៅដោយផ្គររន្ទះ។នៅពីថ្ងៃទី២៥ដល់ថ្ងៃទី២៩ខែវិច្ឆិកា អាចមានភ្លៀងធ្លាក់ក្នុងកម្រិតតិចតួច។

សម្រាប់តំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមាពី២២ទៅ២៤អង្សាសេ សីតុណ្ហភាពអតិបរមា មានពី៣០ទៅ៣៣អង្សាសេ។នៅចន្លោះថ្ងៃទី២៣និង២៤ខែវិច្ឆិកា អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យមលាយឡំទៅដោយផ្គររន្ទះ។នៅពីថ្ងៃទី២៥ដល់ថ្ងៃទី២៩ខែវិច្ឆិកា អាចមានភ្លៀងធ្លាក់ក្នុងកម្រិតតិចតួច។
នៅតំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាពី២៤ទៅ២៦អង្សាសេ សីតុណ្ហភាពអតិបរមាមានពី៣១ទៅ៣៣អង្សាសេ។ នៅចន្លោះថ្ងៃទី២៣និង២៤ខែវិច្ឆិកា អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរលាយឡំទៅដោយផ្គររន្ទះ។នៅលើផ្ទៃសមុទ្រមានខ្យល់បក់បោកខ្លាំងនិងរលកសមុទ្រខ្ពស់ៗ។នៅពីថ្ងៃទី២៥ដល់ថ្ងៃទី២៩ខែវិច្ឆិកា អាចមានភ្លៀងធ្លាក់ក្នុងកម្រិតតិចតួច៕/PC