​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ ការប្រកួត​វើល​ខាប់​រាត្រី​ថ្ងៃ​អង្គារនិងជិតភ្លឺថ្ងៃពុធ​នេះ​ឈាន​ចូល​ថ្ងៃទី​បីនិងទីបួន ​នៃ​វគ្គ​ជម្រុះ​តាម​ពូ​ល ដោយ​មាន​បួន​គូ​ត្រូវ​ប៉ះ​គ្នា​ដូច​ខាងក្រោម​។​

– អា​ហ្សង់​ទីន vs អា​រ៉ាប៊ីសាអូឌីត (​ពូ​ល C)

* អា​ហ្សង់​ទីន​មិនស្គាល់​ចាញ់សោះ​ក្នុង​ការប្រកួត​ចំនួន ៣៥ លើក​គិត​តាំងពី​ឆ្នាំ ២០១៩​។​
* អា​ហ្សង់​ទីនមាន Clean Sheet ៦​ដង​ក្នុង ៧ ប្រកួត​ចុងក្រោយ​។​
* អា​រ៉ាប៊ីសាអូឌីត​ខកខាន​ស៊ុត​បញ្ចូល​ទីក្នុង​ការប្រកួ​តទាំង​៣​របស់​ពួកគេ​ជាមួយនឹង​ក្រុម​អាម៉េរិក​ខាងត្បូង​ក្នុង​ឆ្នាំ ២០២២​។​

​អា​ហ្សង់​ទីន​គឺជា​ក្រុម​មួយ​ក្នុងចំណោម​ក្រុម​ដែល​រំពឹង​ឆ្លង​ផុត​ពូ​ល​មុនគេ​នៅក្នុង​ប្រទេស​កាតា ហើយ​ក្រុម​ជើង​ខ្លាំង​អាម៉េរិក​ខាងត្បូង​នេះ​រំពឹង​ទទួលបាន​៣​ពិន្ទុ​ពេញ​ពេល​បើកឆាក​ប៉ះ​អា​រ៉ាប៊ីសាអូឌីត​ក្នុងពូល C ។​

​អា​រ៉ាប៊ីសាអូឌីត​រក​បាន​ជ័យជម្នះ​មួយ​ប្រកួត​នៅវើ​លខាប់​ចុង​ក្រោយ​នៅ​ប្រទេស​រុស្ស៊ី ខណៈ​ពួកគេ​បានឈ្នះ​អេ​ហ្ស៊ី​ប ២-១ ប៉ុន្តែ​វា​មិន​គ្រប់គ្រាន់​ទេ ខណៈ​ពួកគេ​ត្រូវបាន​ជម្រុះ​ចេញពី​ពូ​ល​។​

​អា​ហ្សង់​ទី​ន​បាន​ធ្លាក់​នៅ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​នៅ​រុស្ស៊ី​ក្នុង​ឆ្នាំ ២០១៨ ក្រោម​ថ្វីដៃ​បារាំង ប៉ុន្តែ​ការពិត​ដែល​ថា​ព្រឹត្តិការណ៍​នេះ​កំពុង​កើត​ឡើង​នៅ​ក្រៅ​ទ្វីបអឺរ៉ុប គេ​ហ៊ាន​និយាយថា វា​ជា​ឱកាស​ចុងក្រោយ​របស់ Lionel Messi ក្នុងការ​ឈ្នះ​ពានរង្វាន់​កំពូល​ក្នុង​បាល់ទាត់​អន្តរជាតិ នៅ​ឆ្នាំ​ចុងក្រោយ​របស់​គេ​នៅ​វើល​ខា​ប់​។​

​បី​ពិន្ទុ និង Clean Sheet សម្រាប់​អា​ហ្សង់​ទីន​ពិតជា​មាន​នៅ​លើ​សន្លឹក​បៀ​រ​។ អា​ហ្សង់​ទីន​ធ្វើដំណើរ​ទៅកាន់​ប្រទេសកាតា​ក្នុង​ទម្រង់​លេង​ដ៏​ល្អឥតខ្ចោះ ខណៈ​ពួកគេ​លេង​មិន​ដែល​ចាញ់ ៣៥ ប្រកួត​ចុងក្រោយ​គិត​ចាប់តាំងពី​ឆ្នាំ ២០១៩​។​

​អា​ហ្សង់​ទីន​បានឈ្នះ​ការប្រកួត​ចំនួន ៤ លើក​ចុងក្រោយ​របស់​ពួកគេ​ដោយ​មិន​របូត​គ្រាប់​បាល់​សោះ ហើយ​គិត​ត្រឹម​៧​ប្រកួត​ចុងក្រោយ របូត​តែ ១ គ្រាប់​ប៉ុណ្ណោះ​។ អា​រ៉ាប៊ីសាអូឌីត​បាន​ប្រឈម​មុខ​នឹង​គូប្រជែង​ខ្សោយៗ​នៅ​អាម៉េរិក​ខាងត្បូង​បី​ដង​ក្នុង​ឆ្នាំ ២០២២ ហើយ​ខកខាន​ស៊ុត​បញ្ចូល​ទី​ក្នុង​ការប្រកួត​ទាំងអស់នោះ ដូច្នេះ​ការ​ឈ្នះ​ទល់​សូន្យ​សម្រាប់​អា​ហ្សង់​ទីន​មើល​ទៅ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​។​

​លទ្ធផល​ទស្សនទាយ ៖ អា​ហ្សង់​ទីន​ឈ្នះ ៤-០​។​

– ដា​ណឺ​ម៉ាក vs ទុយ​នី​ស៊ី (​ពូ​ល D)

* ដា​ណឺ​ម៉ាក​បាន​ស៊ុត​បញ្ចូលទី​យ៉ាងហោចណាស់​២​គ្រាប់​ក្នុង ៦ ប្រកួត​នៃ ៨ ប្រកួត​ចុងក្រោយ​របស់​ពួកគេ​។​
* ទុយ​នី​ស៊ី​បាន​ចាញ់ ៩ លើក​ក្នុងចំណោម​ការប្រកួត​វើល​ខា​ប់ ១៥ ប្រកួត​របស់​ពួកគេ​។​
* ដា​ណឺ​ម៉ាកបាន​ស៊ុតបាល់​បញ្ចូលទី​២​គ្រាប់​ក្នុង ៤ លើក​នៃ ៦ ប្រកួត​ចុងក្រោយ​របស់​ពួកគេ ដោយ​ឈ្នះ ២-០ ពីរដង​។​

​ដា​ណឺ​ម៉ាក​បាន​ឆក់យក​បេះដូង​របស់​អ្នកគាំទ្រ​បាល់ទាត់​ទាំងអស់​ក្នុង Euro 2020 ខណៈ​ពួកគេ​បាន​ជម្នះ​លើ​ស្ថានភាព​ដ៏​អាក្រក់​មួយ​ដើម្បី​ឈាន​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ហើយ​ឥឡូវនេះ​ជាមួយនឹង Christian Eriksen ត្រឡប់​មក​វិញ​ជាមួយ​កាយសម្បទា​រឹងមាំ​ពេញលេញ ពួកគេ​នឹង​ព្យាយាម​ស្វែងរក​ទម្រង់​លេង​ស្រដៀង​គ្នា​នេះ​នៅក្នុងវើល​ខាប់​។​

​កូនក្រុម​របស់លោក Kasper Hjulmand បាន​ពង្រឹង​យ៉ាងរឹងមាំ​នៅមុន​វើល​ខាប់ ដោយ​បាន​ផ្តួល​គូប្រជែង​ក្នុង​ពូ​ល D និង​ជា​ម្ចាស់​ជើងឯក​ពិភពលោក​បារាំង​ពីរ​ដង​ក្នុង Nations League និង​ឈ្នះ​៥​ដង​ក្នុង​ចំណោម​ការប្រកួត​សរុប ៧ លើក​ចុងក្រោយ​របស់​ពួកគេ​។ ពួកគេ​បាន​ស៊ុត​បញ្ចូល​ទី​បាន ១២ គ្រាប់​ក្នុង​អំឡុង​ពេល​នេះ ហើយ​បាន​ប៉ះ​សុទ្ធតែ​ក្រុម​ខ្លាំងៗ ដោយ​ចាញ់​តែក្រូ​អាស៊ី​មួយ​ប៉ុណ្ណោះ​។​

​ទុយ​នេ​ស៊ី​មិនមាន​ទម្រង់​លេង​អាក្រក់​អី​នោះ​ទេ ប៉ុន្តែ​ពួកគេ​បាន​ប៉ះ​ជាមួយ​គូប្រជែង​ភាគច្រើន​ដែល​មាន​គុណភាព​ទាប​ជាង​ក្រុម​ដែល​ដា​ណឺ​ម៉ាក​បាន​ប៉ះ ហើយ​ការប្រកួត​តែមួយគត់​របស់​ពួកគេ​ជាមួយនឹង​ក្រុម​កំពូល​គឺ​ប្រេ​ស៊ីល បាន​បញ្ចប់​ក្នុង​លទ្ធផល​ចាញ់ ៥-១ កាលពី​ខែ​កញ្ញា​។​

​ទុយ​នី​ស៊ី​មិន​មាន​កំណត់ត្រា​ល្អ​នៅក្នុងវើល​ខាប់​នោះទេ ហើយ​មិន​ដែល​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល​ក្នុងការ​បង្ហាញខ្លួន ៥ លើ​ក​របស់​ពួកគេ ដោយ​ឈ្នះ​ត្រឹមតែ​២​ប្រកួត​ក្នុងចំណោម ១៥ ប្រកួត​របស់​ពួកគេ​។ ថ្មីៗ​បំផុត​នៅក្នុង​ឆ្នាំ ២០១៨ ពួកគេ​បាន​ឈ្នះ​ប៉ា​ណា​ម៉ា ដែល​ទើប​ឡើងវើ​លខាប់​លើកដំបូង ហើយ​នោះ​គឺជា​ជ័យជម្នះ​លើកដំបូង​របស់​ពួកគេ​ក្នុងវើ​លខាប់ ចាប់តាំងពី​ការ​បង្ហាញខ្លួន​លើកដំបូង​របស់​ពួកគេ​ក្នុងវើ​លខាប់​ឆ្នាំ ១៩៧៨​។​

​ដា​ណឺម៉ា​ក​ដែល​សម្បូរ​កីឡាករ​ក្មេងៗ​មិន​គួរ​មាន​បញ្ហា​អ្វី​ទេ​ក្នុង​ការបំបាក់​ទុយ​នី​ស៊ី​នៅ​ថ្ងៃ​អង្គារ​នេះ​។ ពួកគេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាងហោច​ណាស់​ពីរ​គ្រាប់​ក្នុង ៦ ប្រកួត​នៃ ៨ ប្រកួត​ចុងក្រោយ​របស់​ពួកគេ ហើយ​ទុយ​នេ​ស៊ីបាន​របូត​២​គ្រាប់​ឡើងទៅ​ក្នុង ៥ ប្រកួត​វើល​ខាប់ ៧ លើក​ចុងក្រោយ​របស់​ពួកគេ ដូច្នេះ​ដា​ណឺ​ម៉ាក​ឈ្នះ ២-០ ថ្ងៃនេះ​ជា​លទ្ធភាព​អាច​កើតឡើង​ខ្ពស់បំផុត​។​

– ម៉ិក​ស៊ិក vs ប៉ូឡូញ (​ពូ​ល C)

* ប៉ូឡូញ​មាន Clean Sheet តែ​មួយ​លើក​គត់​ក្នុង​៦​ប្រកួត​ចុងក្រោយ​របស់​ពួកគេ​។​
* ម៉ិក​ស៊ិក​បាន​ស៊ុតបាល់​បញ្ចូលទី ៥ លើក​ក្នុង​ការប្រកួត ៦ លើក​ចុងក្រោយ​របស់​ពួកគេ ប៉ុន្តែ​ជួប​ការលំបាក​នៅ​តំបន់​ការពារ ពេល​ប៉ះ​ក្រុម​គុណភាព​។​
* Robert Lewandowski បាន​ស៊ុត​បញ្ចូល​ទី​បាន ១៣ គ្រាប់​សម្រាប់​ប៉ូឡូញ​ចាប់តាំងពី​ដើមឆ្នាំ ២០២១​។​

​ម៉ិក​ស៊ិក​បាន​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល​ក្នុ​ងវើល​ខា​ប់​៨​លើក​ចុងក្រោយ​របស់​ពួកគេ ប៉ុន្តែ​ពួកគេ​អាច​ចាប់ផ្តើម​ដ៏​អាក្រក់ នៅពេលដែល​ពួកគេ​ជួប​ជាមួយ​ប៉ូឡូញ​ក្នុង​ការប្រកួត​បើកឆាក​របស់​ពួកគេ​។​

​មិន​មាន​កង្វះ​បទពិសោធន៍​នៅក្នុង​ក្រុមម៉ិក​ស៊ិក​នោះទេ ខណៈ​កីឡាករ Guillermo Ochoa, Hector Moreno, Andres Guardado និង Hector Herrera មាន​បទពិសោធ​ប្រកួត​ជម្រើស​ជាតិ ៥០០ ដង​រវាង​ពួកគេ ប៉ុន្តែ​មិន​មាន​ការបដិសេធ​ទេ​ថា ភាគច្រើន​នៃ​ជម្រើស​ដំបូង​របស់​ពួកគេ​គឺ​ស្ថិត​នៅ​វ័យ​ចាប់ផ្តើម​នៃ​អាជីព​របស់​ពួកគេ ហើយ​វា​អាច​ជា​ឧបសគ្គ​នៅវើ​លខាប់​ឆ្នាំនេះ​។​

​ទម្រង់​លេង​របស់​ពួកគេ​មុន​ឈាន​មក​ដល់​វើល​ខាប់​គឺ​មាន​លក្ខណៈ​ចម្រុះ ពោលគឺ​ឈ្នះ​លើ​អ៊ីរ៉ាក់ ប៉េ​រូ និង​ស៊ូ​រី​ណា​ម ហើយ​ចាញ់​គីឡូ​ធ្ងន់​ជាង​ខ្លួន​ដូចជា កូឡុំប៊ី ប៉ា​រ៉ា​ហ្គាយ និង​អ៊ុយ​រូ​ហ្គាយ ក្នុង​ប្រាំ​មួយខែ​ចុងក្រោយ​នេះ​។​

Lewandowski គឺជា​កូនសោ​ដ៏​សំខាន់​សម្រាប់​ប៉ូឡូញ​។ ទម្រង់​លេង​របស់​ប៉ូឡូញ​មិនសូវ​ជា​លេចធ្លោ​ស្អី​នោះទេ ប៉ុន្តែ​ពួកគេ​បាន​ទទួល​ជ័យជម្នះ​ក្នុង​ការប្រកួត​ចុងក្រោយ​របស់​ពួកគេ​ទល់​នឹង​វែល ហើយ​ជាទូទៅ​គូ​ប្រជែង​របស់​ពួកគេ​មាន​គុណភាព​ខ្ពស់​ជាង​ម៉ិក​ស៊ិក​។​

​មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ​ពួកគេ​ក៏​មាន Robert Lewandowski ដ៏​មុត​ស្រួច​នៅ​តំបន់​ប្រយុទ្ធ​ដែរ​។ ប្រធាន​ក្រុម​ជម្រើសជាតិ​ប៉ូឡូញ​រូបនេះ​បាន​សម្រាក​បន្ថែម​បន្តិច​មុន​ការប្រកួត​វើល​ខាប់ បន្ទាប់ពី​ទទួល​កាត​ក្រហម​ពេល​លេង​ឱ្យ Barcelona និង​ស៊ុត​បញ្ចូល​ទី​បាន ៧៦ គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន ១៣៤ លើក​សម្រាប់​ក្រុម​ជម្រើសជាតិ​របស់គេ ដែល​ក្នុងនោះ ១៣ គ្រាប់​បាន​កើតឡើង​ចាប់តាំងពី​ដើមឆ្នាំ ២០២១​។ កីឡាក​រវ័យ ៣៤ ឆ្នាំ​រូប​នេះ​បាន​ស្ថិតក្នុង​ទម្រង់​លេង​ដ៏​លេចធ្លោ​នៅ​រដូវ​កាល​នេះ ហើយ​រូបគេ​ប្រហែលជា​មាន​លទ្ធភាព​ខ្ពស់​ក្នុងការ​ស៊ុត​បញ្ចូល​ទី​ម៉ិក​ស៊ិក​។​

​ទោះយ៉ាងណា ប៉ូឡូញ​នឹងមិន​រំពឹង​ឈ្នះ​ងាយៗ​នោះឡើយ​។ ពួកគេ​បាន​រក្សា Clean Sheet តែមួយ​គត់​ក្នុង​ការប្រកួត​៥​លើក​ចុងក្រោយ​របស់​ពួកគេ ហើយ​បាន​របូត​៦​គ្រាប់​នៅ​ទឹកដី​បែលហ្ស៊ិក​នៅ​ដើមឆ្នាំ​នេះ​។ ម៉ិក​ស៊ិក​បាន​ស៊ុតបាល់​បញ្ចូលទី ៥ ដង​ក្នុង​ចំណោម​ការប្រកួត ៦ លើក​ចុងក្រោយ​របស់​ពួកគេ ហើយ​ខណៈ​ពួកគេ​មាន Clean Sheet មួយចំនួន ពួកគេ​តែង​ជួប​ការលំបាក​នៅ​តំបន់​ការពារ នៅ​ពេល​ប៉ះ​ជាមួយ​ក្រុម​ដែល​មាន​គុណភាព​ល្អ​ជាង​។​

​លទ្ធផល​ព្យាករណ៍ ៖ ប៉ូឡូញ​ឈ្នះ ២-១​។​

– បារាំង vs អូស្ត្រាលី (​ពូ​ល D)

* ការ​ឈ្នះ​៥​លើក​ចុងក្រោយ​របស់​បារាំង​តែងតែ​អម​ជាមួយ Clean Sheet (​ឈ្នះ​ទល់​សូន្យ​)​។​
* អូស្ត្រាលី​បាន​ចាញ់​៥​ប្រកួត​ក្នុងចំណោម​ការប្រកួត​វើល​ខា​ប់​៦​លើក​ចុងក្រោយ​របស់​ពួកគេ​។​
* Kylian Mbappe រកបាន ១៩ គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន ២០ លើក​សម្រាប់ PSG នៅ​រដូវ​កាល​នេះ​។​

​បារាំង​បាន​ចាប់ផ្តើម​យុទ្ធនា​ការវើល​ខាប់ដ៏​ជោគជ័យ​របស់​ពួកគេ​ជាមួយនឹង​ជ័យជម្នះ​លើ​ក្រុម​អូស្ត្រាលី​កាលពី ៤ ឆ្នាំមុន ហើយ​ពួកគេ​មិន​គួរ​មាន​បញ្ហា​ក្នុង​ការទទួលបាន ៣ ពិន្ទុ​មួយ​ផ្សេង​ទៀត​ពី​ក្រុម​កង់​ហ្គូ​រូ​នៅ​ថ្ងៃ​អង្គារ​នេះ​នោះ​ឡើយ បើទោះបីជា​មាន​បញ្ហា​របួស​ជាច្រើន​ក៏​ដោយ​។​

​ក្រុម​មាន់គក​បារាំង​ពិតជា​មិន​មាន​កីឡាករ​ល្អ​បំផុត​ដើម្បី​ការពារ​តំណែង​ជើងឯក​របស់​ពួកគេ​នោះឡើយ ដោយ​ឈ្នះ​តែ​ម្តង​គត់​ក្នុង​ចំណោម​ការប្រកួត​៥​លើក​ចុងក្រោយ​របស់​ពួកគេ និង​ចាញ់​ពីរដង​ក្រោម​ថ្វីដៃ​ដា​ណឺ​ម៉ាក​។ រឹត​បន្ថែម​បញ្ហា​ដល់​ក្រុម​ទាំងមូល​គឺថា កីឡាករ​ល្បីៗ​មួយចំនួន​ត្រូវបាន​ដកចេញ​ពី​ការប្រកួត ឬ​មាន​មន្ទិលសង្ស័យ ដោយ​កីឡាករ Christopher Nkunku ថ្មីៗ​នេះ​បាន​ចូលរួម​ជាមួយ Paul Pogba និង N’Golo Kante នៅក្រៅ​ទីលាន ខណៈ​កីឡាករ Raphael Varane ទំនងជា​មិន​ជា​សះស្បើយ​ទាន់​ពេល​ប្រកួត​បើកឆាក​របស់​ពួកគេ​ទេ​។​

​ទោះបីជា​បែប​នេះ​ក៏ដោយ ក៏​លោក Didier Deschamps នៅតែ​មាន​ក្រុម​ដែល​មាន​ទេពកោសល្យ​បំផុត​នៅក្នុង​បាល់ទាត់​ពិភពលោក ហើយ Kylian Mbappe គឺ​នៅ​ជួរ​មុខ​នៃ​ជម្រើស​កីឡាករ​ដ៏​សម្បូរ​បែប​របស់​ពួកគេ​។ កីឡាក​រវ័យ ២៣ ឆ្នាំ​រូប​នេះ​គឺ​ជា​តារា​រះ​នៅក្នុងវើល​ខាប់​ប្រទេស​រុស្ស៊ី​កាលពី​៤​ឆ្នាំមុន ហើយ​បាន​ស៊ុត​បញ្ចូល​ទី ១២ គ្រាប់​សម្រាប់​បារាំង​ចាប់តាំងពី​ដើមឆ្នាំ ២០២១​។ រូបគេ​ស៊ុត ១៩ គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន ២០ លើក​នៅ​គ្រប់​ការប្រកួត​ទាំង​អស់​សម្រាប់ PSG នៅ​រដូវ​កាល​នេះ ហើយ​បន្ទាប់​ពី​ស៊ុត​បញ្ចូល​ទី​បាន​២​គ្រាប់​ក្នុង​៣​គ្រាប់​ចុងក្រោយ​របស់​បារាំង រូប​គេ​ច្បាស់​ជា​អាច​ស៊ុត​បញ្ចូល​ទី​ម្តងទៀត​នៅ​កីឡដ្ឋាន Al Wakrah​។​

​សម្រាប់​អូស្ត្រាលី នេះ​ត្រូវ​គេ​រំពឹងថា​នឹង​ក្លាយ​ជា​ការចាប់ផ្តើម​ដ៏​លំបាក​នៅក្នុង​ប្រទេស​កាតា​។ ពួកគេ​មិន​អាច​ឆ្លង​ផុត​វគ្គ​ចែក​ពូ​លវើ​លខាប់ ចាប់តាំងពី​ឆ្នាំ ២០០៦ ហើយ​បាន​ឈ្នះ​តែ​ម្តង​គត់​ក្នុង​ចំណោម​ការប្រកួត​៩​លើ​ក​របស់​ពួកគេ​ចាប់តាំងពី​ពេលនោះ​មក​។​

​ពួកគេ​ដណ្តើម​បាន​ត្រឹមតែ​១​ពិន្ទុ​ប៉ុណ្ណោះ​ពី​យុទ្ធនាកា​រវើល​ខាប់​ពីរ​លើក​ចុងក្រោយ​របស់​ពួកគេ ហើយ​មាន​កង្វះខាត​គុណភាព​ពេញ​ទីលាន​តែម្តង ដោយ​មាន​តែ​ខ្សែប្រយុទ្ធ​របស់​ក្លិប Melbourne City គឺ​កីឡាករ Matthew Leckie ម្នាក់​ប៉ុណ្ណោះ​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​ក្នុង​ក្រុម ដោយ​ស៊ុត​បញ្ចូល​ទី​បាន ១៣ គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន ៧៣ លើក​។​

​បារាំង​ប្រហែលជា​មិន​មាន​ទម្រង់​លេង​ល្អ​បំផុត​នោះ​ទេ ប៉ុន្តែ​ការទទួល​ជ័យជម្នះ ៤ លើក​ក្នុងចំណោម ៥ លើក​ចុងក្រោយ​របស់​ពួកគេ​ត្រូវ​បាន​អម​ដោយ Clean Sheet ហើយ​អូស្ត្រាលី​បាន​ចាញ់​ទល់​សូន្យ​ជាមួយ​ជប៉ុន​និង​អា​រ៉ាប៊ីសាអូឌីតនៅ​ឆ្នាំនេះ ដូច្នេះ​បារាំង​ឈ្នះ ២-០ ជា​ជម្រើស​ល្អ​បំផុត​៕

​អា​ហ្សង់​ទីន​រំពឹងបំ​បាក់​អារ៉ាប៊ីសាអូឌីត​យ៉ាងងា​យ